ប្រទេសកូរ៉េខាងត្បួងបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនកំពុងតែ«ឃ្លាំមើលដំណើរការវិវឌ្ឍន៍យ៉ាងប្រុងប្រយ័ត្ន»រវាងស.រ.អានិងកូរ៉េខាងជើង ២៤ម៉ោងក្រោយពីមានភាពមិនច្បាស់លាស់ នៅពេលដែលលោកប្រធានាធិបតីស.រ.អា Donald Trump ដំបូងលប់ចោល ហើយបន្ទាប់មកនិយាយអំពីការធ្វើកិច្ចប្រជុំកំពូលឡើងវិញនៅថ្ងៃទី១២មិថុនា នៅប្រទេសសិង្ហបូរីជាមួយមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងគឺលោក Kim Jong Un។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-Kyeom ថ្លែងថា«យើងចាត់ទុកថាវាជាភ័ពសំណាងដែលងងើកភ្លើងនៃការសុន្ទនារវាងកូរ៉េខាងជើងនិងស.រ.អា មិនបានរលត់អស់ ហើយកំពុងតែឆេះឡើងវិញជាថ្មីម្តងទៀត»។
លោកប្រធានាធិបតីស.រ.អា Donald Trump បានថ្លែងដោយសុទិដ្ឋិនិយម កាលពីថ្ងៃសុក្រថា សេតវិមានកំពុងតែធ្វើការ«ពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយកូរ៉េខាងជើងអំពីការរៀបចំធ្វើសន្និសីទកំពូលឡើងវិញ»។
ការវិវឌ្ឍន៍ថ្មីនេះ កើតឡើងក្រោយពីកូរ៉េខាងជើងបាននិយាយកាលពីព្រឹកថ្ងៃសុក្រថាខ្លួននៅតែមានឆន្ទៈដើម្បីជួបជាមួយលោក Trump ទោះជាលោកបានសម្រេចចិត្តលប់ចោលផែនការសម្រាប់ការជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ក៏ដោយ។
លោក Trump បានលុបចោលគំរោងជួបប្រជុំជាមួយលោក Kim កាលពីថ្ងៃព្រហស្បតិ៍ដោយបានស្តីបន្ទោសលើសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងកាលពីពេលថ្មីៗមួយចំនួន គំរាមចង់ដកខ្លួនចេញពីកិច្ចប្រជុំកំពូល ដោយសារអ្វីដែលខ្លួនចាត់ទុកថាជាការកត់សម្គាល់ដែលនាំឲ្យមានការប្រឈមមុខដាក់គ្នារបស់ក្រុមមន្ត្រីស.រ.អា៕