ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ថ្លែងថា រុស្ស៊ី​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចរចា​ជាមួយ​លោក​ Trump រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ឆ្នាំ​របស់​លោក​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ឆ្នាំ​របស់​លោក​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែងថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចរចា​រឿង​សង្គ្រាម​អ៊ុយក្រែន​ក្នុង​ករណី​មាន​ការ​ពិភាក្សា​កើតឡើង​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump អំពី​ការបញ្ចប់​សង្គ្រាម​ និង​គ្មាន​លក្ខខណ្ឌ​ក្នុងការ​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អ៊ុយក្រែន​នោះទេ។​

លោក Trump ដែល​ហៅ​ខ្លួនឯង​ថា​ជា​អ្នកពូកែ​ចរចា​និង​ជា​អ្នកនិពន្ធ​សៀវភៅ « Trump: the Art of the Deal» បោះពុម្ព​ឆ្នាំ១៩៨៧ បាន​ប្តេជ្ញា​បញ្ចប់​ជម្លោះ​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​លោក​មិន​ទាន់​បាន​ប្រាប់​លម្អិត​ថាតើ​លោក​នឹង​សម្រេច​ទៅបាន​ដោយ​របៀប​ណា​នៅឡើយ​ទេ។

លោក Putin ដែល​ឆ្លើយ​សំណួរ​លើ​ទូរទស្សន៍រដ្ឋ​ក្នុង​អំឡុង​កម្មវិធី​សំណួរ​ចម្លើយ​ជាមួយ​រុស្ស៊ី បាន​ប្រាប់​អ្នកសារព័ត៌មានអាមេរិក​មួយ​ថា លោក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួប​លោក​ Trump ដែល​លោក​ថា​លោក​មិន​បាន​និយាយ​ជាមួយ​ជាច្រើន​ឆ្នាំ​មកហើយ។

ពេលត្រូវបាន​សាកសួរ​ថា​តើ​លោក​ប្រហែល​អាច​ផ្តល់​អ្វី​ដល់​លោក Trump លោក​ Putin ច្រានចោល​ការ​អះអាងដែល​ថា​រុស្ស៊ី​ស្ថិត​ក្នុង​ស្ថានភាពទន់ខ្សោយ ដោយ​និយាយ​ថា រុស្ស៊ី​កាន់​តែខ្លាំងជាង​មុន តាំងពី​ខ្លួន​បាន​បញ្ជាទ័ព​ឱ្យ​វាយ​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២។

បន្ទាប់ពីបាននិយាយ​ថាកងកម្លាំង​រុស្ស៊ី​បាន​រុល​ទៅ​មុខ​នៅ​សមរភូមិ​ទាំងស្រុង​នោះ លោក Putin បានថ្លែង​ថា ខ្លួន​កំពុង​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចម្បង​របស់​ខ្លួន​នៅ​អ៊ុយក្រែន។ លោកថ្លែងថា៖«យើង​តែង​និយាយ​ថាយើង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចរចា​និង​សម្រួល​គ្នា»។

លោក​បន្ថែមថា៖«ក្នុងពេល​ឆាប់ៗ ខ្ញុំគិតថា​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ចង់​វាយប្រយុទ្ធ​នឹង​លែង​មាន។ ឆាប់ៗខាងមុខ នឹង​មិនមាន​អ្នកចង់​ចេញ​ប្រយុទ្ធ​ទៀតទេ។ យើង​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​ក៏​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា​និង​សម្រួប​សម្រួល​ផងដែរ»។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ខែមុន​ថា លោក Putin បើក​ចំហ​ក្នុង​ការពិភាក្សា​អំពី​កិច្ចព្រមព្រៀង​បទឈប់​បាញ់​ជាមួយ​លោក Trump ប៉ុន្តែ​លើកឡើងថា លោក​ច្រានចោល​ការ​ធ្វើ​សម្បទាន​ទឹកដី​ធំៗ​ណាមួយ និង​បាន​ទទូច​ឱ្យ​អ៊ុយក្រែន​បោះបង់​ចោលមហិច្ឆតា​ចូលជាសមាជិក​អូតង់៕

XS
SM
MD
LG