ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាពាហ៍ពិពាហ៍​នៃ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​​ឥឡូវ​នេះ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ


គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​ថតរូប​នៅ​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី​២៣ មករា ឆ្នាំ២០២៥។
គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​ថតរូប​នៅ​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី​២៣ មករា ឆ្នាំ២០២៥។

គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី២៣ ខែមករា នៅ​ពេល​ដែល​ព្រះរាជាណាចក្រ​មួយ​នេះ​បាន​ក្លាយ​ជា​តំបន់ទី៣​នៅ​ទ្វីប​អាស៊ី​ដែល​ផ្ដល់​ភាព​ស្របច្បាប់​សម្រាប់​គូស្រករ​ដែល​មាន​ភេទ​ដូចគ្នា។ ការ​សម្រេច​ចិត្ត​ឱ្យ​មាន​ច្បាប់​នេះ​បង្កើត​នូវ​សក្ដានុពល​សេដ្ឋកិច្ច​យ៉ាង​ធំ​សម្រាប់​ប្រទេស​នេះ។

ច្បាប់​ថ្មី​នេះ​បាន​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី២៣ ខែ​មករា​កន្លង​ទៅ គឺ​បន្ទាប់​ពី​កោះ​តៃវ៉ាន់ និង​ប្រទេស​នេប៉ាល់​ដែល​សុទ្ធ​តែនៅ​ក្នុង​ទ្វីប​អាស៊ី។ ច្បាប់​នេះ​ក៏​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេស​ទី១​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា នៅ​ក្នុង​តំបន់មួយ​ដែលមាន​ប្រទេស​មាន​អ្នក​កាន់​សាសន​ឥស្លាសម​ភាគ​ច្រើន​ ចាត់​ទុក​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​រឿង​ល្មើស​ច្បាប់​សាសនា។

បច្ចុប្បន្ន​នេះ ការ​ប្រែប្រួល​ផ្នែក​រដ្ឋបាល​នាំ​មក​នូវ​ផលវិបាក​ខ្លាំង​មួយ ហើយ​ពាក្យ​ថា «សហព័ទ្ធ‍» ត្រូវ​បាន​ប្រើ​ជំនួស​លក្ខន្តិកៈ​ជា​ «ប្ដី» ឬ «ប្រពន្ធ» ដែល​បើក​ផ្លូវ​ឱ្យ​គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​ទទួល​បាន​ផលប្រយោជន៍​ជាក់ស្ដែង ដែល​កាល​ពី​មុន​ផល​ប្រយោជន៍​នេះ​មាន​សម្រាប់​តែ​អាពាហ៍ពិពាហ៍​រវាង​អ្នក​មាន​ភេទ​ផ្ទុយ​គ្នា​ប៉ុណ្ណោះ។

ផលប្រយោជន៍​ទាំង​នោះ​រួម​មាន​លទ្ធភាព​ស្មុំ​កូន ការ​ទទួល​កម្ចី​ទិញ​ផ្ទះ​រួម​គ្នា ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​ក្រោយ​មរណភាព ការ​ទទួល​បាន​ឋានៈ​ពី​សាច់ញាតិ​ជិត​ស្និទ្ធ ​ការ​ទទួល​ផលប្រយោជន៍​នានា​ពី​រដ្ឋ ក៏ដូចជា​សិទ្ធិ​ផ្នែក​សុខាភិបាល​ដ៏​សំខាន់​ដើម្បី​យល់​ព្រម​លើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ក្នុង​គ្រា​អាសន្ន​ក្នុង​នាម​ជា​ដៃគូ​របស់​ខ្លួន។

