អភិបាលតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៤ នាក់ស្លាប់ និងបង្ករបួសជាង ២០ នាក់ទៀត។
លោកអភិបាល Oleh Kiper បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីនេះបានប៉ះចំផ្នែកដ៏មានប្រជាប្រិយបំផុតមួយនៃទីក្រុង Odesa ដែលនៅទីនោះអ្នកស្រុកនិងទេសចរដើរកម្សាន្តនិងលេងកីឡា។ លោក Kiper បានបន្ថែមថា មនុស្សម្នាក់ទៀតបានស្លាប់បន្ទាប់ពីបានរងគ្រោះដោយសារការដាច់សរសៃឈាមខួរក្បាលដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ។
នៅក្នុងសុន្ទរកថាជាវីដេអូកាលពីយប់ថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកស្លាប់និងបាននិយាយថាអ្នករងរបួសកំពុងទទួលបានការព្យាបាល។
អភិបាលតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់រុស្ស៊ីលើទីរួមតំបន់នេះបានសម្លាប់មនុស្សយ៉ាងតិចម្នាក់និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
អភិបាលតំបន់ Dnipropetrovsk បាននិយាយថា ផ្ទះពីរខ្នងបានរងការខូចខាតដោយសារការវាយប្រហារដោយគ្រាប់ផ្លោងនិងដ្រូនរបស់រុស្ស៊ី ប៉ុន្តែមិនមាននរណាម្នាក់រងរបួសទេ។
លោក Zelenskyy បានបញ្ជាក់ជាថ្មីនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃចន្ទអំពីការអំពាវនាវរបស់លោកឱ្យសម្ព័ន្ធមិត្តផ្ដល់សព្វាវុធឱ្យអ៊ុយក្រែនជាបន្ទាន់។
លោក Zelenskyy បានបន្ថែមថា លោកបានពិភាក្សាកាលពីថ្ងៃចន្ទជាមួយនឹងអគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg អំពីសារៈសំខាន់នៃការផ្ដល់សព្វាវុធទាន់ពេលវេលាដល់អ៊ុយក្រែន។
ក្នុងអំឡុងទស្សនកិច្ចក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន លោក Stoltenberg បាននិយាយថា ជំនួយកំពុងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនដើម្បីជួយដល់ការធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី និងថាសម្ព័ន្ធមិត្ត «កំពុងធ្វើការខ្លាំងក្លាដើម្បីបំពេញតាមតម្រូវការបន្ទាន់របស់អ៊ុយក្រែន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។
វេទិកាបញ្ចេញមតិ