ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក ត្រាំ មិន​ទុកចិត្ត​លើ​ការ​សាកសួរ​​អំពី​ការ​រារាំង​ដល់​រដ្ឋអាជ្ញា​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ឃុបឃិត​នឹង​រុស្ស៊ី


លោក Rudy Giuliani ថ្លែង​នៅ​ក្នុង​សន្និសីទ​សេរីភាព​អ៊ីរ៉ង់​២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។
លោក Rudy Giuliani ថ្លែង​នៅ​ក្នុង​សន្និសីទ​សេរីភាព​អ៊ីរ៉ង់​២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចចេស​ចង់​ឆ្លើយ​សំណួរ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើការ​ពាក់ព័ន្ធ​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៦​របស់​លោក​ជាមួយ​នឹង​រុស្ស៊ី ប៉ុន្តែ​មេធាវី​របស់​លោក​ម្នាក់​និយាយ​ថា លោក​នៅ​តែ​មាន​មន្ទិល​អំពី​ការ​អនុញ្ញាត​ឲ្យ​លោក ត្រាំ ប្រឈម​នឹង​សំណួរ​របស់​រដ្ឋអាជ្ញា​អំពី​ថា​លោក​ពិត​ជា​បាន​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​តាមរយៈ​ការ​បង្អាក់​ដល់​ការ​ស៊ើបអង្កេត​នេះ​ដែរ​ឬ​យ៉ាង​ណា។ ​

មេធាវី​របស់​លោក ត្រាំ គឺ​លោក Rudy Giuliani ដែល​ជា​អតីត​អភិបាល​ក្រុង​ ញូវយ៉ក បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន CNN កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​រដ្ឋអាជ្ញាពិសេស Robert Mueller ចង់​ចោទសួរ​លោក​ប្រធានាធិបតី​អំពី​ប្រធានបទ​ពីរ​សំខាន់ៗ​ ​ទី​មួយ​គឺ​លទ្ធភាព​នៃ​ការ​ឃុបឃិត​គ្នា​ជាមួយនឹង​រុស្ស៊ី​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ និង​ទីពីរ​អំពី​ថា​តើ​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​បាន​ព្យាយាម​រារាំង​ដល់​ការ​ស៊ើបអង្កេត​នោះ​តាម​រយៈ​ការ​បណ្តេញ​លោក James Comey ដែល​ជា​នាយក​ការិយាល័យ FBI ខណៈ​ដែល​លោក​ Comey ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​រុស្ស៊ី មុន​ពេល​លោក Mueller ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់​តំណែង​បន្ត​ដែរ​ឬ​ទេ។ ​

លោក Giuliani បាន​និយាយ​ថា «ករណី​ឃុបឃិត​គ្នា​គឺ​ជា​អ្វី​ដែល​យើង​ទុកចិត្ត​ព្រោះ​ថា​មិន​មាន​ការ​ឃុបឃិត​គ្នា​នោះ​ទេ។ ហើយ​ចំពោះ​ករណី​រារាំង​ដល់​ការ​ស៊ើបអង្កេត​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ទុក​ចិត្ត។ លោក​ប្រធានាធិបតី​យល់​ថា​មិន​អី​ទេ។ លោក​មិន​ដឹង​នោះ​ទេ។ ខ្ញុំ​មិន​ទុក​ចិត្ត​ព្រោះ​វា​គឺ​អាស្រ័យ​ទៅ​លើ​ការ​បកស្រាយ​ វា​មិន​មែន​ជា​មាន​និយមន័យ​ជាក់លាក់​ ឬ​ជា​រឿង​ពិត​ឬ​មិន​ពិត​នោះ​ទេ»។

លោក Giuliani បាន​បន្ថែម​ថា «ប្រសិន​បើ​អ្នក​បកស្រាយ​អត្ថាធិប្បាយ​របស់​លោក​ត្រាំ អំពី​ការ​បណ្តេញ​លោក Comey ចេញ​ពី​តំណែង ប្រសិន​បើ​អ្នក​បកស្រាយ​វា​ថា​ជា​ការ​រារាំង​ដល់​ការ​ស៊ើបអង្កេត ជាជាង​ការ​ដក​តំណែង​នរណា​ម្នាក់​ដោយសារ​តែ​គេ​បំពេញ​ការងារ​មិន​បាន​ល្អ ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា​វា​ជា​ការ​រារាំង​ដល់​ការ​ស៊ើបអង្កេត នោះ​អ្នក​អាច​និយាយ​បាន​ថា​វា​គឺ​ជា​រារាំង​ដល់​ការ​ស៊ើបអង្កេត»៕

XS
SM
MD
LG