នៅ​ទូទាំង​ប្រទេស​ថៃ រាប់​ចាប់​ពី​កោះ​ Krabi នៅ​ភាគ​ខាង​ត្បូង​រហូត​ដល់​ទីក្រុង​ឈៀងម៉ៃ​នៅ​ភាគ​ខាង​ជើង គូស្រករ​ជាច្រើន​បាន​រៀបការ​ជា​ផ្លូវការ​តាម​រយៈ​ពិធី​ចុះ​បញ្ជី​ដែលមាន​តាំង​នៅ​ពិធី​តូចនៅ​ការិយាល័យ​រដ្ឋបាល​ក្នុង​មូលដ្ឋាន រហូត​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​ក្រុម​ធំៗ​នៅ​ហាង​លក់​ទំនិញ​ទំនើបៗ​នៅ​កណ្ដាល​ទីក្រុង​បាងកក។

ជនជាតិ​ថៃ​ឈ្មោះ Rittigiat Subma បាន​រៀបការ​ជាមួយ​ដៃគូ​ជនជាតិ​ចិន​ឈ្មោះ Xichen Lin នៅ​ខណ្ឌ​ Bang Rak ដែល​មាន​ភាព​មមាញឹក​បំផុត​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​នៅ​ទីក្រុង​បាងកក។ ទង់​ពណ៌​ឥន្ទធនូ​តំណាង​ឱ្យ​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ឆត្រ​ត្រូវ​បាន​គេ​បំពាក់​នៅ​លើ​ការិយាល័យ​ ខណៈ​ពេល​ដែល​ក្រុម​តន្ត្រី​ដែល​គ្នា៣​នាក់​កំពុង​លេង​ភ្លេង​អបអរ​ពិធី​មង្គលការ​ទាំង​នោះ។

លោក Rittigiat បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​បាន​រង់ចាំ​ឱកាស​នេះ​ជា​យូរ​មក​ហើយ។ ឥឡូវ​នេះ​ដៃគូ​របស់​ខ្ញុំ​និង​ខ្ញុំ​អាច​ខ្ចី​ប្រាក់​រួម​គ្នា​ដើម្បី​ទិញ​ផ្ទះ​មួយ​បាន​ យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​អ្នក​ដទៃ​ដែរ ហើយ​យើង​អាច​សម្រេច​ចិត្ត​ដ៏​ធំ​ផ្នែក​សុខាភិបាល​សម្រាប់​យើង​ទាំង​ពីរ​នាក់»។
«ខ្ញុំ​អាច​ទទួល​បាន​ទិដ្ឋាការ​ក្នុង​នាម​ជា​ដៃគូ បន្ទាប់​ពី​យើង​បាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នៅ​ទី​នេះ ហើយ​នឹង​អាច​ប្ដូរ​ទីលំនៅ​ទៅ​អូស្ត្រាលី​ដើម្បី​ទៅ​ជាមួយ​គាត់ដែល​ធ្វើការ​នៅ​ទីនោះ»។

គូស្រករ​ដែល​មាន​អាយុ​ ២៧ ឆ្នាំ ដូចគ្នា​នេះ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​គ្នា។ ដោយ​មាន​កាន់​សៀវភៅ​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ដៃ​ប្រកប​ដោយមោទនភាព ដៃគូ​របស់​លោក​ឈ្មោះ​ Xichen Lin និយាយ​ថា ពួក​គេ​ចង់​រៀបការ​តែ​ក្នុង​រយៈ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​បាន​ជួប​គ្នា។

លោក​និយាយ​ថា៖​ «ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​ទេ​ ទំនាក់ទំនង​រវាង​ពួក​យើង​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ទេ ពីព្រោះ​មូលដ្ឋាន​គ្រឹះ​មួយ​នៃ​ទំនាក់ទំនង​របស់​យើង​គឺ​ដើម្បី​បង្កើតអនាគត​មួយ​ជាមួយ​គ្នា»។

លោក​បន្ត​ថា ដោយសារ​គ្មាន​លទ្ធភាព​ផ្នែក​ច្បាប់​សម្រាប់​អ្នកស្រឡាញ់ភេទ​ដូច​គ្នា​នៅ​ប្រទេស​ចិន​ដែល​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​គឺ​ជា​រឿង​ខុស​ច្បាប់ ច្បាប់​របស់​ថៃ​បាន​បើក​ឱ្យ​មាន​លទ្ធភាព​បែប​នេះ​សម្រាប់​លោក។

