ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត អាច​នឹង​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​​ជំនួញ​អាមេរិក​ដែល​ចង់​វិនិយោគ​នៅ​កម្ពុជា​នៅ​ទីក្រុង New York


លោក ហ៊ុន ម៉ាណែត ក្នុង​អំឡុង​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។
លោក ហ៊ុន ម៉ាណែត ក្នុង​អំឡុង​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។

លោក ហ៊ុន ម៉ាណែត ដែល​ជា​អ្នក​ស្នង​តំណែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹងជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ជំនួញ​អាមេរិក​ដែល​ចាប់​អារម្មណ៍​ចង់​ធ្វើ​វិនិយោគ​នៅ​កម្ពុជា នៅ​ទីក្រុង​ New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក ​នៅ​ខែ​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Ted Osius ប្រធាន​ក្រុមប្រឹក្សា​ជំនួញ​សហរដ្ឋ​អាមេរិក-អាស៊ាន ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាប់​អារម្មណ៍​ចង់​ទាញ​ចេញ​ពី​គន្លង​របស់​ចិន។

នាយក​រដ្ឋមន្ត្រី​រយៈ​ពេល​យូរ​អង្វែង​របស់​កម្ពុជាគឺ​លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​ប្រគល់​អំណាច​របស់​លោក​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត វ័យ ៤៥ ឆ្នាំ ក្នុង​ខែ​សីហា​នេះ បន្ទាប់​ពី​គណបក្ស​កាន់​អំណាចរបស់​លោកបាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​កាល​ពី​ខែ​កក្កដា ដោយ​គ្មាន​គូ​ប្រជែង។​

លោក Ted Osius ប្រធាន​ក្រុមប្រឹក្សា​ជំនួញ​សហរដ្ឋ​អាមេរិក-អាស៊ាន (U.S.-ASEAN Business Council ) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​សីហា សប្តាហ៍​មុន ​ថា៖ «យើង​សង្ឃឹម​ថា​ នឹង​រៀបចំ​ទទួល​ [លោក ហ៊ុន ម៉ាណែត]។ យើង​សង្ឃឹម​ថា​ នឹង​អាច​មានរក​មើល​ថា​មាន​មធ្យោបាយ​ក្នុង​ការ​ចាប់​ផ្ដើមជំពូក​ថ្មី​មួយ»​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក​បាន​ថ្លែង​ទៀត​ថា៖ «វា​មិន​មែន​ជា​ជំពូក​ថ្មី​មួយ​ទាំង​ស្រុង​នោះ​ទេ [ប៉ុន្តែ] លោក​មិនមែន​ជា​ឪពុក​របស់​លោក​ទេ លោក​គឺ​ជា​មនុស្ស​ខុសគ្នា។ ដូច្នេះ​ប្រហែល​ជា​អាច​មាន​ឱកាស​មួយ​ចំនួន​នៅ​ទីនេះ»។

កិច្ចពិភាក្សា​កំពុង​ប្រព្រឹត្ត​ទៅ​សម្រាប់​ការ​រៀបចំ​កម្មវិធី​មួយ​នៅ​សណ្ឋាគារ​នៅ​ជិត​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Osius ជា​អតីត​មន្ត្រីការ​ទូត​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​វៀតណាម ក្បែរ​ខាង​កម្ពុជា។ ​

លោក​ Osius បាន​ថ្លែង​ទៀត​ថា៖ «[យើង​នឹង]​អញ្ជើញ​នាំ​មក​នូវ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជំនួញ​ដែល​ចាប់​អារម្មណ៍​នឹង​ប្រទេស​កម្ពុជា​ និង​ប្រហែល​ជា​ចង់​ដឹង​អំពី​ទស្សនៈ​របស់​មេដឹកនាំ​ថ្មី។ ហើយ​ខ្ញុំ​គិត​ថា លោក​ [ហ៊ុន ម៉ាណែត] នឹង​ទទួល​ស្វាគមន៍​ចំពោះ​រឿង​នេះ»។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ដែល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​បាន​ថ្កោលទោស​ចំពោះ​ចំណាត់ការ​បែប​ផ្ដាច់ការ​និង​មាន​លក្ខណៈ​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យរបស់​លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​បោះឆ្នោត​នោះ​មិន​មាន​លក្ខណៈ​«សេរី​និង​យុត្តិធម៌»​នោះ​ទេ។ ​

លោក ហ៊ុន ម៉ាណែត ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​បស្ចិមប្រទេស ដែល​រួម​មាន​ទាំងពី​បណ្ឌិត​សភា​យោធា West Point នៅ​សហរដ្ឋ​អាមេរិក​ផង​នោះ នឹង​មិន​ចង់​«ត្រូវ​បានគ្រប់គ្រង​ទាំង​ស្រុង»​ដោយ​ប្រទេស​ដទៃ​ណាមួយនោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Osius ដោយ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កម្ពុជា ប៉ុន្តែ​ជា​គូប្រជែង​របស់​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​ បញ្ជាក់​ថា​ក្រសួង​ការ​បរទេស​មិន​មាន​អត្ថាធិប្បាយ​អ្វី​ជាក់លាក់​អំពីអនាគត​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជា​ឱកាស​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្តារ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា និង​ សឹង សុផាត

XS
SM
MD
LG