សហរដ្ឋអាមេរិកកំពុងគាំទ្រប្រទេសលីទុយអានីប្រឆាំងអ្វីដែលមន្ត្រីអាមេរិកហៅថា «អាកប្បកិរិយាបង្ខិតបង្ខំ»របស់ចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងវីលនីញូស ថ្មីៗនេះ បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេចាប់តាំងពីឆ្នាំ២០០៣ ដែលអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាង។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis បានជួបពិភាក្សាគ្នានៅក្រសួងការបរទេសស.រ.អា.។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការអំពាវនាវនៅថ្ងៃទី ២១ខែសីហា ដែលលោក Blinken បានបង្ហាញសាមគ្គីភាពដែកថែបរបស់អាមេរិកជាមួយប្រទេសលីទុយអានីនៅចំពោះមុខ«អាកប្បកិរិយាបង្ខិតបង្ខំ»របស់ចិន។
លោក Blinken បាននិយាយកាលពីថ្ងៃពុធថា «លីទុយអានី និងសហរដ្ឋអាមេរិកគឺជាដៃគូដ៏រឹងមាំនៅក្នុងអង្គការអូតង់។ យើងរួមគ្នាដើម្បីការការពារ និងសន្តិសុខរួម។ យើងប្រឆាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច រួមទាំងការបង្ខិតបង្ខំដោយចិនផងដែរ»។
ថ្ងៃពុធគឺជាទិវាប្រជាធិបតេយ្យអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ លោក Landsbergis បាននិយាយថា វាជា«និមិត្តសញ្ញាពិតប្រាកដ»ថាសម្ព័ន្ធមិត្តអូតង់«បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សនៅទូទាំងពិភពលោក»។
សមាជិកសភាស.រ.អា.ក៏បានបង្ហាញការគាំទ្រជំហរប្រទេសលីទុយអានីចំពោះកោះតៃវ៉ាន់ផងដែរ។
ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាលោក Bob Menendez បានសរសេរនៅលើបណ្តាញសង្គម Twitter សរសើរ«កិច្ចខិតខំប្រឹងប្រែងដ៏ក្លាហានរបស់ប្រទេសលីទុយអានីដើម្បីតៃវ៉ាន់ ក៏ដូចជាសកម្មជនលទ្ធិប្រជាធិបតេយ្យនៅប្រទេសបេឡារុស រុស្ស៊ី និងគុយបា»។ លោក Menendez បានជួបជាមួយលោក Landsbergis កាលពីថ្ងៃអង្គារ។
ប្រទេសចិនមានគោលនយោបាយជាយូរមកហើយក្នុងការជំរុញមិនឱ្យប្រទេសនានាបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយតៃវ៉ាន់ ហើយនៅសប្តាហ៍នេះ អ្នកនាំពាក្យម្នាក់នៅទីក្រុងប៉េកាំងបានបដិសេធការលើកឡើងរបស់មន្រ្តីអាមេរិកអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា«ស្លាកនៃការបង្ខិតបង្ខំមិនអាចបំពាក់ឱ្យប្រទេសចិនបានឡើយ។ អាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការបង្កើតក្រុមជាមួយប្រទេសដទៃដើម្បីបង្ខូចប្រទេសចិន ហើយឈប់បង្កការប្រឈមមុខ និងជម្លោះ។ ល្បិចបែបនេះមិនបានផលចំណេញពីប្រទេសចិនទេ»៕