លទ្ធផលនៃការបោះឆ្នោតបីថ្ងៃនៅក្នុងប្រទេសរុស្សីដែលបានបញ្ចប់កាលពីថ្ងៃទី១៩ ខែកញ្ញា មិននាំឱ្យពួកអ្នកប្រឆាំងនឹងលោក Putin ភ្ញាក់ផ្អើលទេ។ ពួកគេបានព្រមាន ជាច្រើនខែមកហើយ។
អាជ្ញាធរវិមានក្រឹមឡាំង បានរារាំងបណ្តាបេក្ខជនឯករាជ្យពិតប្រាកដ ជាពិសេសក្រុមអ្នកគាំទ្រលោក Alexei Navalny ដែលជាមេដឹកនាំក្រុមប្រឆាំងជាប់ពន្ធនាគារ មិនឱ្យឈរឈ្មោះសម្រាប់សភា Duma ដែលមាន៤៥០អាសនៈ។
ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅនៅពេលមានការបង្ក្រាបលើក្រុមប្រឆាំងដែលនាំឱ្យគ្មានការសង្ស័យថា គណបក្សរុស្សីរួបរួមដែលជាគណបក្សគ្រប់គ្រងប្រទេសរបស់លោក Putin នឹងឈ្នះទៀត ហើយមានសមាជិកភាគច្រើនក្នុងសភា។
គណបក្សនេះ បានអះអាងជ័យជម្នះតែពីរបីម៉ោងក្រោយស្ថានីយ៍បោះឆ្នោតបិទទ្វារកាលពីថ្ងៃអាទិត្យទី១៩ ខែកញ្ញា ក្រោយពីការបោះឆ្នោតបីថ្ងៃ នៅពេលមានការអះអាងថា មានការបញ្ចូលសន្លឹកឆ្នោតបន្ថែមក្នុងប្រអប់បោះឆ្នោត ការគៃបន្លំសន្លឹកឆ្នោត និងការបង្ខំឱ្យក្រុមអ្នករដ្ឋការគាំទ្រពួកបេក្ខជនគណបក្សរុស្សីរួបរួម។
លោក Andrei Turchak មន្ត្រីគណបក្សរុស្សីរួបរួមបាននិយាយថា គណបក្សលោក នឹងឈ្នះទទួលបានកៅអីជាង៣០០ក្នុងបណ្តាអាសនៈ៤៥០ក្នុងសភា Duma។ លោក បានថ្លែងប្រាប់អ្នកកាសែតក្នុងទីក្រុងម៉ូស្គូថា គណបក្សលោកទំនងជានឹងមានកៅអី៣១៥ ក្នុងសភាជាន់ទាបរបស់រុស្សី។
កាលពីថ្ងៃទី២០ ខែកញ្ញា គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសរុស្ស៊ី បានរាយការណ៍អំពីលទ្ធផលដំបូងៗ ក្រោយពីសន្លឹកឆ្នោត៩០% ត្រូវបានរាប់ ហើយថា គណបក្សរុស្សីរួបរួមបានទទួលសន្លឹកឆ្នោតគាំទ្រ៤៩%សម្រាប់ពួកបេក្ខជនចេញពីបញ្ជីរបស់គណបក្ស និងបានទទួលសន្លឹកឆ្នោតគាំទ្រប្រមាណ៨៧%ដែលតំណាងរាស្ត្រម្នាក់ ត្រូវតែងតាំងនៅក្នុងមណ្ឌលនីមួយៗ។ កៅអីក្នុងសភា Duma ចំនួនពាក់កណ្តាល ត្រូវបានទុកដោយឡែកដោយបញ្ជីបោះឆ្នោតរបស់គណបក្ស ហើយពាក់កណ្តាលទៀត ត្រូវបានតែងតាំងតាមការបោះឆ្នោតភាគច្រើនក្នុងមណ្ឌល។
ទិន្នន័យការបោះឆ្នោតនៅមុនការបោះឆ្នោត បានបង្ហាញថា ជនជាតិរុស្សីតែ២៦%ប៉ុណ្ណោះ ប្រុងប្រៀបបោះឆ្នោតឱ្យគណបក្សរុស្សីរួបរួម។
ភាពមិនប្រក្រតី
នៅពេលបោះឆ្នោតបីថ្ងៃនៅទូទាំងតំបន់ដែលមានម៉ោងខុសគ្នាទាំង១១ អ្នកសង្កេតការបោះឆ្នោត និងអ្នកបោះឆ្នោត បានរាយការណ៍អំពីការរំលោភរាប់ពាន់។ វីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញការបន្លំបញ្ចូលសន្លឹកឆ្នោតបន្ថែមក្នុងប្រអប់ឆ្នោត ការបណ្តេញក្រុមអ្នកឃ្លាំមើលឯករាជ្យចេញពីស្ថានីយ៍បោះឆ្នោត និងបេក្ខជនប្រឆាំងពីរបីនាក់ដែលត្រូវអនុញ្ញាតឱ្យឈរឈ្មោះ ត្រូវគេយាយីនៅទីនោះ។
វីដេអូមួយថតនៅក្នុងតំបន់ Saratov បានបង្ហាញស្ត្រីអ្នកធ្វើការនៅកន្លែងបោះឆ្នោត បានបញ្ចូលសន្លឹកឆ្នោតរាប់សិបទៅក្នុងម៉ាស៊ីនបោះឆ្នោតនៅក្រោយការបោះឆ្នោតចប់។ វីដេអូមួយទៀតពីក្រុង Kemerovo បង្ហាញការបញ្ចូលសន្លឹកឆ្នោតនៅពេលអ្នកធ្វើការនៅស្ថានីយបោះឆ្នោតម្នាក់ បានព្យាយាមរារាំងមិនឱ្យឃើញអ្វីដែលកើតមានឡើង។
អង្គការឃ្លាំមើលឯករាជ្យ Golos បានសង្កេតឃើញករណីជាង៤ពាន់៥រយនៃការរំលោភនៅពេលបោះឆ្នោតនៅថ្ងៃចុងក្រោយនៃការបោះឆ្នោតនេះ។ អង្គការនេះបាននិយាយថា ខ្លួនបានទទួល«សារជាច្រើន»ពីមនុស្សដែលនិយាយថា ពួកគេត្រូវបានបង្ខំដោយពួកនយោជកឱ្យបោះឆ្នោត។
បើតាមរបាយការណ៍ក្នុងមូលដ្ឋានថា មានមនុស្សច្រើននាក់ឈរបន្តគ្នានៅកន្លែងបោះឆ្នោតខ្លះក្នុងថ្ងៃដំបូង គឺថ្ងៃទី១៧ ខែកញ្ញា។ ពួកអ្នកគាំទ្រលោក Navalny បានថ្លែងថា នេះមានន័យថា ក្រុមអ្នករដ្ឋការត្រូវបានកេណ្ឌឱ្យបោះឆ្នោតដោយអាជ្ញាធរវិមានក្រឹមឡាំង និងអាជ្ញាធរក្នុងមូលដ្ឋាន។
លោក Mikhail Khodorkovsky អ្នករិះគន់លោក Putin ដែលនិរទេសខ្លួននៅក្រៅប្រទេសបាននិយាយប្រាប់ស្ថានីយវិទ្យុ Echo of Moscow មុនការបោះឆ្នោតបន្តិចថា «រាល់ពេលនៅក្រោមការគ្រប់គ្រងរបស់លោក Putin ការបោះឆ្នោត មិនដូចជាការបោះឆ្នោតពិតប្រាកដទេ។ នៅពេលនេះ ដំណើរការនេះចប់ហើយ»។ លោកបានបន្ថែមថា «នៅពេលក្រោយ ប្រជារាស្ត្រយើងនឹងបោះឆ្នោតមែនទែន នៅពេលពួកគេមានសិទ្ធិពេញលេញ»។
ការអះអាងថា មានការជ្រៀតជ្រែកពីខាងក្រៅ
ប្រធានគណៈកម្មការចាត់ចែងការបោះឆ្នោតនៃប្រទេសរុស្សីបានច្រានចោលការអះអាងថា មានភាពមិនប្រក្រតីច្រើនដោយនិយាយថា ការរិះគន់នេះ ជាផ្នែកមួយនៃ«យុទ្ធនាការគ្រោងទុកជាមុនដោយចេតនា ដែលបានទទួលប្រាក់ពីប្រទេសក្រៅ»។ អ្នកស្រី Ella Pamfilova ក៏បានចោទប្រកាន់ពួកសកម្មជនប្រឆាំងនឹងអាជ្ញាធរវិមានក្រឹមឡាំងថា «ប្រឌិតរបាយការណ៍ក្លែងក្លាយ»អំពីការរំលោភក្នុងការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្សីបាននិយាយប្រាប់ពួកអ្នកសារព័ត៌មានថា គ្មាន«ការរំលោភច្រើន»ត្រូវបានកត់សម្គាល់ទេ។
គណៈកម្មការចាត់ចែងការបោះឆ្នោតបានថ្លែងថា ខ្លួនបានរកឃើញករណី១២នៃការបញ្ចូលសន្លឹកឆ្នោតក្នុងម៉ាស៊ីនបោះឆ្នោតនៅទូទាំងប្រទេសរុស្សី។ លោក Turchak នៃគណបក្សរុស្សីរួបរួមបាននិយាយថា គណបក្សលោក មិនបានរកឃើញការរំលោភធ្ងន់ធ្ងរដែលអាចកែប្រែលទ្ធផលនៃការបោះឆ្នោតនេះទេ។
ការបោះឆ្នោតសភាជាន់ទាបនៅឆ្នាំនេះ ជាការបោះឆ្នោតលើកទីមួយចាប់តាំងពីឆ្នាំ១៩៩៣មក ដែលអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុបហៅ OSCE បានសម្រេចមិនបញ្ជូនក្រុមអ្នកសង្កេតការដែលជាសេចក្តីសម្រេចមួយត្រូវធ្វើឡើងជាការឆ្លើយតបនឹងការដាក់កំហិតតឹងតែងដោយអាជ្ញាធររុស្សី។
ការអះអាងដោយគណៈកម្មការចាត់ចែងការបោះឆ្នោតនៃប្រទេសរុស្សីថា ការបោះឆ្នោតនេះសេរី និងយុត្តិធម៌ ត្រូវបានច្រានចោលដោយពួកអ្នកនយោបាយបស្ចឹមប្រទេស ដោយមានរួមបញ្ជូលទាំងលោក Linas Linkevicius អតីតរដ្ឋមន្ត្រីការបរទេសប្រទេសលីទុយអានីផងដែរ។ លោកបាននិយាយតាម Twitter ថា ការបោះឆ្នោតនេះ ជា«ការចំអក និងជារឿងកំប្លែង»។ លោកបានបន្ថែមថា «ការអាក្រក់បំផុត គឺថាការប្រើដោយកលល្បិចនៃឧបករណ៍ប្រជាធិបតេយ្យ បានក្លាយជាបទដ្ឋាននៅក្នុងប្រទេសនោះ»។ លោកបានពោលបន្ថែមថា លទ្ធផលនៃការបោះឆ្នោតនេះ មិនគួរត្រូវទទួលស្គាល់ឡើយ»។
មនុស្សចេញទៅបោះឆ្នោតតិច
ទោះជាពួកអ្នករិះគន់អាជ្ញាធរវិមានក្រឹមឡាំងនិយាយថា នេះជាការបោះឆ្នោតមានល្បិចកលក៏ដោយ ក៏ពួកគេថ្លែងថា មិនមែនអ្វីៗទាំងអស់ប្រព្រឹត្តទៅតាមការគ្រោងទុកជាមុនទេ។ ការគៃបន្លំសន្លឹកឆ្នោត ក៏មិនអាចលាក់បាំងចំនួនអ្នកបោះឆ្នោតតិច គឺមានតែ៤៦% ដោយតិចជាងការបោះឆ្នោតសភាថ្មីៗបំផុតកាលពីប្រាំឆ្នាំមុន។ មានសញ្ញានៃបញ្ហាបោះឆ្នោតសម្រាប់គណបក្សរុស្សីរួបរួមនៅក្រុងម៉ូស្គូ និងក្រុង St. Petersburg ដែលនៅទីនោះ ពួកមន្ត្រីបានពន្យារពេលការប្រកាសលទ្ធផលដំបូងៗ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