រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទបានពណ៌នាចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដនៅក្នុងប្រទេសរុស្ស៊ីថា «មានចំនួនខ្ពស់» ហើយអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានចំនួនទាបក្នុងកម្រិតដែល«មិនអាចទទួលយកបាន» ស្របពេលដែលខ្លួនបានច្រានចោលវិធានការថ្មីៗក៏ដោយ ដើម្បីការពារសេដ្ឋកិច្ច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
ពួកមន្ត្រីកាលពីថ្ងៃចន្ទបានកត់ត្រាមនុស្សស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ មានចំនួន៩៥៧នាក់នៅក្នុងរយៈពេល២៤ម៉ោង ដែលបានធ្វើឲ្យចំនួនមនុស្សស្លាប់ទាំងអស់នៅក្នុងប្រទេសរុស្សី ឡើងដល់ចំនួន២១៧.៣២៧នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងទ្វីបអឺរ៉ុប បើទោះបីនៅពេលដែលពួកអាជ្ញាធរ បានរងការចោទប្រកាន់ពីការនិយាយសម្រួលពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៊ីក៏ដោយ។
ទីភ្នាក់ងារស្ថិតិ Rosstat បានរាយការណ៍ថ្ងៃសុក្រសប្តាហ៍មុនថា ការស្លាប់កាន់តែច្រើនឡើងទាក់ទិននឹងវីរុសកូវីដ១៩នោះ កាលពីចុងខែសីហា មនុស្សជាង៤សែននាក់នៅក្នុងប្រទេសរុស្ស៊ីបានស្លាប់ដោយសារវីរុសកូរ៉ូណា។
ចំនួនមនុស្សស្លាប់បានកើនឡើងដោយសារការឆ្លងវីរុស នៅពេលដែលយុទ្ធនាការនៃការ ចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានជាប់គាំង។ រហូតមកទល់នឹងថ្ងៃចន្ទម្សិល មិញ ពលរដ្ឋរុស្ស៊ីជាង៣០ ភាគរយប៉ុណ្ណោះ បានចាក់វ៉ាក់សាំង២ដូសរួចរាល់។ នេះបើតាមគេហទំព័រGogov របស់រុស្សី ដែលកត់ត្រាទិន្នន័យជំងឺកូវីដ១៩មកពីតំបន់នានានោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ជា ការពិត កម្រិតនៃការចាក់វ៉ាក់សាំងដែលយើងមាន នៅមានចំនួនតិចនៅឡើយ គឺតិចដែលមិនអាចទទួលយកបាន»។ លោកនិយាយទៀតថា នេះជាមូលហេតុដែលមាន«អត្រាស្លាប់ខ្ពស់បែបនេះ»។
ក៏ប៉ុន្តែលោកបានច្រានចោលនូវការយល់ឃើញថា ពួកអាជ្ញាធរអាចធ្វើកាន់តែច្រើនថែមទៀត ដោយនិយាយថាពួកគេបានធ្វើអ្វីៗដើម្បីផ្តល់ឲ្យសាធារណជននូវឱកាសដើម្បី«ជួយសង្គ្រោះអាយុជីវិតរបស់ពួកគេដោយការចាក់វ៉ាក់សាំង»។
លោកបាននិយាយបន្ថែមទៀតថា ភារកិច្ចរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺធ្វើឲ្យមានតុល្យភាពដើម្បីកម្រិតការរាលដាលនៃវីរុស និងការធ្វើឲ្យប្រាកដថា «សេដ្ឋកិច្ចបន្តដំណើការ» ផងដែរ៕