ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​២០០​នាក់​ទៀត ធ្វើ​តេស្ត​កូវីដ លទ្ធផល​អវិជ្ជមាន ក្រោយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋមន្រ្តី​ហុងគ្រី


លោក Peter Szijjarto និងលោក ប្រាក់ សុខុន អំឡុងពិធីសម្ភោធការិយាល័យតំណាងស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto) | Hungarian foreign minister Peter Szijjarto and Cambodian foreign minister)
លោក Peter Szijjarto និងលោក ប្រាក់ សុខុន អំឡុងពិធីសម្ភោធការិយាល័យតំណាងស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto) | Hungarian foreign minister Peter Szijjarto and Cambodian foreign minister)

មនុស្ស​ជាង​២០០​នាក់​ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ក្រោយ​ពី​ពួកគេ​ដឹង​ថា​ ខ្លួន​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី ឬ​ក៏​យ៉ាង​ហោច​ណាស់ បាន​ចូលរួម​កម្មវិធី​ដែល​មន្រ្តី​ការ​បរទេស​នោះ​ មាន​វត្តមាន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រសួង​សុខាភិបាលបញ្ជាក់​ថា ​មនុស្ស​២១២​នាក់ទៀត រួម​មាន​ជនជាតិ​ហុង​គ្រី​ម្នាក់ ត្រូវ​បាន​ធ្វើ​តេស្ត ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំង​អស់។ សរុប​អ្នក​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ ពាក់ព័ន្ធ​នឹងរដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី មាន​ចំនួន​៨៤០​នាក់។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​នេះ​ជា​ការ​ធ្វើ​តេស្ត​លើក​ទី​មួយ ដោយ​អំពាវនាវ​ឲ្យ​ពួកគេ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែកតាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​តម្រូវ​ឲ្យ​មក​ធ្វើ​តេស្ត​បី​ដ​ង​ទៀត​ ដែល​ការ​យក​វត្ថុ​សំណាក ធ្វើ​ឡើង​នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។

គួរ​បញ្ជាក់​ថា ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី លោក Peter Szijjarto បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ ហើយ​ត្រូវ​បាន​រាយការណ៍​ថា ​មាន​ជំងឺ​កូវីដ​១៩ ពេល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។

មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេ​ថា ​រដ្ឋមន្រ្តី​ការបរទេស​នោះ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ណា ​និង​នៅ​ទី​ណា។ តែ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ហុងគ្រី បាន​និយាយ​ថា ​រដ្ឋមន្រ្តី​ការបរទេសរូបនេះ ​ត្រូវ​បាន​ធ្វើ​តេស្ដ​ឃើញ​អវិជ្ជមាន​កូវីដ​១៩ មុន​ពេល​លោក​ឡើង​យន្តហោះ ធ្វើ​ដំណើរ​មក​ទ្វីប​អាស៊ី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ថា​ ខ្លួន​លោក​ផ្ទាល់ ភរិយា​របស់​លោក គឺ​លោកស្រី ប៊ុន រ៉ានី អ្នក​បើកបរ ក្រុម​អង្គរក្ស សរុប​១៨​នាក់ ក៏​បាន​ធ្វើ​តេស្ដ​រក​វីរុស​កូរ៉ូណាដែរ ហើយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន៕

XS
SM
MD
LG