ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​អគារ​ការ​ទូត ៦ រង​ការ​ខូចខាត


នាង Ivanna បី​ឆ្កែ​របស់​នាង​នៅ​ពី​មុខ​រថយន្ត​កំពុង​ឆេះ​ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​រុស្សី​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០២៤។
នាង Ivanna បី​ឆ្កែ​របស់​នាង​នៅ​ពី​មុខ​រថយន្ត​កំពុង​ឆេះ​ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​រុស្សី​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០២៤។

រុស្ស៊ី​បាន​បាញ់​មីស៊ីល​ដាក់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ថ្ងៃ​រះ​កាលពី​ថ្ងៃ​សុក្រ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់​និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​អគារ​បេសកកម្ម​ការទូត​បរទេស​ចំនួន ៦ ប្រទេស​នៅ​កណ្ដាល​រដ្ឋធានី​កៀវ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​វាយ​ប្រហារ​អ៊ុយក្រែន​នេះ​គឺជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ដែល​ប្រើ​មីស៊ីល​បស្ចិម​ប្រទេស​លើ​រោងចក្រ​គីមី​មួយ​កន្លែង​របស់​ខ្លួន​កាលពី​ដើម​សប្ដាហ៍​នេះ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ជាទូទៅ​សំដៅ​លើ​រដ្ឋធានី​កៀវ ប៉ុន្តែ​កម្រ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ក្នុង​ទំហំ​ដូចនេះ​ណាស់​ក្នុង​រយៈពេល​ជិត ៣ ឆ្នាំ​នៃ​សង្គ្រាម​នេះ ដោយសារ​អ៊ុយក្រែន​មាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ល្អ។

កងកម្លាំង​ទ័ព​អាកាស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល Iskander ទាំង ៥ គ្រាប់​ដែល​រុស្ស៊ី​បាន​បាញ់​ដាក់​រដ្ឋធានី​កៀវ ប៉ុន្តែ​កម្ទេចកំទី​បាក់បែក​នៃ​មីស៊ីល​ទាំងនេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​នៅក្នុង​សង្កាត់​ជាច្រើន។

ការ​វាយ​ប្រហារ​នេះ​បាន​សម្លាប់​បុរស​អាយុ ៥៣ ឆ្នាំ​ម្នាក់​និង​ធ្វើឱ្យ​មនុស្ស ១២ នាក់​ទៀត​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​រដ្ឋធានី​កៀវ។

កម្ទេចកំទី​បាក់បែក​ទាំងនេះ​ក៏​បាន​ធ្វើឱ្យ​ខូចខាត​ដល់​អគារ​បេសកកម្ម​ការទូត​របស់​ប្រទេស​អាល់បានី អាហ្សង់ទីន ម៉ាសេដ្វាន​ខាងជើង ព័រទុយហ្កាល់ ម៉ុងតេណេហ្គ្រោ និង​ដែនដី​ប៉ាឡេស្ទីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «ការ​វាយប្រហារ​ដ៏​ឃោរឃៅ​មួយ​ទៀត​របស់​រុស្ស៊ី​លើ​រដ្ឋធានី​កៀវ។ ការ​មិន​អើពើ​របស់​លោក Putin ចំពោះ​ច្បាប់​អន្តរជាតិ​បាន​ឈាន​ដល់​កម្រិត​ខ្លាំងក្លា​ថ្មី»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG