ពេលវេលាដែលសម្រាប់ការប្រារព្ធពិធីដ៏រីករាយមួយកំពុងប្រែក្លាយទៅជាពេលវេលាដែលពោរពេញទៅដោយក្ដីកង្វល់ ដោយក្រុមមន្ត្រីប្រយុទ្ធប្រឆាំងអំពើភេរវកម្មកំពុងបង្កើនការប្រុងប្រយ័ត្នទៅលើក្រុមរដ្ឋឥស្លាម បន្ទាប់ពីការវាយប្រហារដ៏ប្រល័យរបស់ពួកគេទៅលើទីក្រុងមូស្គូកាលពីពេលថ្មីៗ ដោយពួកគេមានផែនការវាយប្រហារថ្មីបន្ថែមទៀតនៅក្នុងពិធីបុណ្យអ៊ីស្ទើរ។
ប្រទេសខ្លះនៅក្នុងទ្វីបអឺរ៉ុបបានចេញសេចក្តីប្រកាសក្រើនរំឮករួចហើយអំពីការគំរាមកំហែងកាន់តែខ្លាំង ខណៈដែលពួកគេក៏កំពុងបង្កើនកិច្ចការពារផ្នែកសន្តិសុខផងដែរ។ ជាពិសេស ប្រទេសអ៊ីតាលីបានចាត់ទុកថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរនៅថ្ងៃទី៣១ ខែមីនាកន្លងទៅ ជាពេលដែលគួរឱ្យបារម្ភបន្ថែមទៀត។
ការឃោសនារបស់ក្រុមរដ្ឋឥស្លាមដែលគេហៅថា IS ឬ ISIS បានបង្កឱ្យការក្តីបារម្ភអំពីបញ្ហានេះតែខ្លាំង។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនាកន្លងទៅនេះ ដែលជាថ្ងៃគម្រប់ខួប ១០ ឆ្នាំ ចាប់តាំងពីក្រុម ISIS បានប្រកាសអំពីបណ្ដាញរបស់ពួកគេនៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ដែលបច្ចុប្បន្នបណ្ដាញនេះលែងមានដំណើរការហើយនោះ លោក Abu Huthaifa al-Ansar អ្នកនាំពាក្យក្រុម ISIS បានអំពាវនាវដល់អ្នកដើរតាមចលនានេះឱ្យផ្ដោតគោលដៅទៅលើអ្នកចូលរួមក្បួនព្យុះហយាត្រានៃបុណ្យអ៊ីស្ទើរនេះ ជាពិសេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ទោះបីនៅក្នុងការអះអាងរបស់ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារនៅជិតរដ្ឋធានីមូស្គូក៏ដោយ ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមនេះបានចុះផ្សាយថា ភ្នាក់ងាររបស់ពួកគេបានផ្ដោតគោលដៅទៅលើការជួបជុំគ្នានៃក្រុមអ្នកកាន់សាសនាគ្រិស្ត។ កាលពីខែមករាកន្លងទៅ ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើព្រះវិហារកាតូលិកមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងប្រទេសតួកគី ដែលបានសម្លាប់មនុស្សម្នាក់។
ក្រុម ISIS ក៏មានប្រវត្តិវាយប្រហារទៅលើអ្នកកាន់សាសនាគ្រិស្ដដែលប្រារព្ធពិធីបុណ្យអ៊ីស្ទើរផងដែរ ជាពិសេសគឺការអះអាងទទួលខុសត្រូវសម្រាប់ការបំផ្ទុះគ្រាប់បែកក្នុងពិធីបុណ្យអ៊ីស្ទើរថ្ងៃអាទិត្យ នៅប្រទេសស្រីលង្កាកាលពីខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សជាង ៣០០នាក់ ហើយមនុស្សយ៉ាងហោចណាស់ជាង ៥០០ទៀតបានរងរបួស។
