ការជឿជាក់កាន់តែខ្លាំងឡើងរបស់អ្នកគាំទ្រក្រុមភេរវកម្មរដ្ឋអ៊ិស្លាម ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការគំរាមកំហែងតាមប្រព័ន្ធអនឡាញប្រឆាំងអឺរ៉ុប ដោយរួមមានការវាយប្រហារដ៏ប្រល័យ លើសាលប្រគំតន្រ្តីក្នុងប្រទេសរុស្ស៊ីផងដែរនោះ បានធ្វើឱ្យមន្ត្រីសន្តិសុខក្នុងសហរដ្ឋអាមេរិកមានការព្រួយបារម្ភ។
ក្រុមមន្ត្រីអនុវត្តច្បាប់និងមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិក មានការបារម្ភជាយូរមកហើយ អំពីក្រុមឬបុគ្គលមួយចំនួន ដែលមានការជំរុញទឹកចិត្តដោយឧបាយកលភេរវកម្មនៅជុំវិញពិភពលោក ដើម្បីធ្វើការវាយប្រហារលើសហរដ្ឋអាមេរិក។ ប៉ុន្តែនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Christopher Wray បានប្រាប់ដល់សមាជិកសភាអាមេរិកនៅថ្ងៃទី១១ ខែមេសានេះថា រឿងរ៉ាវដែលធ្វើឱ្យមានក្តីបារម្ភកាន់តែខ្លាំងឡើង អាចកំពុងស្ថិតក្នុងការផែនការរៀបចំ។
លោក Wray ដែលបានថ្លែងប្រាប់សមាជិកសភាអាមេរិក ដោយយោងទៅលើពាក្យកាត់នៃក្រុមអាហ្វហ្កានីស្ថានមួយ ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាមថា៖ «ការបារម្ភដែលកើនឡើងនៅពេលនេះ គឺការវាយប្រហារមួយដែលអាចមានការសហការគ្នា នៅក្នុងប្រទេសអាមេរិក គឺប្រហាក់ប្រហែលគ្នាទៅនឹងការវាយប្រហាររបស់ក្រុម ISIS-K ដែលយើងបានឃើញកើតឡើងនៅក្នុងសាលប្រគំតន្ត្រីនៃប្រទេសរុស្ស៊ីកាលពីពីរបីសប្តាហ៍កន្លងទៅ»។
កាលពីប៉ុន្មានថ្ងៃមុននោះ ទីភ្នាក់ងារប៉ូលិសនៅទូទាំងអឺរ៉ុប បានបង្កើនសន្តិសុខ ក្រោយពីបណ្តាញព័ត៌មានដែលពាក់ព័ន្ធនឹងរដ្ឋអ៊ិស្លាម ដែលគេស្គាល់ឈ្មោះថា IS ឬ ISIS បានបង្ហោះសារសុំឱ្យមានការវាយប្រហារលើពហុកីឡដ្ឋាននានា ដែលរៀបចំពិធីប្រកួតបាល់ទាត់ពានរង្វាន់ Champions League ក្នុងសប្តាហ៍កន្លងទៅនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងទីក្រុងប៉ារីស ប្រទេសបារាំង។
ការព្រមានរបស់ FBI ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការគិតក្នុងសហរដ្ឋអាមេរិក ពីការអាចមកដល់របស់ក្រុមភេរវករ IS និងក្រុមពាក់ព័ន្ធអាហ្វហ្កានីស្ថានលើទឹកដីអាមេរិក ដែលក្រុមនេះបានអះអាងទទួលខុសត្រូវលើការវាយប្រហារកាលពីថ្ងៃទី ២២ ខែមីនា លើសាលប្រគំតន្ត្រី Crocus City នៅក្បែររដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដែលបានសម្លាប់មនុស្សអស់ ១៤៥នាក់។
ក្រោយហេតុការណ៍នោះ ក្រសួងសន្តិសុខមាតុភូមិអាមេរិកនិយាយថា ខ្លួនមិនមានព័ត៌មានច្បាស់លាស់ឬជាក់លាក់ណាមួយ ដែលថាក្រុម IS អាចនឹងធ្វើការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះឡើយ។
មន្ត្រីយោធានិងមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់បាននិយាយក្នុងពេលកន្លងទៅថា ខណៈដែលក្រុម IS មានបំណងធ្វើការវាយប្រហារ គេមិនមានតម្រុយណាមួយ ដែលក្រុម IS ឬក្រុមពាក់ព័ន្ធណាមួយរបស់ក្រុមនេះ អាចមានសមត្ថភាពចូលមកដល់ទឹកដីសហរដ្ឋអាមេរិកនោះឡើយ។
អ្នកស្រី Christine Abizaid នាយិកាមជ្ឈមណ្ឌលជាតិប្រឆាំងភេរវកម្មនិយាយកាលពីពេលថ្មីៗនេះថាក្រុមភេរវកម្ម «កំពុងព្យាយាមទាំងលំបាកដើម្បីរកវិធីបង្កើតសមត្ថភាពដ៏ធំមួយ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក»។ អ្នកស្រីបាននិយាយដូចនេះនៅក្នុងកម្មវិធីផតខាសថ៍មួយ ជាមួយអ្នកវិភាគភេរវកម្មលោក Peter Bergen។ មានការព្រមានផ្សេងៗទៀត ដែលផ្តោតទៅលើគោលដៅអាមេរិក នៅក្រៅទឹកដីសហរដ្ឋអាមេរិកផងដែរ។
ឧត្ដមសេនីយ៍ Michael “Erik” Kurilla មេបញ្ជាការនៃកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង បានប្រាប់សវនាការនៃគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីខែមីនាថា «ក្រុមភេរវកម្ម ISIS-Khorasan មានសមត្ថភាពនិងចង់វាយប្រហារលើផលប្រយោជន៍អាមេរិក និងប្រទេសលោកខាងលិចនៅបរទេសក្នុងរយៈពេល៦ខែ ដោយមិនមានការព្រមានទុកជាមុននោះឡើយ»។
ពេលនេះ ក្រសួងសន្តិសុខជាតិមាតុភូមិសហរដ្ឋអាមេរិក កំពុងជំរុញដល់ពលរដ្ឋអាមេរិកាំងឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់។
អ្នកនាំពាក្យក្រសួងសន្តិសុខជាតិមាតុភូមិអាមេរិកបានប្រាប់វីអូអេកាលពីថ្ងៃទី១០ខែមេសា ដែលជាការឆ្លើយតបទៅនឹងសំណួរអំពីការគំរាមកំហែងដែលកើតមាននៅកន្លែងជាច្រើនក្នុងទ្វីបអឺរ៉ុបថា «សហរដ្ឋអាមេរិកបន្តស្ថិតនៅស្ថានភាពទទួលការគំរាមកំហែងខ្ពស់»។
អ្នកនាំពាក្យរូបនេះបន្តទៀតថា៖ «ក្រសួងសន្តិសុខជាតិមាតុភូមិអាមេរិក បន្តធ្វើការងារជាមួយដៃគូរបស់យើង ក្នុងការវាយតម្លៃពីការគំរាមកំហែង និងផ្តល់ព័ត៌មានថ្មីៗជុំវិញរឿងនេះដល់ពលរដ្ឋអាមេរិកាំង និងការពារមាតុភូមិរបស់យើង។ យើងសូមស្នើដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការរាយការណ៍ពីសកម្មភាពសង្ស័យណាមួយដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន»៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