អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Ryabkov បាននិយាយថា រុស្សីនិងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើឲ្យជឿនលឿនដ៏សំខាន់ ជុំវិញជម្លោះស្តីពីដំណើរការនៃស្ថានទូតរបស់ប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងមូស្គូកាលពីថ្ងៃអង្គារម្សិលមិញ ហើយអាចមានហានិភ័យដែលនឹងធ្វើឲ្យប៉ះពាល់កាន់តែអាក្រក់ខ្លាំងថែមទៀតទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។
ដោយទំនាក់ទំនងក្រោយសង្គ្រាមត្រជាក់ បានធ្លាក់ដល់កម្រិតទាប រុស្សីនិងសហរដ្ឋអាមេរិក កំពុងមានជម្លោះទាក់ទិននឹងបេសកកម្មការទូតរបស់ខ្លួន ដែលក្នុងនោះក៏រួមមានចំនួនអ្នកការទូត ដែលត្រូវបញ្ជូនទៅធ្វើការនៅក្នុងស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីនៃប្រទេសទាំងពីរផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Ryabkov ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្សី Interfax ដកស្រង់សម្តីក្រោយជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland មកចុះផ្សាយថា «ខ្ញុំមិនអាចនិយាយថា យើងទទួលបាននូវការជឿនលឿនទៅមុខពីកិច្ចប្រជុំនោះទេ។ វាមានហានិភ័យដែលអាចធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀត»។
គេនៅពុំទាន់ឃើញមានការបញ្ជាក់ភ្លាមៗណាមួយ ពីខាងភាគីសហរដ្ឋអាមេរិកនោះទេ។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្សីបានលើកឡើងថា ការស្នើរបស់សភាអាមេរិកក្នុងការបណ្តេញអ្នកការទូតរុស្សីចំនួន៣០០នាក់ចេញពីសហរដ្ឋអាមេរិកនោះ នឹងនាំទៅដល់ការបិទស្ថានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្សី ប្រសិនបើសំណើនេះត្រូវបានអនុវត្តនោះ។
លោក Ryabkov និយាយថា កិច្ចប្រជុំជាមួយលោកស្រី Nuland មានលក្ខណៈបើកចំហរ និងមានសារៈសំខាន់ ប៉ុន្តែជំហររបស់ភាគីទាំងពីរនៅតែមិនទាន់ចុះសម្រុងគ្នានៅឡើយ។
រដ្ឋាភិបាលក្រុងមូស្គូមិនបដិសេធពីលទ្ធភាពនៃការបិទស្ថានបេសកកម្មការទូតរវាងរុស្សីនិងសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែខ្លួនចង់បញ្ចៀសនូវស្ថានភាពនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Interfax ដែលបានស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Ryabkov។
លោកបន្ថែមថា ភាគីទាំងពីរនឹងបើកការពិគ្រោះយោបល់គ្នាជាថ្មីម្តងទៀត ដើម្បីធ្វើការពិគ្រោះអំពីបញ្ហាអ្នកការទូតនិងទិដ្ឋាការ តែគេមិនទាន់កំណត់ថ្ងៃជួបប្រជុំគ្នានៅឡើយនោះទេ៕