ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​ទីក្រុង Odesa របស់​អ៊ុយក្រែន


អគារ​មួយ​ត្រូវបានខូចខាតពីការ​បាញ់ផ្លោង​របស់​រុស្ស៊ីនៅក្រុង​ Odesa
អគារ​មួយ​ត្រូវបានខូចខាតពីការ​បាញ់ផ្លោង​របស់​រុស្ស៊ីនៅក្រុង​ Odesa

មីស៊ីល​មួយ​គ្រាប់​របស់​រុស្ស៊ី​បាន​បាញ់​ចំ​ទីក្រុង Odesa នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៣ នាក់​ស្លាប់​និង ១៣ នាក់​ទៀត​រង​របួស។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា មីស៊ីល​ស្វ័យ​នាំ​ផ្លូវ Kalibr ៤ គ្រាប់​ត្រូវ​បាន​រុស្ស៊ី​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា មីស៊ីល​មួយ​គ្រាប់​បាន​បាញ់​ចំ​ឃ្លាំង​មួយ​កន្លែង​ដោយ​បាន​សម្លាប់​មនុស្ស ៣ នាក់ និង​ថា​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ផង​ដែរ​ដល់​ផ្ទះ​សម្បែង​និង​ហាង​មួយ​ចំនួន​នៅ​កណ្ដាល​ក្រុង Odesa។

មន្ត្រី​នានា​បាន​បញ្ជាក់​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រុករក​ក្រែង​មាន​មនុស្ស​នៅ​កប់​ក្រោម​គំនរ​បាក់បែក​របស់​អគារ។​ ទីភ្នាក់ងារ​មនុស្ស​ធម៌​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ។

អ្នក​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អ៊ុយក្រែន​អ្នកស្រី Denise Brown បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ជា​ថ្មី​ម្ដង​ទៀត មនុស្ស​នៅ​ក្នុង​ទីក្រុង Odesa បាន​ក្រោក​ពី​ដេក​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​ឬ​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ។ នេះ​មិន​មែន​ជា​ករណី​ដាច់​ដោយ​ឡែក​មួយ​នោះ​ទេ។ ចាប់​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក ការ​វាយ​ប្រហារ​មិន​រើស​មុខ​និង​ការ​ប្រើ​គ្រាប់​ផ្ទុះ​ដែល​មាន​ផល​ប៉ះពាល់​ទូលំទូលាយ​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់ រួម​ទាំង​កុមារ​ផង​ដែរ​ត្រូវ​បាន​សម្លាប់​និង​រង​របួស។ ករណី​នេះ​ត្រូវតែ​បញ្ឈប់»។

នៅ​ក្នុង​ខេត្ត Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ឯណោះ​វិញ មន្ត្រី​នានា​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣ នាក់​នៅ​ក្នុង​ទីក្រុង Kramatorsk និង​ទីក្រុង Konstantinovka។

ការិយាល័យ​រដ្ឋអាជ្ញា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​បាញ់​ផ្លោង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​តំបន់ Sumy នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​បាន​ប៉ះ​ចំ​រថយន្ត​មួយ​គ្រឿង​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី ដោយ​បាន​សម្លាប់​មនុស្ស ៦ នាក់៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP,​ AFP និង​Reuters។

XS
SM
MD
LG