ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា អាច​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​របស់​ខ្លួន​មុន​កាលកំណត់


រូបឯកសារ៖ អ្នកវិទ្យាសាស្រ្ត​ស្រាវជ្រាវ ធ្វើការ​នៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន Serum របស់​ប្រទេស​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុសកូរ៉ូណា នៅ​ទីក្រុង Puneនៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកវិទ្យាសាស្រ្ត​ស្រាវជ្រាវ ធ្វើការ​នៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន Serum របស់​ប្រទេស​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុសកូរ៉ូណា នៅ​ទីក្រុង Puneនៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ទីភ្នាក់​ងារ​ព័ត៌មាន Reuters​ រាយការណ៍​នៅ​ថ្ងៃព្រហ្បតិ៍​ថា​ ប្រទេស​ឥណ្ឌា ​កំពុងឈាន​ទៅ​មុខ​យ៉ាង​លឿន​ក្នុង​ការងារផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ខណៈពេល​ដែលក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់ប្រទេស​អង់គ្លេស AstraZeneca​ លើក​ឡើង​ថា​ ការ​ផលិតវ៉ាក់សាំង​របស់​ខ្លួនមានការ​យឺតយ៉ាវ​បន្តិច​ នៅ​ពេល​ដែល​ពិភព​លោក​ទាំង​មូល កំពុង​ប្រយុទ្ធ​ប្រឆាំ​ងជំងឺ​កូវីដ​១៩ និង​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ។

វ៉ាក់សាំង​ត្រូវ​បាន​គេមើលឃើញថា​ ជាវិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទប់​ស្កាត់វីរុសកូរ៉ូណា​ ដែល​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍នេះ បានឆ្លង​ដល់​មនុស្ស​ជាង​៤៨ ​លាននាក់​ និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១,២​ លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក។ ជំងឺ​រាតត្បាត​នេះ ក៏​បានធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់សេដ្ឋកិច្ច​ ​និង​ជីវិត​មនុស្ស​រាប់ពាន់​លាន​នាក់​ ចាប់​តាំង​ពីវីរុស​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន​មក។​

វ៉ាក់សាំង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​ អាច​ត្រូវ​បាន​គេ​ផលិត​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ ​ដែល​លឿន​ជាង​ការ​គ្រោង​ទុក​រាប់​ខែ​ ដោយសារ​ការ​សាក​ល្បង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ ​បាន​ចាប់​ផ្តើម​នៅខែ​នេះ​ ហើយ​ការ​សិក្សាបង្ហាញ​ថា​ វ៉ាក់សាំង​របស់​ឥណ្ឌានោះរហូត​មក​ដល់​ពេល​នេះ​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធិភាព​ នេះ​បើ​តាម​អ្នក​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ម្នាក់ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន Reuters។

ក្រុមហ៊ុន​ផលិត​ឱសថ​ឯកជន​របស់​ឥណ្ឌា​ Bharat Biotech កំពុង​បង្កើតវ៉ាក់សាំង​ការពារ​ជំងឺកូវីដ​ដែល​មាន​ឈ្មោះ​ថា COVAXIN​ ដោយ​រួម​សហការ​ជាមួយរដ្ឋាភិបាល​ឥណ្ឌា​ ហើយ​សង្ឃឹម​ថា ​នឹង​អាច​ដំណើរការដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ត្រី​មាសទី​២ ឆ្នាំ​ក្រោយ​តែ​ប៉ុណ្ណោះ។

អ្នក​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​ឥណ្ឌា​លោក Rajni Kant ​ដែល​ជា​សមាជិក​របស់​គណៈកម្មាធិការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩​របស់​រដ្ឋាភិបាល​ឥណ្ឌា​ផង​ដែរ​នោះ​ បា​ន​ឲ្យ​ដឹងថា៖​ «វ៉ាក់សាំង​ដែលផលិត​ដោយ​ឥណ្ឌានេះ​ មាន​ប្រសិទ្ធិភាព​ល្អ»។​

នៅ​ពេល​នេះ​ មាន​វ៉ាក់សាំង​សាកល្បងប្រមាណ​៤៥​ នៅ​ជុំវិញ​ពិភព​លោក​ កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ ហើយក្រុមហ៊ុន​ផលិត​ឱសថ​របស់អាមេរិក Pfizer ថា​ខ្លួន​នឹង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​អាមេរិក​ ដែល​នេះ​បើកឲ្យ​មាន​លទ្ធភាព​អាច​មានការ​ផលិត​វ៉ាក់សាំង​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ក្នុងសហរដ្ឋ​អាមេរិក​នៅ​ចុង​ឆ្នាំ​២០២០ ​នេះ៕​ ​

XS
SM
MD
LG