អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាត្រូវបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញដោយខ្មាន់កាំភ្លើងម្នាក់ដែលជិះម៉ូតូ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក លិម គិមយ៉ា បានស្លាប់នៅកន្លែងកើតហេតុ។ ពួកមន្ត្រីនៅការិយាល័យប៉ូលិសក្រុងបានចាប់ផ្តើមស្វែងរកចាប់ខ្លួនឃាតករ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Bangkok Post។ កាសែតនោះបានបន្ថែមទៀតថាលោក លិម គិមយ៉ា មានសញ្ជាតិ២គឺ ខ្មែរ និងបារាំង។
ប៉ូលិសថៃបានបញ្ជាក់ពីការស្លាប់របស់បុរសជនជាតិខ្មែរនោះ ដោយមិនបានប្រាប់ថា ជាលោក លិម គិមយ៉ា ទេ ដោយគ្រាន់តែបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា«យើងនៅពេលនេះកំពុងស៊ើបអង្កេតពីគោលបំណងនៃការសម្លាប់នេះ ហើយនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលក្រោយ»។
បណ្តាញព័ត៌មានថៃជាច្រើនបានរាយការណ៍ថាបុរសខ្មាន់កាំភ្លើងដែលជិះម៉ូតូបានបាញ់លោក លិម គិមយ៉ា នៅពេលដែលលោកបានទៅដល់រាជធានីរបស់ថៃដោយការចាកចេញពីទីក្រុងសៀមរាបតាមរថយន្តក្រុងដែលអមដំណើរដោយភរិយាជាតិបារាំង និងឪពុកមារបស់លោក។
អ្នកថតរូបឱ្យទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញឈាមនៅកន្លែងកើតហេតុនៅជិតតំបន់ Khao San Road ដ៏មានប្រជាប្រីយភាពមួយនៃទីក្រុងបាងកក។
លោក លិម គិមយ៉ា បានជាប់ឆ្នោតជាសមាជិករដ្ឋសភារបស់គណបក្សប្រឆាំងបន្ទាប់ពីការបោះឆ្នោតសាកលក្នុងឆ្នាំ២០១៣ដែលគណបក្សកាន់អំណាចនៅក្រោមមេដឹកនាំលោកហ៊ុន សែន ស្ទើរតែចាញ់ឆ្នោតទៅគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិ CNRP ដែលត្រូវបានបង្កើតនៅឆ្នាំ២០១២ដោយមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ីនិងកឹម សុខា បានត្រូវរំលាយដោយបទបញ្ជាតុលាការនៅឆ្នាំ២០១៧។
អ្នកនយោបាយនិងសមាជិករដ្ឋសភាមួយចំនួន រួមទាំងលោក លិម គិមយ៉ា ត្រូវបានហាមឃាត់មិនធ្វើសកម្មភាពនយោបាយបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិមក។
ក្រុមអង្គការសិទ្ធិមនុស្សបានចោទប្រកាន់លោក ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជិត៤ទសវត្សរ៍ពីការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបនរណាដែលប្រឆាំងនឹងការកាន់អំណាចរបស់លោក។
អ្នកនយោបាយបក្សប្រឆាំងនិងសកម្មជនមួយចំនួនបានត្រូវកាត់ទោសនិងជាប់ពន្ធនា គារក្នុងអំឡុងនៃការកាន់អំណាចរបស់លោក ហ៊ុន សែន។
ថ្វីបើមានសញ្ជាតិបារាំងក៏ដោយ លោក លិម គិមយ៉ា មិនបានចូលរួមជាមួយសមាជិករដ្ឋសភាមួយចំនួនដែលបានរត់គេចខ្លួនទៅកាន់បរទេស បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ CNRP លោក កឹម សុខា បានត្រូវឃុំខ្លួនលើការចោទប្រកាន់ពីការក្បត់ជាតិក្នុងឆ្នាំ២០១៧ទេ។
លោក លិម គិមយ៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅពេលដែលលោកស្ថិតនៅក្នុងទីក្រុងភ្នំពេញថា«ខ្ញុំ នឹងមិនបោះបង់នយោបាយទេ»។
ការបាញ់សម្លាប់កើតមានឡើងនៅថ្ងៃតែមួយដែលអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជាគឺលោក ហ៊ុន សែន បានអំពាវនាវឱ្យមានច្បាប់ថ្មីមួយដែលកំណត់ថាជា «ភេរវជន»ចំពោះជនណាដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត៕
វេទិកាបញ្ចេញមតិ