ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យផ្តល់ជំនួយយោធាឱ្យប្រទេសរបស់លោក ជាពិសេសប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីរុស្ស៊ីបានវាយប្រហារតាមអាកាសពេញមួយយប់ដែលយោធាអ៊ុយក្រែនថារុស្ស៊ីបានប្រើមីស៊ីល ៤២ គ្រាប់និងដ្រូន ៤០ គ្រឿងនៅក្នុងការវាយប្រហារនោះ។
លោក Zelenskyy បានបញ្ជាក់តាមបណ្តាញសង្គមអនឡាញថា៖ «ប្រសិនបើមីស៊ីលនិងដ្រូន Shahed របស់រុស្ស៊ីនៅតែបន្តវាយប្រហារមិនមែនតែលើអ៊ុយក្រែនតែប៉ុណ្ណោះទេតែក៏លើការតាំងចិត្តរបស់សម្ព័ន្ធមិត្តយើងផងដែរ នោះករណីនេះគឺស្មើនឹងការអនុញ្ញាតជាសាកលឱ្យមានភេរវកម្មកើតឡើង។ យើងត្រូវការប្រព័ន្ធការពារដែនអាកាសនិងជំនួយផ្នែកការពារដទៃទៀត មិនមែនការមិនអើពើនិងការពិភាក្សាគ្នាវែងអន្លាយនោះទេ»។
លោក Zelenskyy បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះបានសំដៅលើតំបន់ Kharkiv តំបន់រដ្ឋធានីកៀវ តំបន់ Zaporizhzhia តំបន់ Lviv និងតំបន់ Odesa។
លោក Zelenskyy បានបញ្ជាក់ថា៖ «ក្រុមភេរវកររុស្ស៊ីបានវាយប្រហារជាថ្មីម្ដងទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ៣៩ គ្រឿងក្នុងចំណោម ៤០ គ្រឿង និងបានបំផ្លាញមីស៊ីល ១៨ គ្រាប់ក្នុងចំណោម ៤២ គ្រាប់។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃពុធថា អ៊ុយក្រែនត្រូវតែអាចការពារដែនអាកាស ដែនដី និងដែនទឹករបស់ខ្លួន ដែលជាផ្នែកមួយនៃការបញ្ចប់សង្គ្រាមដោយយុត្តិធម៌៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។