ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​ស្រោចស្រង់​ជំនួប​រវាង​លោក Kim Jong Un និង​លោក Donald Trump ឡើង​វិញ


ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Moon Jae-in ចាប់ដៃជាមួយ​មេដឹកនាំកូរ៉េខាងជើង Kim Jong Un អំឡុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ទីក្រុង​ Panmunjom​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២៧ ឧសភា ឆ្នាំ ២០១៨។
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Moon Jae-in ចាប់ដៃជាមួយ​មេដឹកនាំកូរ៉េខាងជើង Kim Jong Un អំឡុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ទីក្រុង​ Panmunjom​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២៧ ឧសភា ឆ្នាំ ២០១៨។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា លោក​បាន​ជំរុញ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ឲ្យ​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួយ​ស្រោចស្រង់​កិច្ច​ប្រជុំ​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា ខាង​មុខ​នេះ។ លោក Moon Jae In បាន​និយាយ​ដូច្នេះ នៅ​ពេល​ដែល​លោក និង​លោក Kim Jong Un បាន​ជួប​ប្រជុំ​គ្នា​ជា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

លោក Moon Jae In បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ខ្ញុំ​បាន​សង្កត់​ធ្ងន់​ថា ភាគី​ទាំង​ពីរ​ត្រូវតែ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ដើម្បី​ជម្រះ​ចោល​នូវ​ការ​យល់​ច្រឡំ​ណា​មួយ ហើយ​ការ​ពិភាក្សា​ជា​មុន​តាម​រយៈ​ការ​ចរចា​កម្រិត​ការងារ​លើ​របៀបវារៈ​សំខាន់ៗ​គឺ​សំខាន់​ណាស់‍»។

កូរ៉េ​ខាង​ជើង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​រវាង​លោក Kim Jong Un និង​លោក Moon Jae In នេះ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សម្រេច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​លុប​ចោល​ជំនួប​របស់​លោក​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ជាមួយ​នឹង​លោក Kim Jong Un។

លោក Trump បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​លោក​ដូច​នេះ​គឺ​ធ្វើ​ឡើង​ផ្អែក​លើ «កំហឹង​ឆេវឆាវ និង​ការ​បង្ក​ជម្លោះ​ដោយ​បើក​ចំហ​ដែល​បាន​បង្ហាញ​ឡើង‍» ដោយ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​តាម​គំរូ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លីប៊ី។

កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា គំរូ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ឲ្យ​បាន​ឆាប់​ដូច​នេះ​គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​របស់​រដ្ឋាភិបាល​លោក Kim Jong Un ដោយ​ហេតុ​ថា នៅ​ពេល​នោះ មេដឹកនាំ​ប្រទេស​លីប៊ី​លោក Moammar Ghadafi ក្រោយ​មក​ត្រូវ​បាន​ប្រជាពលរដ្ឋ​លីប៊ី​ផ្ដួល​រំលំ និង​សម្លាប់​ចោល ដោយ​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​យោធា​ពហុ​ជាតិ​ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG