ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ក្រុម​រដ្ឋ​អ៊ិស្លាម​​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​សាល​ប្រគំ​តន្ត្រី​ក្នុង​ក្រុង​មូស្គូ


រូបឯកសារ៖ ក្រុមអ្នក​សង្គ្រោះបន្ទាន់​កំពុង​ប្រតិបត្តិការ​នៅ​សាល​ប្រគំតន្ត្រី Crocus ក្រោយ​ការ​វាយប្រហារ​ដ៏ប្រល័យ នៅជាយក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ ក្រុមអ្នក​សង្គ្រោះបន្ទាន់​កំពុង​ប្រតិបត្តិការ​នៅ​សាល​ប្រគំតន្ត្រី Crocus ក្រោយ​ការ​វាយប្រហារ​ដ៏ប្រល័យ នៅជាយក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៤។

ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​បាននិយាយជា​លើក​ទី​ដំបូង​ថា ​ក្រុម​រដ្ឋ​អ៊ិស្លាម​ជា​អ្នក​រៀប​ចំ​ការ​វាយប្រហារលើ​សាល​ប្រគំតន្ត្រីក្នុង​ទីក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​ ដែល​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​បំផុត​មួយ​ក្នុង​រយៈពេល ​២​ ទសវត្សរ៍​ នៅ​ក្នុង​ប្រទេស​នេះ។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

ក្រុម​រដ្ឋ​អ៊ិស្លាម IS បាន​ប្រកាស​ទទួល​ខុសត្រូវ​ជា​ច្រើន​ដង​ លើ​ការវាយប្រហារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លង​ទៅ ក្នុង​ទីក្រុង​មូស្គូ​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ១៤០ នាក់ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ព្យាយាមភ្ចាប់​ការវាយប្រហារ​នោះ​ជា​ច្រើន​លើក​ច្រើន​សាទៅនឹង​ប្រទេស​អ៊ុយក្រែន ​និងក្រុម​ប្រទេស​លោក​ខាងលិច។

ប្រធាន​ទី​ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី FSB​ លោក Alexander Bortnikov ត្រូវ​បានស្រង់សម្តីដោយទី​ភ្នាក់ងារ​សារព័ត៌មាន RIA Novosti របស់​រុស្ស៊ី​ថា៖ ​«ការត្រៀមរៀប​ចំ​ ​ការផ្តល់​ហិរញ្ញវត្ថុ​ ការ​វាយប្រហារ​ និង​ការ​ដកថយរបស់​ក្រុម​ភេរវករ​ត្រូវ​បាន​សហការ​តាម​រយៈបណ្តាញ​អ៊ីនធឺណិត​ដោយ​ក្រុម​សមាជិក Khorasan Province IS-K ដែល​ជា​សាខា​មួយរបស់ក្រុម​រដ្ឋអ៊ិស្លាម IS ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​ប៉ាគីស្ថាន។

លោក Bortnikov មិន​បាន​បដិសេធ​ពី​ការពាក់ព័ន្ធ​របស់​អ៊ុយក្រែន ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​និយាយ​ថា៖ ​«ក្រោយ​បញ្ចប់​ការ​វាយប្រហារហើយ ក្រុម​ភេរវករបាន​ទទួល​ការណែនាំ​យ៉ាង​ច្បាស់ ​ឱ្យ​ចាកចេញ​ទៅទិស​ព្រំដែន​នៅ​ជាប់​អ៊ុយក្រែន ដែល​នៅ​ទី​នោះ​ គេ​បាន​ប្រុងប្រៀប «ច្រក​ចេញ​មួយ​»​ សម្រាប់​ក្រុម​វាយប្រហារ​នេះ។

លោក​បន្ត​ទៀត​ថា៖ ​«ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​ ប៉ុន្តែ​គេ​អាចនិយាយ​ដោយ​ប្រាកដ​ថា​ ទី​ភ្នាក់ងារ​ចារកម្ម​យោធា​អ៊ុយក្រែន មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ»។

អ៊ុយក្រែន​បាន​បដិសេធ​នូវ​ការពាក់ព័ន្ធ​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សា។

មាន​ជន​សង្ស័យ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដែល​ក្នុង​នោះរួម​មានជន​វាយប្រហារចំនួន ​៤​នាក់​ ដែល​មក​ពី​ប្រទេស​អាស៊ី​កណ្តាល​តាហ្ស៊ីគីស្ថាន​ ​ដែល​ជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​ និង​ធ្លាប់​ជា​អតីត​រដ្ឋមួយ​របស់សហភាព​សូវៀត​ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ភាគខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្លួនធ្លាប់​បាន​ព្រមាន​ជា​សាធារណៈ និង​ជា​សម្ងាត់​ដល់រុស្ស៊ី​កាល​ពី​ដើម​ខែ​មីនា​ថា ​ក្រុម​ជ្រុល​និយម​មួយ​ចំនួន កំពុង​រៀបចំធ្វើ​ការ​វាយប្រហារ​មួយ​លើ​សាល​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​មូស្គូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG