ជាលើកដំបូងចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកមក កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងប្រទេសនេះ មានករណីឆ្លងថ្មីជាង ១ សែនករណី។ នេះបើយោងតាមទិន្នន័យរបស់គម្រោងតាមដានជំងឺកូវីដ១៩ របស់ទស្សនាវដ្តី The Atlantic។
សហរដ្ឋអាមេរិក កំពុងជួបប្រទះនៃការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ ជាពិសេសនៅទូទាំងតំបន់កណ្តាលភាគខាងជើង និងតំបន់ Great Plains ដែលជាផ្នែកដ៏ធំមួយនៅភាគកណ្តាល និងខាងលិចសហរដ្ឋអាមេរិក។
គម្រោងតាមដានជំងឺកូវីដ១៩ នេះ ក៏បានកត់ត្រាផងដែរថា មានអ្នកជំងឺកូវីដ១៩ ជាង ៥ ម៉ឺននាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃទី ២ ជាប់ៗគ្នាកាលពីថ្ងៃពុធម្សិលមិញ។
ការរាតត្បាតនៃជំងឺកូវីដ១៩ នេះ ក៏កំពុងកើតឡើងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុបជាលើកទី ២ ផងដែរ។
នៅក្នុងប្រទេសអ៊ីតាលី លោកនាយករដ្ឋមន្ត្រី Giuseppe Conte បានផ្សព្វផ្សាយអំពីប្រព័ន្ធថ្មីមួយ ដែលនឹងដាក់ការរឹតត្បិតតាមកម្រិតផ្សេងៗគ្នា ដើម្បីទប់ទល់នឹងការផ្ទុះឡើងវិញនូវការឆ្លងខ្លាំងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់លោក។
ប្រព័ន្ធនោះ បែងចែកតំបន់ទាំង ២០ នៅក្នុងប្រទេសអ៊ីតាលីឲ្យទៅជាតំបន់តាមលំដាប់ពណ៌ចំនួន ៣ គឺពណ៌ក្រហម ទឹកក្រូច និងលឿង ដោយពណ៌ក្រហមបង្ហាញពីតំបន់ដែលមានការរឹតត្បិតតឹងតែងបំផុត ហើយពណ៌លឿងមានការរឹតត្បិតតិចតួច។
ការរឹតត្បិតថ្មីនេះ ចូលជាធរមាននៅថ្ងៃសុក្រស្អែកនេះ ហើយនឹងស្ថិតនៅជាធរមានរហូតដល់ថ្ងៃទី ៣ ខែធ្នូ។ ប្រទេសអ៊ីតាលី រួមទាំងចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ និងប្រទេសបែលហ្សិក បានដាក់កំហិតបិទសកម្មភាពសង្គមដ៏តឹងរឹងដើម្បីបញ្ឈប់រលកថ្មីនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះ៕