ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារតាមអាកាសសំដៅលើទីក្រុងកៀវនិងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន។
កងទ័ពជើងអាកាសអ៊ុយក្រែនបានលើកឡើងថា ការផ្ដោតដ៏ធំបំផុតគឺលើតំបន់កៀវ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាតំបន់កៀវ បានបញ្ជាក់តាម Telegram ថា ដ្រូនទាំងនោះបានបង្ហោះចូលមកជាបន្តបន្ទាប់ជាច្រើន និងថាការប្រកាសអាសន្នដែនអាកាសនៅក្នុងតំបន់កៀវមានរយៈពេល ៣ ម៉ោង។
គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយភ្លាមៗថាមានអ្នកស្លាប់ឬក៏រងរបួសនៅក្នុងការវាយប្រហារនេះទេ។
នៅក្នុងតំបន់ Lviv នៅភាគខាងលិចអ៊ុយក្រែន អភិបាលតំបន់នេះលោក Maksym Kozytskiy បាននិយាយថា រុស្ស៊ីបានប្រើដ្រូនដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ។
មន្ត្រីនៅក្នុងទីក្រុង Zaporizhzhia ក៏បានរាយការណ៍ផងដែរអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងតំបន់កសិកម្មនានា។
អ៊ុយក្រែនកំពុងស្វះស្វែងរកថវិកា ចំនួន ៤០ ពាន់លានដុល្លារសម្រាប់ដំណាក់កាលដំបូងនៃ «ផែនការ Green Marshall» ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងអំឡុងកិច្ចប្រជុំ ២ ថ្ងៃក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដែលនឹងចាប់ដ្ដើមនៅថ្ងៃពុធស្អែក អ្នកនយោបាយនិងវិនិយោគិននានានឹងពិភាក្សាអំពីការកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញរយៈពេលខ្លីនិងរយៈពេលវែង ដែលក្នុងនោះរួមមានទាំងឧស្សាហកម្មដែកនិងដែកថែបដែលមិនប្រើធ្យូងថ្មផងដែរ។
បើយោងតាមធនាគារពិភពលោក ការកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយរហូតដល់ ៤០០ ពាន់លានដុល្លារ គឺ ៣ ដងនៃផលទុនជាតិសរុប (GDP) របស់អ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក អ្នកគាំទ្រខាងក្រៅនានាបានផ្ដល់ថវិកា ៥៩ ពាន់លានដុល្លារដើម្បីជួយគាំទ្រអ៊ុយក្រែនក្នុងអំឡុងពេលសង្គ្រាម។
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។