ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានសង្កត់ធ្ងន់លើតម្រូវការ«ប្រព័ន្ធការពារកាំជ្រួចដ៏មានឥទ្ធិពលសម្រាប់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មរបស់រុស្ស៊ី»។ លោកថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំអង្គការអូតង់។
ការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បានធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំអូតង់នៅទីក្រុងម៉ាឌ្រីត ដែលបញ្ហាអ៊ុយក្រែនត្រូវបានគេរំពឹងថា ជាប្រធានបទសំខាន់នៃការពិភាក្សានោះ។
បន្ទាប់ពីបាននិយាយជាមួយលោក Zelenskyy លោក Stoltenberg បានសរសេរតាមTwitter ថា «នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់របស់យើង យើងនឹងបង្កើនការគាំទ្រសម្រាប់ដៃគូជិតស្និទ្ធរបស់យើងគឺ អ៊ុយក្រែន ទាំងឥឡូវនេះ និងទៅមុខទៀត។ សម្ព័ន្ធមិត្តអូតង់ឈរជាមួយអ្នក»។
លោក Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា សម្ព័ន្ធមិត្តយោធាលោកខាងលិចកំពុងប្រកាសកំណើន៧ដងនៃចំនួនទាហានរបស់ខ្លួនត្រៀមគ្រាអាសន្ន គឺពី៤ម៉ឺននាក់ ទៅជាង៣០ម៉ឺននាក់ ។
ក្រុមអ្នកជួយសង្គ្រោះនៅភាគកណ្តាលអ៊ុយក្រែនបានធ្វើការនៅថ្ងៃអង្គារដើម្បីស្វែងរកអ្នកនៅរស់នៅមជ្ឈមណ្ឌលលក់ទំនិញដែលកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់។
លោក Zelenskyy បាននិយាយថា មានជនស៊ីវិលជាង១០០០នាក់នៅក្នុងផ្សារទំនើបក្នុងទីក្រុង Kremenchuk នៅពេលមានការវាយប្រហារ ដែលគាត់ហៅថា «មានការគិតគូរ»។
លោក Zelenskyy បាននិយាយកាលពីថ្ងៃច័ន្ទក្នុងសុន្ទរកថាតាមវីដេអូពេលយប់ថា «នេះមិនមែនជាការវាយប្រហារដោយចៃដន្យនោះទេ។ នេះគឺជាការវាយប្រហារដែលរុស្ស៊ីបានគិតគូរយ៉ាងពិតប្រាកដទៅលើផ្សារទំនើបនេះ» ។ លោកបានបន្ថែមថា ការវាយប្រហារនេះគឺជា«ការវាយប្រហារភេរវកម្មដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុប»។
លោក Zelenskyy បាននិយាយមុននេះតាម Telegram ថា ចំនួនអ្នកស្លាប់គឺ«មិនអាចនឹកស្មានដល់» ហើយថា ផ្សារទំនើបដែលនៅក្នុងទីក្រុងចម្ងាយ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានី កៀវ នេះ«គ្មានគ្រោះថ្នាក់ដល់កងទ័ពរុស្ស៊ីនិង គ្មានតម្លៃយុទ្ធសាស្ត្រទេ» ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសរសេរតាម Twitter ថា «ពិភពលោករន្ធត់ចិត្តចំពោះការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើផ្សារទំនើបដែលមានមនុស្សកកកុញនៅអ៊ុយក្រែន។ វាជាអំពើដ៏ឃោរឃៅបន្តបន្ទាប់
ចុងក្រោយបង្អស់។ យើងនឹងបន្តគាំទ្រដៃគូអ៊ុយក្រែនរបស់យើង និងឱ្យរុស្ស៊ី រួមទាំងអ្នកប្រព្រឹត្ត ទទួលខុសត្រូវផងដែរសម្រាប់អំពើឃោរឃៅនេះ»។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានហៅការវាយប្រហារនេះថា ជារឿង«គួរឱ្យសោកស្តាយ» ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ តាមសំណើរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)