ប្រទេសថៃបានបដិសេធថាខ្លួនមិនបានធ្វើបាបមហាសេដ្ឋីល្បែងស៊ីសងចិនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅថៃ ហើយព្យាយាមប្រឆាំងនឹងការធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ដោយអាជ្ញាធរចិនបានចោទប្រកាន់ថាលោកបានដំណើរការការល្បែងស៊ីសងអនឡាញខុសច្បាប់នៅអាស៊ីអាគ្នេយ៍។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីយុត្តិធម៌ថៃកាលពីថ្ងៃអង្គារ ដែលត្រូវរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក She Zhijiang (ស្ហ៊ ជីជាំង) ដែលមានដើមកំណើតនៅប្រទេសចិន បានអះអាងថាលោកបានរងអំពើអមនុស្សធម៌នៅក្នុងពន្ធនាគារថៃ ដោយមានការប្រើអំពើហិង្សាដែលបានបណ្តាលឱ្យលោកក្រោកឈរលែងកើត។ នេះបើតាមខ្លឹមសារក្នុងសំបុត្រដែលមេធាវីលោកបានផ្ញើទៅកាន់ប៉ូលិសអន្តរជាតិ Interpol ដែលត្រូវបានឃើញដោយReuters។
រដ្ឋមន្ត្រីយុត្តិធម៌ថៃលោក Tawee Sodsong បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថៃក្នុងក្រុងបាងកកថា៖ «ការប្រព្រឹត្តរបស់យើងចំពោះលោក គឺដូចគ្នានឹងចំពោះអ្នកជាប់ពន្ធនាគារដទៃទៀតដែរ ដែលអាចមេធាវីតំណាងជាទូទៅ»។
លោក Tawee ថាពន្ធនាគារមានកាមេរ៉ាសន្តិសុខដែលបង្ការអំពើបំពានឬការធ្វើទារុណកម្មណាមួយលើអ្នកជាប់ឃុំ។
រដ្ឋមន្ត្រីថៃរូបនេះមិនបានធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់ក្នុងសំបុត្រមេធាវីលោក She ទៅកាន់ប៉ូលិស Interpol ដែលថា មន្ត្រីស្ថានទូតចិនបានទៅជួបមហា សេដ្ឋីនោះក្នុងពន្ធនាគារ ដែលផ្ទុយពីបំណងលោក ហើយព្យាយាមបញ្ចុះបញ្ចូលលោកឱ្យត្រឡប់ទៅប្រទេសចិនវិញ។
មហាសេដ្ឋីល្បែងស៊ីសងរូបនេះ ដែលចោទថាសំណុំរឿងប្រឆាំងនឹងលោកមានចេត នានយោបាយនោះ ត្រូវបានចាប់ខ្លួននៅក្នុងក្រុងបាងកកកាលពីឆ្នាំ២០២២ តាមរយៈដីកាអន្តរជាតិមួយនិងនិវេទក្រហមរបស់ប៉ូលិសអន្តរជាតិInterpol ដែលស្នើដោយរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Tawee និយាយថាប្រទេសកម្ពុជា ក៏បានស្នើសុំធ្វើបត្យាប័នយកលោកដែរ ដោយសារលោកមានសញ្ជាតិកម្ពុជា។ រដ្ឋមន្ត្រីយុត្តិធម៌ថៃនិយាយថាប្រទេសគោល ដៅធ្វើបត្យាប័នលោក She នឹងត្រូវសម្រេចដោយសាលាឧទ្ធរណ៍ថៃ។
បើតាមសេចក្តីរាយការណ៍ព័ត៌មាននានា លោក She គឺជាប្រធាននៃក្រុមហ៊ុនYatai International Holdings Group ដែលបានវិនិយោគក្នុងផ្នែកល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ហើយពេលថ្មីនេះនៅរមណីយដ្ឋានទេសចរណ៍និងកម្សាន្ត Shwe Kokko នៅរដ្ឋ Karen ក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសចិនបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក She ជាពលរដ្ឋចិន និងជា«បុគ្គលគន្លឹះម្នាក់នៅក្នុង ឧក្រិដ្ឋកម្មបន្លំខាងល្បែងស៊ីសងនិងទូរគមនាគមន៍» ដោយថាមានភស្តុតាង«ជាក់ច្បាស់»ប្រឆាំងនឹងលោក។
តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសតំបន់ព្រំដែនរវាងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ចាប់តាំងពីសម័យកាលរាតត្បាតជំងឺកូវីដ១៩មក។ នេះបើតាមអង្គការសហប្រជាជាតិ ដែលថាមានមនុស្សរាប់សែននាក់ត្រូវបានជួញដូរបង្ខំឱ្យធ្វើការនៅក្នុងតំបន់ឆបោក ឬ scam ទាំងនេះ៕
ប្រទេសថៃបដិសេធថាមិនបានធ្វើបាបមហាសេដ្ឋីល្បែងស៊ីសងដែលចិននិងកម្ពុជាស្នើធ្វើបត្យាប័នមកវិញ
- Reuters
វេទិកាបញ្ចេញមតិ