ការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងលើសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទបានធ្វើឱ្យអ្នកវាយប្រហារយ៉ាងតិច ៣ នាក់ស្លាប់និងមនុស្ស ២១ នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះរួមមានទាំងជនបរទេសពីរនាក់ផងដែរ។
សណ្ឋាគារកម្ពស់ច្រើនជាន់នេះមានទីតាំងនៅក្នុងតំបន់អាជីវកម្ម Shar-e Naw ក្នុងកណ្ដាលក្រុងកាប៊ុល ដែលជាតំបន់មួយក្នុងចំណោមតំបន់ផ្សេងទៀតដែលមានជនជាតិចិនជាច្រើនរស់នៅ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា ខ្មាន់កាំភ្លើង ៣ នាក់បានសម្រុកចូលទៅក្នុងសណ្ឋាគារនោះនៅពេលរសៀលមុនពេលកងកម្លាំងសន្តិសុខបានទប់ទល់ភ្លាមៗនិងសម្លាប់ខ្មាន់កាំភ្លើងទាំង ៣ នាក់នោះ។ លោកបានបន្ថែមថា មិនមានជនបរទេសណាម្នាក់ត្រូវបានសម្លាប់នោះទេ។
លោក Mujahid បានបញ្ជាក់ដោយមិនរៀបរាប់លម្អិតថា៖ «ប៉ុន្តែ ភ្ញៀវបរទេស២នាក់បានរងរបួសនៅពេលដែលពួកគេលោតចេញពីបង្អួចដើម្បីឱ្យរួចផុតជីវិត»។
អង្គការ EMERGENCY ដែលជាអង្គការមនុស្សធម៌អន្តរជាតិ បានរាយការណ៍អំពីចំនួនអ្នកស្លាប់និងរងរបួសច្រើនជាងនេះ ដោយបានបញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីមន្ទីរពេទ្យរបស់ខ្លួននៅក្នុងតំបន់នោះ។
អង្គការផ្តល់មូលនិធិដោយអ៊ីតាលីនេះបានបញ្ជាក់នៅលើ Twitter ដោយមិនរៀបរាប់លម្អិតថា៖ «មកទល់នឹងពេលនេះ យើងទទួលបានអ្នកស្លាប់និងរងរបួស ២១ នាក់ ដោយក្នុងនោះ៣ នាក់បានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ»។
ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានបញ្ជាក់ថា អ្នកវាយប្រហារទាំង ៣ នាក់នោះគឺជាសមាជិកនៃក្រុមសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងតំបន់ដែលមានឈ្មោះថា ISIS-K និងថាក្រុមនេះមានគោលដៅវាយប្រហារលើ «ជនកុម្មុយនីស្តចិននិងក្រុមតាលីបង់»។
ការវាយប្រហារនេះបានកើតឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីក្រុមតាលីបង់បាននិយាយថាប្រទេសចិនបានស្នើពួកគេឱ្យ «យកចិត្តទុកដាក់បន្ថែមលើសន្តិសុខ» របស់ស្ថានទូតចិននៅក្នុងទីក្រុងកាប៊ុល។
សហរដ្ឋអាមេរិកបានថ្កោលទោសការវាយប្រហារនោះ ដោយទទូចឲ្យពួកតាលីបង់គោរពតាមការប្តេជ្ញារបស់ខ្លួនក្នុងការប្រឆាំងនឹងសកម្មភាពភេរវកម្ម៕
ទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន —