ការិយាល័យ Pentagn របស់ក្រសួងការពារជាតិអាមេរិកបាននិយាយថា ការផ្តល់ការគាំទ្ររបស់រុស្ស៊ីបន្ថែមដល់រដ្ឋាភិបាលលោក Bashar al-Assad អាចនឹងបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
លោក Peter Cook លេខាធិការសម្រាប់ការផ្តល់ព័ត៌មានបាននិយាយដូច្នេះកាលពីថ្ងៃអង្គារថា ការបង្កើនសមត្ថភាពយោធានៃរដ្ឋាភិបាលលោក Assadនឹង «ធ្វើឲ្យខូច» ការចរចាតាមបែបការទូតនានាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលបង្ហូរឈាមគ្នានេះ។
លោកបានឲ្យដឹងថា «សម្រាប់ប្រទេសរុស្ស៊ីដើម្បីដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាម ខ្លួនត្រូវមានគោលនយោបាយដែលចាំបាច់ដើម្បីឲ្យមានភាពល្អប្រសើរឡើង»។
ទំនាក់ទំនងផ្នែកយោធាលើកដំបូង
ការព្រមានរបស់លោក Cook កើតមានឡើងត្រឹមបួនថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ash Carter និយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoygu ដោយផ្តោតលើការលូកដៃចូលយ៉ាងជ្រៅរបស់រុស្ស៊ីទៅក្នុងបញ្ហាស៊ីរី។ មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់បាននិយាយថា ការជជែកគ្នាតាមទូរស័ព្ទនេះជាចំនុចវិជ្ជមាន ប៉ុន្តែមិនមានការពិភាក្សាគ្នាណាមួយពីសកម្មភាពថ្មីៗរបស់រុស្ស៊ីនៅក្នុងទឹកដីស៊ីរីឡើយ។
លោកបានប្រាប់អ្នកសារព៌ត័មានថា «នៅត្រង់ចំណុចនេះ យើងនៅតែមិនទាន់មានភាពប្រាកដប្រជាថារុស៊្សីចង់ធ្វើអ្វីនៅក្នុងប្រទេសស៊ីរីនៅឡើយទេ»។
មន្ត្រីទាំងនោះបាននិយាយថា ការធ្វើឲ្យប្រាកដប្រជាអាចនឹងលំបាកក្នុងពេលបច្ចុប្បន្ននេះ។ មិនមានការកំណត់ពេលវេលាសន្ទនាថ្មីណាមួយទេរវាងយោធាអាមេរិក និងយោធារុស្ស៊ីលើបញ្ហាស៊ីរីនោះទេ។
នៅពេលត្រូវបានសួរថាតើរដ្ឋមន្ត្រីការពារជាតិអាមេរិក Carter ជឿជាក់ថាទំនាក់ទំនងយោធានឹងមិនបន្តទេ ប្រសិនបើរុស្ស៊ីមិនប្តេជ្ញាចិត្តបន្តដោយប្រើដំណោះស្រាយនយោបាយ។ លោក Cook ឆ្លើយតបទៅវិញថានេះជាសារដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកផ្ញើជូនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Shoygu»។
ឱកាសនយោបាយត្រូវបានបាត់បង់?
សហរដ្ឋអាមេរិកបាននិយាយជាថ្មីថា ការយកឈ្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមតម្រូវឲ្យមានដៃគូគួរឲ្យទុកចិត្ត រួមជាមួយនឹងដំណោះស្រាយដោយសន្តិភាពសម្រាប់សង្គ្រាមស៊ីវិលបង្ហូរឈាមអស់រយៈពេលបួនឆ្នាំ ដែលរួមទាំងការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី Assad ផង។
សារព័ត៌មាន The Guardianបានរាយការណ៍កាលពីសប្តាហ៍មុនថា រុស្ស៊ីលើកឡើងថា លោក Assad អាចចុះចេញពីតំណែង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពតាំងពីឆ្នាំ២០១២។
របាយការណ៍បានដកស្រង់សម្តីអ្នកចរចាជាន់ខ្ពស់ម្នាក់ដែលពាក់ព័ន្ធក្នុងការពិភាក្សាជាច្រើនកាលពីពេលនោះថា អតីតប្រធានាធិបតីហ្វាំងឡង់ លោក Martti Ahtisaari បាននិយាយថា មហាអំណាចលោកខាងលិចខកខានក្នុងការទទួលយកសំណើនោះ។ ហេតុដូច្នេះហើយ ចាប់តាំងពីពេលនោះមកមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សរាប់លាននាក់ទៀតបានរត់ភៀសខ្លួនពីលំនៅដ្ឋានរបស់ខ្លួន។
សារព័ត៌មាន The Gurdian បានរាយការណ៍ថា កាលនោះលោក Martti Ahtisaariបានជួបជាមួយលោក Vitaly Churkin តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ។
សារព័ត៌មានដកស្រង់សម្តីរបស់លោក Martti Ahtisaari ថា «តំណាងរុស្ស៊ីបាននិយាយរឿងបីយ៉ាង។ទីមួយ យើងមិនគួរផ្តល់សព្វាវុធទៅក្រុមប្រឆាំងទេ។ ទីពីរយើងគួរបង្កើតកិច្ចសន្ទនារវាងក្រុមប្រឆាំងជាមួយលោក Assad ភ្លាមៗតែម្តង ។ ទីបី យើងគួរស្វែងរកវិធីដ៏ល្អមួយសម្រាប់លោក Assad ចុះចេញពីតំណែង»។
លោក Ahtisaari បានបន្តថា លោកបានផ្តល់សារនេះទៅកាន់ប្រតិភូ អាមេរិក អង់គ្លេស បារាំងនៅអង្គការសហប្រជាជាតិ ប៉ុន្តែលោកបានប្រាប់សារព័ត៌មាន The Guardianថា «គ្មានអ្វីកើតឡើងសោះ ព្រោះខ្ញុំគិតថា ពួកគេនិងអ្នកផ្សេងទៀតត្រូវគេបញ្ចុះបញ្ចូលថា លោក Assad នឹងត្រូវគេទម្លាក់ពីតំណែងក្នុងប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះមិនចាំបាច់ធ្វើអ្វីនោះឡើយ»។
លោក Ahtisaari បានទទួលបានពានរង្វាន់ណូបែលក្នុងឆ្នាំ២០០៨ ដោយសារកិច្ចខិតខំប្រឹងប្រឹងរបស់លោកក្នុងការដោះស្រាយជម្លោះអន្តរជាតិនៅទ្វីបជាច្រើនលើពិភពលោក និងអស់ពេលច្រើនជាង៣ទសវត្សរ៍មកហើយ៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