យុទ្ធជនក្រុមឧទ្ទាមរាប់សិបនាក់ដែលស.រ.អាបានផ្តល់ការ ហ្វឹកហ្វឺន និងដៃគូរបស់ពួកគេបានចូលដល់ភាគខាងជើងនៃប្រទេសស៊ីរីហើយ នេះបើតាមការឲ្យដឹងរបស់ក្រុមឃ្លាំមើលមួយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមឧទ្ទាម៧៥នាក់នោះបានទទួលការហ្វឹកហាត់ក្នុងប្រទេសតួកគី ហើយបានឆ្លងចូលក្នុងប្រទេសស៊ីរីកាលពីព្រឹកថ្ងៃសៅរ៍។
ក្រុមមន្ត្រីនៃកងចម្រុះដែលដឹកនាំដោយស.រ.អា នៅមិនទាន់បានធ្វើការអត្ថាធិប្បាយអំពីការវិវត្តនេះនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានបារាំងរាយការណ៍ថា ពួកឧទ្ទាម និងកងកម្លាំងគាំទ្ររដ្ឋាភិបាលបានយល់ស្របគ្នាលើបទឈប់បាញ់មួយ ដែលនឹងចាប់ផ្តើមភ្លាមៗ។ គេមិនដឹងថាតើបទឈប់បាញ់នោះគ្រោងសម្រាប់រយៈពេលប៉ុន្មានថ្ងៃ ឬខែទេ ក៏ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ភាគីប្រឆាំងគ្នានឹងបន្តការចរចាស្វែងរកការឈប់បាញ់យ៉ាងធំធេងជាងនេះមួយ។
កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានថ្លែងថា ប្រធានាធិបតីស៊ីរី Bashar al-Assad ចាំបាច់ត្រូវតែចុះចេញពីតំណែង ប៉ុន្តែថាពេលវេលានៃការចាកចេញពីតំណែងរបស់លោកត្រូវតែសម្រេចតាមការចរចា៕