កាលពីថ្ងៃចន្ទ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ធ្វើឱ្យកាស៊ីណូស្របច្បាប់ ដោយមានបំណងជំរុញទេសចរណ៍និងសេដ្ឋកិច្ចដែលរីកចម្រើនយឺតយ៉ាវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទម្រង់នៃល្បែងស៊ីសងខ្លះដូចជាការភ្នាល់ប្រដាល់និងការប្រណាំងសេះ ត្រូវបានអនុញ្ញាត តែការលេងល្បែងនៅកាស៊ីណូនៅតែខុសច្បាប់នៅឡើយនៅប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn Shinawatra បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សេចក្តីព្រាងច្បាប់នេះ ក៏ជួយទាក់ទាញវិនិយោគបន្ថែមទៀត និងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់។
អ្នកស្រី Paetongtarn ថ្លែងថា៖ «វានឹងផ្តល់ប្រយោជន៍ដល់សង្គមទាំងមូលក្នុងពេលអនាគត។ នេះជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ឬទិសដៅទេសចរណ៍ដែលមនុស្សបង្កើតឡើង ដែលត្រូវបានគេយកមកពិភាក្សាក្នុងសភា»។
អ្នកស្រី ថាក្រសួងហិរញ្ញវត្ថុ ដែលជាអ្នកព្រាងសេចក្តីព្រាងច្បាប់នេះ នឹងពន្យល់លម្អិតពេលក្រោយអំពីផែនការនេះ ដែលត្រូវបានផ្សព្វផ្សាយថាជា«ទីកន្លែងកម្សាន្ត»។
រដ្ឋាភិបាលបច្ចុប្បន្ន ដែលឡើងកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន បានប្តេជ្ញាដាក់វិស័យសេដ្ឋកិច្ចរបស់ប្រទេសជារបៀបវារ:កំពូលរបស់ពួកគេ។
សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានចេញផ្សាយតាមអនឡាញសម្រាប់ឱ្យសាធារណជនមើលបាន ថាកាស៊ីណូ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងកន្លែងមួយដែលមានអាជីវកម្មផ្សេងៗទៀតដូចជាសណ្ឋាគារ សាលសន្និសីទ ផ្សារទំនើបឬឧទ្យានកម្សាន្តជាដើម។
មនុស្សដែលមានអាយុតិចជាង២០ឆ្នាំ នឹងមិនអាចចូលកាស៊ីណូបានទេ។ យោងតាមសេចក្តីព្រាងច្បាប់នេះ កាស៊ីណូ បើកដោយឥតគិតថ្លៃសម្រាប់តែជនបរទេសចូលលេង តែពលរដ្ឋថៃត្រូវបង់ថ្លៃចូល៥ពាន់បាតឬស្មើនឹង១៤៨ដុល្លារ។
សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋ ដើម្បីពិនិត្យ ហើយនិងត្រូវបញ្ចូនទៅសភា ដើម្បីពិភាក្សានិងបោះឆ្នោតអនុម័តដោយសមាជិករដ្ឋសភានិងព្រឹទ្ធសភា។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Hoangsub៕
វេទិកាបញ្ចេញមតិ