ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក រាយការណ៍​អំពី​ករណី​​ឆ្លង​ជំងឺ​កូវីដ​១៩​កើនឡើង​ខ្លាំង​បំផុត


អ្នកទិញទំនិញម្នាក់ ពាក់ម៉ាស​ដើរ​នៅឯ​ហាងលក់​ទំនិញ ក្នុង​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។
អ្នកទិញទំនិញម្នាក់ ពាក់ម៉ាស​ដើរ​នៅឯ​ហាងលក់​ទំនិញ ក្នុង​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​កត់​ត្រា​នូវ​ចំនួន​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ដ៏​ខ្ពស់​បំផុត​ ចាប់តាំង​ពី​ការចាប់ផ្តើម​រាតត្បាត​មក​ដោយ​មានការ​ឆ្លង​ជាង​១សែន​ ១ម៉ឺន ​៧ពាន់​ករណី​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ។

ព័ត៌មាន​អំពី​ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​ការឆ្លងវីរុសនោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កើត​មាន​ឡើង​នៅពេល​ដែល​ពួក​អ្នក​បោះឆ្នោត​រង់ចាំ​លទ្ធផល​ផ្តាច់ព្រ័ត​នៃ​ការបោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក។

លោក Mike DeWine អភិបាល​រដ្ឋ Ohio បាន​និយាយ​ថា «វីរុស​នោះ កំពុង​ដេញ​តាម​យើង​ទាំងអស់​គ្នា។ វីរុស​នេះ​ មិន​ខ្វល់​ថាតើ​យើង​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ឬ​ឲ្យ​លោក Joe Bidenទេ»។

វីរុសកូរ៉ូណានៅ​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​រាលដាល​នៅ​ទូទាំង​ប៉ែក​ខាង​លិច​នៃ​ភូមិភាគ​កណ្តាល​ និង​តំបន់វាល​ទំនាប Great Plains ដែល​ជាផ្នែក​ដ៏​ធំមួយ​នៃភាគកណ្តាល​ និង​ខាង​លិច​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ មាន​ការឆ្លង​ជំងឺ​កូវីដ១៩​ ជាង​៩លាន ​៦សែនករណី​នៃ​ចំនួន​ទាំងអស់​របស់​ពិភពលោក​ចំនួន​៤៨លាន ​៦សែន​ករណី។

វីរុស​កូរ៉ូណា​ ក៏​កំពុង​រាលដាល​នៅ​ទូទាំង​តំបន់​អឺរ៉ុប។ ប្រទេស​អង់គ្លេស បាន​ចាប់ផ្តើម​បិទ​សកម្មភាព​សង្គម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំនួន​៤សប្តាហ៍។ ប្រទេស​ក្រិក នឹង​ចាប់ផ្តើមបិទ​សកម្មភាព​សង្គម​ចំនួន​៣​សប្តាហ៍​ ចាប់ពីថ្ងៃ​សៅរ៍​ស្អែក​នេះ​ទៅ។

ប្រទេស​ដាណាម៉ាក បាន​ប្រកាស​ថា ខ្លួន គ្រោង​សម្លាប់​សត្វ​សំពោច​ជាង​១៥លាន​ក្បាល​នៅ​ក្នុង​ការខំប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការរាលដាល​នៃការឆ្លង​វីរុស​កូរ៉ូណា​មួយ​ប្រភេទ​ដែលត្រូវគេ​រកឃើញ​ក្នុង​សត្វ​សំពោច​នេះ។

ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ការឆ្លង​ជាង​៤ម៉ឺន​ ៧ពាន់​ករណី​ថ្មី​ នៅ​ថ្ងៃ​សុក្រ​នេះ។

ឥណ្ឌា​ ស្ថិតក្នុងលំដាប់​ថ្នាក់​លេខ២​ក្រោយ​សហរដ្ឋ​អាមេរិក ​ដោយ​មាន​ការ​ឆ្លង​ចំនួន​៨លាន​ ៤សែន​ករណី។ ប្រទេស​ប្រេហ្ស៊ីល ស្ថិតក្នុងលំដាប់​ទី៣​ ដោយ​មានការ​ឆ្លង​ចំនួន​៥លាន​ ៦សែន​ករណី៕

XS
SM
MD
LG