ប្រទេសរុស្ស៊ី បានរាយការណ៍ថា មានការឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន២០.៥៨២ករណីនៅថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង មិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការដែលមន្ត្រីសុខាភិបាលសាធារណៈ នឹងធ្វើដើម្បីទប់ស្កាត់ការកើនឡើងនេះទេ។
ដោយសារប្រទេសរុស្ស៊ី មានការឆ្លងជំងឺកូវីដ១៩ ជាង១,៧លានករណី រុស្ស៊ីជាប្រទេសមានការឆ្លងខ្លាំងទី៤ ដោយមានតែសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលប៉ុណ្ណោះដែលមានករណីឆ្លងមេរោគនេះច្រើនជាង។
ចំណែកប្រទេសឥណ្ឌាវិញ បានរាយការណ៍ថា មានករណីជំងឺកូវីដ១៩ថ្មី ជាង៤៧.០០០ករណីនៅថ្ងៃសុក្រ។
ដោយឡែកនៅទ្វីបអឺរ៉ុប អ្នកដំណើរពីប្រទេសដាណឺម៉ាកទៅចក្រភពអង់គ្លេស ឥឡូវនេះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ។ កាលពីថ្ងៃសុក្រ ប្រទេសដាណឺម៉ាកត្រូវបានដកចេញពីរបៀងធ្វើដំណើរពិសេសរបស់អង់គ្លេស បន្ទាប់ពីនៅប្រទេសក្នុងតំបន់ Scandanaviaនេះ មានការឆ្លងវីរុសកូរ៉ូណានៅកសិដ្ឋានសត្វសំពោចប្រភេទ mink ។
ប្រទេសដាណឺម៉ាក បានប្រកាសថា ខ្លួនកំពុងសម្លាប់សត្វ minks ជាង១៥លានក្បាលក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា ក្នុង់ចំណោមសត្វនេះ។
វីរុសដែលបង្កទៅជាជំងឺកូវីដ១៩នេះ បានរាលដាលពាសពេញទ្វីបអឺរ៉ុបម្តងទៀត ដោយប្រទេសអង់គ្លេស បានចាប់ផ្តើមបិទសកម្មភាពក្នុងប្រទេសរយៈពេល៤សប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសក្រិក នឹងចាប់ផ្តើមបិទរយៈពេល៣សប្តាហ៍ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍។
ប្រទេសអ៊ីតាលីវិញ ក៏កំពុងចាប់ផ្តើមវិធានការរឹតត្បិតថ្មីទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេស។ នៅក្នុងអ្វីដែលគេហៅថា ការបិទមិនតឹងរ៉ឹង ឬ soft lockdown នោះ រដ្ឋាភិបាលអ៊ីតាលី បានធ្វើការបែងចែកប្រទេសតាមពណ៌ ដោយយោងតាមកម្រិតហានិភ័យ និងការដាក់កំហិតតំបន់និមួយៗខុសគ្នាតាមពណ៌នោះ។
ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ នៅជុំវិញពិភពលោក ជំងឺកូវីដបានឆ្លងដល់មនុស្សជាង៤៨,៨លាននាក់ និងបានសម្លាប់មនុស្សជាង១,២លាននាក់៕