ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​អូបាម៉ា​គាំទ្រ​លោកស្រី​ ​Hillary Clinton ​សម្រាប់​តំណែង​ប្រធានាធិបតី


លោក​ស្រី Hillary Clinton (ឆ្វេង) និង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​ Charlotte រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា។
លោក​ស្រី Hillary Clinton (ឆ្វេង) និង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​ Charlotte រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា។

ការ​គាំទ្រ​របស់​លោក​លើ​លោកស្រី ​Clinton ​គឺ​ស្របពេល​ដែល​លោក​​ព្យាយាម​ធ្វើ​យ៉ាង​ណា​ធានា​ថា​ គោល​នយោបាយ​របស់​លោក​នៅ​តែ​បន្ត​ទៅ​មុខ​ បន្ទាប់​ពី​អាណត្តិ​របស់​លោក​បាន​បញ្ចប់​ទៅ។​

លោក ​អូបាម៉ា ​បាន​បញ្ជាក់​យ៉ាង​មុតមាំ​អំពី​មូលហេតុ​ដែល​លោក​ជឿ​ថា​ ពលរដ្ឋ​អាមេរិកាំង​គួរ​បោះ​ឆ្នោត​ឲ្យ​លោកស្រី ​Clinton ​ដែល​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ដូច​រូប​លោក​ដែរ​នោះ​ ធ្វើ​ជា​ប្រធានាធិបតី​ទី៤៥​របស់​សហ​រដ្ឋ​អាមេរិក។​

នៅ​ឯ​ការ​ជួប​ជុំ​សាធារណៈ​មួយ​ក្នុង​ក្រុង ​Charlotte ​ រដ្ឋ ​North Carolina ​កាល​ពី​ថ្ងៃ​អង្គារ លោក ​Obama ​បាន​ប្រាប់​អ្នក​ចូល​រួម​ជា​ច្រើន​នាក់​ថា៖​ «ខ្ញុំ​រំភើប​ខ្លាំង​ណាស់! ​លោកស្រី ​Hillary ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ​ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ធ្វើ​ការងារ​មួយ​ចំនួន!‍»។​

លោក ​Obama ​បាន​មាន​ប្រសាសន៍​ថា ​លោក​«ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​ផ្ទេរ​តួនាទី»​បន្ត​ឲ្យ​លោកស្រី ​Clinton។​

លោក ​អូបាម៉ា ​ចាត់​ទុក​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ថា ​ជា​មេដឹកនាំ​ដែល​ឈ្លាស​វៃ​មាន​ សមត្ថភាព​ខ្ពស់ ​ឧស្សាហ៍​ព្យាយាម ​រឹងមាំ ​និង​មុះមុត ​ដែល​អាច​ការពារ​ប្រទេស​ជាតិ ​ជួយ​ជ្រោមជ្រែង​គ្រួសារ​អ្នក​ធ្វើ​ការ ​និង​គាំទ្រ​នូវ​តម្លៃ ​និង​ប្រយោជន៍​ពលរដ្ឋ​អាមេរិកាំង។​

លោក ​អូបាម៉ា ​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ដែល​ពោរពេញ​ដោយ​ភាព​ហ៊ោរ​កញ្ជ្រៀវ​កង​រំពង​ថា៖​ «លោកស្រី ​Clinton​ ដឹង​ពី​វិធី​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គោល​ការណ៍​ត្រឹមត្រូវ​ដែល​យើង​មាន​ជំនឿ​លើ ​និង​ដឹង​ពី​វិធី​ដែល​អាច​ធានា​យ៉ាង​ណា​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ។ ​នេះ​ជា​ភាព​ខ្លាំង​ក្លា។ ​នេះ​ជា​ភាព​ជា​មេ​ដឹកនាំ។ ​ហេតុ​ដូច្នេះ​ហើយ ​លោកស្រី ​Hillary Clinton​ ត្រូវតែ​ធ្វើ​ជា​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​នា​អាណត្តិ​ក្រោយ​នេះ‍!»​

រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​មហា​សេដ្ឋី​អចលន​ទ្រព្យ​គឺលោក ​Donald Trump ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​គូ​ប្រជែង​របស់​លោកស្រី ​Clinton​ បាន​រិះ​គន់​លោកស្រី​ដោយ​មិន​បង្អែរ​បង្អង់​យូរ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អ៊ីម៉ែល​របស់​លោកស្រី ​ពេល​ដែល​លោកស្រី​ធ្វើ​ជា​មន្ត្រី​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។ ​បន្ទាប់ពី​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​មួយ​ខែ​មក ​លោក​ James Comey​ ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​ ​FBI ​បាន​សន្និដ្ឋាន​ថា​ មិន​មាន​បទ​ឧក្រិដ្ឋ​ណា​មួយ​ដែល​ត្រូវ​ចោទ​ប្រកាន់​លើ​លោកស្រី Clinton ​ទេ។ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ លោកស្រី​មាន​ការ​«ធ្វេស​ប្រហែល​ច្រើន‍​មែន​ទែន»​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន​សម្ងាត់។​

លោក ​Trump ​អតីត​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍ ​Reality Show ​ដែល​ស្វះស្វែង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ជា​លើក​ដំបូង​បង្អស់​ក្នុង​ជីវិត​របស់​លោក ​បាន​ប្រាប់​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ជួបជុំ​ជា​សាធារណៈ​ក្នុង​ក្រុង ​Raleigh ​រដ្ឋ North Carolina ​ថា៖​

«លោកស្រី ​Clinton ​មិន​អាច​រក្សា​អ៊ីម៉ែល​លោកស្រី​ឲ្យ​មាន​សុវត្ថិភាព ​ដូច្នេះ​លោក​ស្រី​ក៏​មិន​អាច​រក្សា​ប្រទេស​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព​បាន​ដែរ‍។ ​ការ​វិនិច្ឆ័យ​របស់​លោកស្រី​គឺ​អន់​ណាស់ ​ដូច្នេះ​លោកស្រី​ក៏​មិន​អាច​រក្សា​ប្រទេស​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព​បាន​ដែរ។​ លោកស្រី​នឹង​ជា​ប្រធានាធិបតី​ដ៏​អន់​បំផុត‍»។​

លោក ​Trump បា​ន​ពណ៌នា​ការ​ថ្លែង​របស់​លោក ​អូបាម៉ា ​អំពីលោកស្រី ​Clinton ​ថា​វា​គ្រាន់តែ​ជា​«សកម្មភាព​រំភើប​មួយ‍»​ តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​ប្រធានាធិបតី​នៅ​តែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ​ ហើយ​ការ​គាំទ្រ​របស់​លោក​ចំពោះ​លោកស្រី ​Clinton ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ការ​ជ្រោមជ្រែង​ខ្លាំងក្លា​បន្ថែម​ទៀត​ដល់​បេក្ខជន​ប្រធានាធិបតីមក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​រូប​នេះ។​

ការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​លោកស្រី ​Clinton ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីម៉ែល​ឯកជន​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​អ៊ីម៉ែល​របស់​រដ្ឋាភិបាល​ដែល​មាន​សុវត្ថិភាព​ជាង​នោះ​ ​បាន​ប៉ះពាល់ដល់​យុទ្ធនាការ​របស់​លោកស្រី ​ដោយ​មាន​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ស្មោះត្រង់​របស់​លោកស្រី។​ ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ថា​ អ្នក​បោះ​ឆ្នោត​បង្ហាញទស្សនៈ​មិន​ចូលចិត្តចំពោះ​លោក Trump ក៏​ដូច​ជា​ចំពោះ​លោកស្រី ​Clinton។​

លោកស្រី ​Clinton ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ជួបជុំ​ក្នុង​រដ្ឋ ​North Carolina ​ជាមួយ​លោក​ Obama ​តាម​យន្តហោះ ​Air Force One ​ដែល​ជា​យន្តហោះ​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ​ជា​យន្តហោះ​របស់​ប្រធានាធិបតី។ ​យន្តហោះ ​Air Force One ​នេះ​ក៏​បាន​បង្ហាញ​ពី​អំណាច​នៃ​តំណែង​ជា​ប្រធានាធិបតី​ផង​ដែរ។​

លោក ​អូបាម៉ា ​និង​លោកស្រី ​Clinton ​បាន​ថ្លែង​សុន្ទរកថា​ដែល​និយាយ​អំពី​គោល​នយោបាយ ​និង​ទស្សន​វិស័យ​របស់​ពួក​គេ​ទាំង​ពីរ​សម្រាប់​ពេល​អនាគត។​

លោកស្រី ​Clinton ​បាន​រំឭកអំពី​ហេតុផល​ដែល​លោកស្រី ​និង​លោក ​អូបាម៉ា «បាន​ក្លាយ​ជា​ដៃគូ ​និង​មិត្តភ័ក្រ្ត ​បន្ទាប់ពី​លោក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ» ​នៅ​ក្នុង​យុទ្ធនាការ​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០០៨នោះ។

លោកស្រី Clinton បាន​លើក​ឡើង​ថា៖​ «លោក ​អូបាម៉ា​ ក៏​ដឹង​ដែរ​ថា ទោះបីជា​មាន​ដំណើរការ​វិវឌ្ឍ​ដែល​ពួក​យើង​បាន​ធ្វើ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ក៏​ដោយ ​ ក៏​យើង​នៅតែ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ‍»។​

លោកស្រី​សន្យា​ជំរុញ​ឲ្យ​មាន​កំណើន​ការងារ ​ឲ្យ​មាន​ការ​សិក្សា​ឥត​បង់​ថ្លៃ​នៅ​តាម​សាកល​វិទ្យាល័យ​សហគមន៍ ​និង​រក្សា​ការងារ​មិន​ឲ្យ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ​និង​បុគ្គល​ដែលមាន​ទ្រព្យធន​ទាំង​ឡាយ​ បង់​ពន្ធ​«ឲ្យ​បាន​ត្រឹមត្រូវ‍» ​ហើយ​លោកស្រី​និយាយ​ថា​ គោល​នយោបាយ​នេះ​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​អាមេរិកាំង ​ដូចជា​កម្ម​វិធី​គាំពារ​សុខភាព​កុមារ​ដោយ​តម្លៃ​សមរម្យ ​និង​ការ​មិន​កាត់​ប្រាក់​ខែ​ ពេល​ឈប់​សម្រាកពី​ការងារ ​ដោយសារ​បញ្ហា​គ្រួសារ​ជាដើម។​

លោកស្រី ​Clinton ​បន្ថែម​ថា៖​ «ជា​ចម្បង ​យើង​នឹង​ផ្អែក​លើ​ទស្សន​វិស័យ​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​លោក​ប្រធានាធិបតី ​Obama ​តែងតែ​គាំទ្រ​ ហើយ​ដែល​ជា​ទស្សនវិស័យ​សម្រាប់​អនាគត​មួយ​ដែល​យើង​ធ្វើ​រឿង​ល្អៗ​ទាំងអស់​គ្នា‍»។​

លោក​ Norman Ornstein ​អ្នក​ជំនាញ​នយោបាយ​មក​ពី​វិទ្យាស្ថាន ​American Enterprise ​បាន​និយាយ​ថា៖​ «លោក ​អូបាម៉ា នៅតែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​កត្តា​នេះ​នឹង​ជា​ជំនួយ​មួយ​សម្រាប់​លោកស្រី ​Clinton‍»។​

ប៉ុន្តែ ​អ្នក​ជំនាញ​ខាង​លើ​នេះ​បាន​ស្នើ​ថា ​កម្រិតនៃ​ការ​ប្តូរ​ផ្តាច់​របស់​លោក ​អូបាម៉ា ក៏​ជា​សញ្ញា​បញ្ជាក់​ថា ​លោក​មាន​បំណង​អ្វី​មួយ។​

លោក ​Ornstein ​បន្ថែម​ថា៖​ «ដំបូង​បង្អស់ ​យើង​ឃើញ​ថា ​លោក ​អូបាម៉ា ​មាន​ការ​យក​ចិត្តទុក​ដាក់​ណាស់​ក្នុង​ការ​ថែ​រក្សា​កេរ​ដំណែលរបស់​លោក​ ហើយ​លោក​ដឹង​យ៉ាង​ច្បាស់​ថា ​ប្រធានាធិបតី​អាណត្តិ​បន្ទាប់​នេះ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​បន្ត​នូវ​កេរដំណែលរបស់​លោក​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ឃើញ​ថា ​លោក​មាន​អារម្មណ៍​កក់ក្តៅ​ចំពោះ​លោកស្រី​ Hillary Clinton ​ដែល​ធ្វើ​ឲ្យ​លោក​មិន​ទៅ​ណា​ឆ្ងាយ​ពី​លោកស្រី​ទេ‍»។​

លោកស្រី ​Clinton ​និយាយ​ថា ​លោក ​អូបាម៉ា ​ «ដឹង​រឿង​ដែល​អាច​ធ្វើ​ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​បាន‍» ​ហើយ​យុទ្ធនាការ​របស់​លោកស្រី​បាន​ទាក់ទាញ​ក្រុម​រៃ​អង្គាស​ប្រាក់ ​និង​ក្រុម​បណ្តាញ​សង្គម ​ដែល​បានជួយ​ជំរុញ​ឲ្យ​លោក ​អូបាម៉ា ​ ក្លាយ​ជា​ប្រធានាធិបតី​នៅ​សេតវិមាន​កាលពីឆ្នាំ២០០៨​ នោះ។​

លោក ​Ornstein ​បាន​លើក​ឡើង​ទៀត​ថា៖​ «ឥឡូវ​នេះ ​មនុស្ស​ជា​ច្រើន ​ដែល​បាន​ធ្វើ​ក្នុង​យុទ្ធនាការ​របស់​លោក ​អូបាម៉ា​ រួម​ទាំង​អ្នក​ដែល​ធ្លាប់​ប្រឆាំង​នឹង​លោកស្រី ​Clinton ​ផង​នោះ​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ជួយ​លោកស្រី ​Clinton ​ហើយ​លោកស្រី​ពិត​ជា​មាន​ការ​រីករាយ​ខ្លាំង​ណាស់​ដែល​មាន​ពួកគេ​ជ្រោមជ្រែង​យ៉ាង​ដូច្នេះ‍»។​

លោកស្រី ​Clinton ​ត្រូវតែ​តម្រែ​តម្រង់​គោលដៅ​ឲ្យ​បាន​ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ។​

លោកស្រី​ធ្លាប់​បាន​និយាយ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ភាពដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ដែល​ហៅ​កាត់​ថា ​TPP។ ​លោក​ អូបាម៉ា​ បាន​សម្រេច​ចាត់​ទុក​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្រង់ទ្រាយ​ធំ​នេះ​ជា​អាទិភាព​ចម្បង​មួយ។​

ប៉ុន្តែ​គេ​ឃើញ​មាន​ការ​ប្រឆាំង​ទៅ​នឹង​កិច្ច​ព្រមព្រៀង ​TPP ​នេះ ​ទាំង​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ​ក៏​ដូច​ជា​នៅ​ក្នុង​គណបក្ស​សាធារណ​រដ្ឋ​ផង​ដែរ​ ហើយ​លោកស្រី​អាច​ធ្វើ​ឲ្យ​ក្រុម​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ធំ ​ដែល​ធុញទ្រាន់​ខ្លាំង​ជាមួយ​នឹង​ស្ថាប័ន​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាន់តែ​មិន​សប្បាយ​ចិត្ត។​

លោក ​Ornstein ​បាន​ស្មាន​ទុក​យ៉ាង​ដូច្នេះ​ថា៖​ «លោកស្រី​នឹង​នៅតែ​បន្ត​នូវ​ការ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​អស់​ពី​លទ្ធភាព​ដែល​លោកស្រី​អាច​ធ្វើ​បាន។ ​វា​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ​បើ​រឿង​នេះ​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ធ្វើ​សន្និបាត​គណបក្ស​កម្រិតណា​មួយនោះ ​ហើយ​ជា​ការ​ពិត​ណាស់ ​កិច្ច​ព្រមព្រៀង ​TPP ​នេះ​នៅតែ​ជា​កិច្ច​ព្រមព្រៀង​ដែល​ប្រថុយ​ប្រថាន​មួយ ​ទោះបី​ជា​លោកស្រី ​Clinton ​ប្រកាន់​ជំហរ​បែបណា​ក៏​ដោយ៕

ប្រែសម្រួលដោយភី សុភាដា

អត្ថបទ​ទាក់ទង

XS
SM
MD
LG