ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៣៦ គ្រឿង ដែលមានការទាក់ទិនក្នុងការវាយប្រហារទៅលើតំបន់នានារបស់រុស្ស៊ីដែលមានព្រំដែនជាមួយអ៊ុយក្រែន។
ក្រសួងការពារជាតិនោះបានបញ្ជាក់ទៀតថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៨ គ្រឿងដែលបានហោះនៅលើតំបន់ Bryansk ៩ នៅលើតំបន់ Kursk និងជាង ៩ គ្រឿងទៀតហោះនៅលើតំបន់ Belgorod។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានរាយការណ៍ពីខូចខាតដល់ផ្ទះសម្បែងនៅក្នុងភូមិពីរ ហើយបាននិយាយនៅលើតេឡេក្រាមថា តំបន់ជាច្រើនគ្មានភ្លើងអគ្គិសនី បន្ទាប់ពីការវាយប្រហារនោះ។
អភិបាលតំបន់ Bryansk និង Kursk បាននិយាយថា មិនមានសេចក្តីរាយការណ៍ពីមនុស្សរងរបួសឬការខូចខាតនៅក្នុងតំបន់របស់ខ្លួនទេ។
រុស្ស៊ីក៏បានអះអាងពីការបង្កើនការប្រយុទ្ធកាលពីថ្ងៃចន្ទ ដោយនិយាយថា កងទ័ពរបស់ខ្លួនបានត្រួតត្រាភូមិ Stepova Novoselivka នៅតំបន់ Kharkiv ភាគឦសាន្តប្រទេសអ៊ុយក្រែននិងភូមិ Novopokrovka តំបន់ Donetsk ភាគខាងកើត។
មិនមានអត្ថាធិប្បាយភ្លាមៗមកពីអ៊ុយក្រែនអំពីស្ថានភាពនៅក្នុងតំបន់ Kharkiv ឬ Donetsk ទេ។
កងទ័ពអាកាសរបស់អ៊ុយក្រែនបានចេញការប្រុងប្រៀបកាលពីថ្ងៃចន្ទនៅក្នុងតំបន់ភាគខាងត្បូងនិងភាគខាងកើតរបស់អ៊ុយក្រែន ដែលជារឿយៗជាទីដៅនៃការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយកាលពីថ្ងៃចន្ទនៅលើតេឡេក្រាមថា កងទ័ពរុស្ស៊ីបានវាយប្រហារដោយប្រើកាំជ្រួចមីស៊ីលនិងកាំភ្លើងធំ ដោយការវាយប្រហារកាំជ្រួចមីស៊ីលនៅក្នុងទីក្រុង Dnipro បានធ្វើឱ្យមនុស្ស ៧ នាក់ រងបួស។
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