លោក Colin Clarke នាយកស្រាវជ្រាវនៅក្រុមហ៊ុនស៊ើបការណ៍សាកល Soufa Group បានថ្លែងថា៖ «ពិធីបុណ្យអ៊ីស្ទើរឬសកម្មភាពនានាពាក់ព័ន្ធនឹងបុណ្យអ៊ីស្ទើរទំនងជាស្ថិតនៅលើបញ្ជីវាយប្រហារសំខាន់ៗរបស់ក្រុមរដ្ឋឥស្លាម»។
លោក Clarke ប្រាប់វីអូអេថា៖ «ក្រុម ISIS នៅតែមានចលនាបន្តទៅមុខ ហើយវាអាចនឹងមានកម្លាំងជំរុញពិតប្រាកដដើម្បីរក្សាកម្លាំងចិត្តរបស់ពួកគេ តាមរយៈការបើកការវាយប្រហារធំៗផ្សេងទៀត ជាពិសេសទៅលើគោលដៅដែលជានិមិត្តរូបអ្វីមួយ។ ខ្ញុំក៏បារម្ភផងដែរសម្រាប់ការប្រារព្ធពិធីបុណ្យអ៊ីស្ទើរ Orthodox នៅចុងសប្ដាហ៍ក្រោយ ហើយកន្លែងផ្សេងៗទៀតដែលយើងគួរប្រុងប្រយ័ត្នគឺគោលដៅពាក់ព័ន្ធទៅនឹងសាស នាគ្រឹងដែលក្រុម ISIS ធ្លាប់បានយកជាគោលដៅនៃការវាយប្រហារកាលពីអតីតកាល»។
ហានិភ័យនៃការគំរាមកំហែងចម្បងៗ
ប្រទេសផ្សេងទៀតទទួលស្គាល់ថាមានការគំរាមកំហែងបែបនេះ ហើយថា ពួកគេបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជាយូរមកហើយ សម្រាប់ផែនការវាយប្រហារបែបនេះ។ មានការដាស់តឿនបន្ថែមនេះក៏ជាការល្អខ្លះដែរ។
ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់វីអូអេថា៖ «ការវាយតម្លៃរបស់អាជ្ញាធរសន្តិសុខលើការគំរាមកំហែងរបស់ក្រុមរដ្ឋឥស្លាមសម្រាប់ប្រទេសអាល្លឺម៉ង់គ្មានអ្វីប្រែប្រួលទេ ចាប់តាំងពីមានការវាយប្រហារដ៏អាក្រក់ទៅលើរដ្ឋធានីមូស្គូមក»។
ពួកគេថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយតម្លៃទៅលើហានិភ័យរកឃើញថា លទ្ធភាពនៃការវាយប្រហារមានកម្រិតខ្ពស់។
ចក្រភពអង់គ្លេសក៏មានវិធានការស្រដៀងគ្នាដែរ
អ្នកនាំពាក្យចក្រភពអង់គ្លេសដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា៖ «កម្រិតនៃការគំរាមកំហែងពីអំពើភារវកម្មសម្រាប់ចក្រភពអង់គ្លេសបច្ចុប្បន្ននេះខ្ពស់រួចទៅហើយ មានន័យថា ការវាយប្រហារណាមួយអាចនឹងកើតមានឡើង។ ការវាយតម្លៃអំពីហានិភ័យរបស់យើងមិនប្រែប្រួលទេ»។
ការពង្រឹងវិធានការសន្តិសុខបែបនេះក៏មិនមានអ្វីប្រែប្រួលដែរនៅសហរដ្ឋអាមេរិក។
