ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​បើក​ចំហរ​លទ្ធភាព​នៃ​សន្និសីទ​កំពូល​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​ជាមួយ​កូរ៉េ​ខាង​ជើង


ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​កង​ទ័ព​ជើង​ទឹក​ នៅ​រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៨។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​កង​ទ័ព​ជើង​ទឹក​ នៅ​រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សន្និសីទ​កំពូល​ដែល​គេ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន​ ដែល​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​លុបចោល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍អាច​នៅ​ធ្វើ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក​កាល​ពី​ដំបូង។

លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​និយាយ​មុន​ពេល​ចាក​ចេញ​ពី​សេតវិមាន​ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ឯបណ្ឌិត​សភា​នាវា​សហរដ្ឋ​អាមេរិក​នៅ​ក្បែរ​រដ្ឋ​ធានី​វ៉ាស៊ីនតោនថា «យើង​នឹង​ឃើញ​អ្វី​កើត​មាន​ឡើង។ ​វាអាច​ជាជំនួប​នៅ​ថ្ងៃ​ទី១២‍»។​

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​ចរចា​គ្នា​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ផែនការ​សម្រាប់​សន្និសីទ​កំពូល​នេះ។ លោក​ត្រាំ​និយាយ​ទៀត​ថា «កូរ៉េខាង​ជើង​ចង់​ឲ្យ​មាន​ជំនួប​កំពូល​នោះ​យ៉ាង​ខ្លាំង។ យើង​នឹង​ឃើញ​មាន​អ្វី​កើត​មាន​ឡើង‍»។

លោក ​Jim Mattis​ រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​កំណត់​ សម្គាល់​ទាំង​នោះ​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯ​មន្ទីរ​បច្ចកោណ​ថា ​ការ​ពិភាក្សា​កំពុង​ធ្វើ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងដែល​អាច​ធ្វើ​ឲ្យ​មាន​សន្និសីទ​កំពូល​នោះ​ឡើង​វិញ។

លោក​ Mattis​ រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​អាមេរិក​ថ្លែង​ទៀត​ថា «ពួក​អ្នកការទូត​នៅ​កំពុង​ធ្វើ​ការ​ពី​សន្និសិទ​កំពូល​នោះ​នៅ​ឡើយ។ ដូច្នេះ​ ​នេះ​ជា​ព័ត៌មាន​ល្អ​មួយ‍»។

​នៅ​ពេល​សួរ​ថា ​តើ​សន្និសីទ​កំពូល​នោះ​អាច​នៅ​ធ្វើ​ថ្ងៃ​ទី១២ ​ខែ​មិថុនា​ដែរ​ឬ​ទេ ​លោក Mattis ​គ្រាន់​តែ​និយាយ​ថា «ពួក​អ្នក​ការទូត​កំពុង​ធ្វើ​ការ​លើ​បញ្ហា​នេះ ក៏ប៉ុន្តែ ​មិន​មាន​អ្វី​ផ្លាស់​ប្តូរទេ‍»៕

XS
SM
MD
LG