រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho អំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃពុធនេះ។
លោក Sergei Lavrov បាននិយាយថា ជំនួបរបស់លោកជាមួយនឹងលោក Ri Yong Ho គឺធ្វើឡើងដើម្បីជួយឲ្យលោកអាចស្វែងយល់អំពីគោលជំហររបស់កូរ៉េខាងជើងនៅលើការដោះស្រាយផ្នែកនុយក្លេអ៊ែរ។
លោក Lavrov បាននិយាយថា៖ «រដ្ឋាភិបាលរុស្ស៊ីគាំទ្រការផ្លាស់ប្ដូរដែលកំពុងតែកើតឡើងនៃទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ី។
ចំណែកឯជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយត្រូវបានលោក ត្រាំ លុបចោលកាលពីសប្ដាហ៍មុន។ ប៉ុន្តែក្រោយមកមានសកម្មភាពការទូតមួយចំនួនបានធ្វើឡើងភ្លាមៗដើម្បីស្រោចស្រង់ជំនួបនេះឲ្យដំណើរការឡើងវិញ នៅក្នុងក្ដីសង្ឃឹមថា ជំនួបនេះអាចជួយបញ្ចប់ភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យសេតវិមានប្រធានាធិបតីអាមេរិកលោកស្រី Sarah Sanders បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា សេតវិមានបានត្រៀមរៀបចំសម្រាប់ជំនួបដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះដូចដែលបានគ្រោងទុកពីមុន៕