កាលពីខែឧសភាឆ្នាំមុន មន្ត្រីសហរដ្ឋអាមេរិកបានព្រមានជាមុនថា ប្រទេសនេះស្ថិតក្រោម «បរិយាកាសគំរាមកំហែងកាន់តែខ្លាំង»។ កាលពីខែកញ្ញា ឆ្នាំ ២០២៣ ការវាយតម្លៃអំពីការគំរាមកំហែងប្រចាំឆ្នាំរបស់ក្រសួងសន្តិសុខមាតុភូមិបានឱ្យដឹងថា សហរដ្ឋអាមេរិកបានស្ថិតនៅក្នុងហានិភ័យនៃការវាយប្រហារដោយភេរវកម្មកម្រិតខ្ពស់ ជាពិសេសរបាយការណ៍នោះបានចង្អុលបង្ហាញថាមានការគំរាមកំហែងពីក្រុមរដ្ឋឥស្លាមមានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថា នដែលគេស្គាល់ថាជា IS-Khorasan ឬ ISIS-KISKP។
ការវាយតម្លៃរបស់សហរដ្ឋអាមេរិក
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្ដីថ្លែងការណ៍ស្រដៀងគ្នានេះផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនាកន្លងទៅនេះ តបតាមសំណួររបស់វីអូអេ ថា៖ «ក្រសួងការពារជាតិមិនដែលបានធ្វេសប្រហែសទៅលើក្រុមរដ្ឋឥស្លាមនោះទេ»។
ការវាយតម្លៃផ្នែកស៊ើបការណ៍ថ្មីៗរបស់សហរដ្ឋអាមេរិកបង្ហាញថា ក្រុមរដ្ឋឥស្លាមគឺជាអង្គការភេរវកម្មមួយដែលប្រហែលជាបានឈានដល់ចំណុរបត់របស់ពួកគេ។ ការវាយតម្លៃទាំងនេះបញ្ជាក់អំពីអ្វីដែលសហគមន៍អ្នកវាយតម្លៃផ្នែកស៊ើបអង្កេតចាត់ទុកថាជា «ការបាត់បង់ភាពជាអ្នកដឹកនាំរបស់ពួកគេយ៉ាងលឿននៅអ៊ីរ៉ាក់ និងស៊ីរី» ដូចដែលពួកគេបានលើកឡើងនៅក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំដែលចេញផ្សាយនៅដើមខែមីនា។
ប៉ុន្តែ របាយការណ៍ដដែលក៏បានព្រមានផងដែរថា «ក្រុមនានានៅក្នុងតំបន់នឹងបន្តពង្រីកខ្លួនថែមទៀត»។ ទោះបីជារបាយការណ៍សហរដ្ឋអាមេរិកបង្ហាញអំពីការបង្វែគោលដៅទៅទ្វីបអាហ្វ្រិករបស់ក្រុមនេះក៏ដោយ មន្ត្រីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ទាំងអ្នកធ្លាប់កាន់កិច្ចការនេះពីមុននិងអ្នកកំពុងកាន់កិច្ចការនេះ សុទ្ធតែមើលឃើញថាថ្នាក់ដឹកនាំរបស់ក្រុមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថានកំពុងមានតួនាទីកាន់តែសំខាន់ជាងមុន។
មន្ត្រីប្រទេសលោកខាងលិចមួយចំនួននិងក្រុមអ្នកឃ្លាំមើលក្នុងតំបន់ព្រមានថា គិតចាប់ពីឆ្នាំ ២០២១ មក ក្រុមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថានកំពុងព្យាយាមបណ្ដុះគ្រាប់ពូជរបស់ពូកគេនៅក្នុងរដ្ឋនានានៅអាស៊ីកណ្ដាល ដូចជាប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីគីស្ថាន និងតាហ្ស៊ីគីស្ថាន តាមរយៈការបង្កើតស្រទាប់និងបណ្ដាញតូចៗប៉ុន្តែមានសមត្ថភាពខ្ពស់ ដែលអាចជាមូលដ្ឋានគ្រឹះនៃការវាយប្រហាររបស់ពួកគេនាពេលអនាគត៕
ប្រែសម្រួលដោយលោក នៀម ឆេង