លោក​បន្ត​ថា៖ «ឥឡូវ​នេះ​ យើង​អាច​រស់​នៅ​បាន​ធម្មតា​ដូច​គូស្រករ​ដទៃ​ទៀត​អីចឹង។ យើង​អាច​ប្រាប់​អ្នក​ដទៃ​ថា យើង​បាន​រៀបការ​ហើយ យើង​អាច​ចែក​រំលែក​ទ្រព្យ​សម្បត្តិ និង​ធ្វើ​ជា​តំណាង​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​នៅ​ក្នុង​កាលៈទេសៈ​ច្បាប់​តម្រូវ​ណា​មួយ»។

ទោះបីជា​មាន​ភាព​រីករាយ​និង​ការ​អបអរ​សាទរ​ក៏​ដោយ​ អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQ+) បាន​ព្រមាន​ថា កិច្ច​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ភាព​ស្មើគ្នា​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​តែ​បន្ត​ទៅ​ទៀត ​ទោះបីជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក៏​ដោយ។

លោក Tunyawaj Kamolwongwat ដែល​ជា​មេធាវី​សម្រាប់​គណបក្ស​ប្រជាជន​ជឿនលឿន​ និង​ជា​អ្នក​តស៊ូ​មតិ​ឱ្យ​មាន​ការ​កែ​ប្រែ​ច្បាប់ បាន​ថ្លែង​ថា៖ «ច្បាប់​នេះ​អាច​ចូល​ជាធរមាន​នៅ​ថ្ងៃ​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា ​ការ​រើស​អើង​លើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ការ​ប្រែប្រួល​ភ្លាមៗ​នោះ​ទេ»។

លោក​បន្ត​ថា៖ «នៅ​មាន​ផ្លូវ​ត្រូវ​ធ្វើដំណើរ​វែង​ឆ្ងាយ​ទៀត​ បូក​រួម​ជាមួយ​នឹង​ការ​អនុវត្ត​ស្របគ្នា​នឹង​ច្បាប់​ដទៃ​ទៀត។ ឥឡូវ​នេះ​ យើង​ត្រូវ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ជា​ច្រើន​ទៀត​ រួមមាន​ការ​មាន​ផ្ទៃ​ពោះ​តាម​រយៈ​ជំនួយ​ពី​បច្ចេកវិទ្យា និង​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​តាម​រយៈ​ការ​រៀបការ​ជាមួយ​ដៃគូ​ដែល​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា»។

នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី​ Paetongtarn Shinawatra ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការ​ប្រែប្រួល​ផ្នែក​ច្បាប់​នេះ ដែល​ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​បាន​ពន្យារ​រាប់​ឆ្នាំ​មក​ហើយ​ដើម្បី​រៀបចំ​ការ​រៀបការ​សម្រាប់​មនុស្ស​មាន​ភេទ​ដូចគ្នា​នេះ។

លោកស្រី Paetongtarn ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោកទីក្រុង​ ដាវ៉ូស ប្រទេស​ស្វ៊ីស ក្នុង​អំឡុង​នៃ​ការ​អនុម័ត​ច្បាប់​ថ្មី​នោះ បាន​ថ្លែង​តាម​រយៈ​វីដេអូ​ថត​ទុក​ជាមុន​ថា៖ «ដោយ​អំណាច​នៃ​ក្ដី​ស្រឡាញ់​របស់​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ ប្រទេស​ថៃ​បង្កើត​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​បាន​ដឹង​ថា យើង​ទទួល​យក​គ្រប់​សេចក្ដី​ស្រឡាញ់​ និង ​គ្រប់​ភេទ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ»។

ច្បាប់​នេះ​ក៏​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដ៏​ធំ​សម្រាប់​ជួយ​ឱ្យ​សេដ្ឋកិច្ច​ថៃ​ងើបឡើង​ផង​ដែរ ដោយ​ក្រុមហ៊ុន​ជាច្រើន​រាប់​ចាប់​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​និង​ការ​កម្ចី​ទិញ​ផ្ទះ​រហូត​ដល់​សណ្ឋាគារ​នានា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​រក​ប្រាក់​ពី​អ្វី​ដែល​គេ​ហៅ​ថា ប្រាក់​បាត​ពណ៌​ផ្កាឈូក ដែល​សំដៅ​ទៅ​លើ​អំណាច​សេដ្ឋកិច្ច​របស់​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា។

រដ្ឋាភិបាល​របស់​លោក​ស្រី Paetongtarn បានដាក់ការ​រៀបការ​នៃ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ឱ្យ​ស្ថិត​នៅ​ក្រោម​កិច្ច​ប្រឹងប្រែង​«អំណាចទន់‍»​បន្ថែម​ទៅ​លើ​តន្ត្រី​និង​ខ្សែ​ភាពយន្ត​សម័យ​របស់​ថៃ ដោយ​មើល​ឃើញ​ពី​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​កេរ្តិ៍​ឈ្មោះ​ដែល​ទទួល​បាន​ពី​ការ​បើក​ចំហ​និង​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ ក៏ដូចជា​ដំណើរ​កម្សាន្ត​ក្រោយ​រៀបការ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ទិសដៅ​ទេសចរណ៍​កំពូល​មួយ​របស់​ពិភពលោក។

ការ​សិក្សា​មួយ​របស់​គេហទំព័រ​ព័ត៌មាន​ដំណើរ​កម្សាន្ត Agoda បាន​លើក​ឡើង​ថា ច្បាប់​ស្ដីពី​ភាព​ស្មើ​គ្នា​នៃ​អាពាហ៍ពិពាហ៍​របស់​ថៃ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ប្រមាណ​ ៤ លាន​នាក់​ទៀត​ក្នុង​មួយ​ឆ្នាំ​ និង​អាច​បង្កើន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជិត ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ២ឆ្នាំ​បន្ទាប់​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។

ទិន្នន័យ​ផ្លូវការ​របស់​ថៃ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ថៃ​ប្រមាណ ៩ ភាគរយ​ ឬ​ប្រមាណ ៤,៤​លាន​នាក់​បាន​បង្ហាញ​អត្តសញ្ញាណ​ថា​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ចំនួន​នេះ​ជះ​ចូល​ក្នុង​ទីផ្សារ​អាពាហ៍ពិពាហ៍ក្នុង​ស្រុក​ក្នុង​ទឹកប្រាក់​ប្រហែល ៥០​លាន​ដុល្លារ។

Dujruedee Thaithumnus ទីប្រឹក្សា​ពិធី​មង្គលការ​នៅ​កោះសាមុយ ដែល​ជា​ឋានសួគ៌​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ បាន​និយាយ​ថា កោះ​នេះ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ទទួល​លំហូរ​នៃ​គូស្រករ​មក​រៀបការ។

Dujruedee និយាយ​ថា៖ «វា​នឹង​ជំរុញ​សេដ្ឋកិច្ច​សម្រាប់​កោះ​នេះ​ទាំង​មូល រាប់​ចាប់​ពី​តន្ត្រីករ​ដែល​លេង​ភ្លេង​ការ រហូត​ដល់​សិល្បករ​ផាត់​មុខ​ និង​ហាង​លក់​ផ្កា អ្នក​ថតរូប និង សណ្ឋាគារ។ កោះ​នេះ​មាន​ភាព​ចង្អៀត​ណែន​រួច​ស្រេច​ហើយ។ នៅ​ពេល​ច្បាប់​ចូល​ជាធរមាន​ទៀត​នោះ ខ្ញុំ​មិន​អាច​ស្រមៃ​ថា​នឹង​មាន​មនុស្ស​ច្រើន​ប៉ុនណា​ទេ»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG