ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាគ្នានៅថ្ងៃចន្ទនេះនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី មុនពេលកិច្ចប្រជុំនៃក្រុមប្រទេស G-20 ចូលមកដល់នៅថ្ងៃអង្គារស្អែក ស្របពេលដែលទំនាក់ ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះទាបបំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោកទាំងពីរបានញញឹមនៅពេលចាប់ដៃស្វាគមន៍គ្នាយ៉ាងកក់ក្ដៅនៅពីមុខដងទង់ជាតិសហរដ្ឋអាមេរិកនិងចិនក្នុងសាលប្រជុំនៃសណ្ឋាគារ Mulia នៅរមណីយដ្ឋាន Nusa Dua នៃកោះ Bali។
លោក Biden បាននិយាយថា៖ «យើងបានចំណាយពេលជាច្រើនជាមួយគ្នាកាលពីអតីតកាលនៅពេលយើងទាំងពីរធ្វើជាអនុប្រធានាធិបតី។ [ឥឡូវនេះ] វាអស្ចារ្យណាស់ដែលបានជួបលោកម្ដងទៀត»។
លោក Biden បានបន្ថែមនៅក្នុងការលើកឡើងនៅពីមុខក្រុមអ្នកកាសែតថា លោកតាំងចិត្តនៅក្នុងការរក្សាខ្សែទំនាក់ទំនងឱ្យនៅបើកចំហទាំងកម្រិតផ្ទាល់ខ្លួននិងទាំងកម្រិតរដ្ឋាភិបាល។
លោកបានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមជាមេដឹកនាំនៃប្រទេសយើងទាំងពីរ ខ្ញុំគិតថា យើងមានកាតព្វកិច្ចរួមនៅក្នុងការបង្ហាញថា ប្រទេសចិននិងសហរដ្ឋអាមេរិកអាចគ្រប់គ្រងទស្សនៈផ្ទុយគ្នារបស់យើង បង្ការការប្រកួតប្រជែងមិនឱ្យក្លាយទៅជាជម្លោះ និងស្វែងរកវិធីធ្វើការជាមួយគ្នាលើបញ្ហាបន្ទាន់នានានៅលើសាកលលោកដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរបស់យើងទៅវិញទៅមក»។
លោក Biden បានលើកឡើងអំពីបញ្ហាប្រែប្រួលអាកាសធាតុនិងអសន្តិសុខស្បៀងអាហារថាជាបញ្ហាដែលពិភពលោករំពឹងឱ្យសហរដ្ឋអាមេរិកនិងប្រទេសចិនដោះស្រាយ។
លោក Xi បានឆ្លើយតបចំពោះលោក Biden វិញថា ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនៅពេលឥឡូវនេះមិនដូចការរំពឹងទុករបស់ពិភពលោកនោះទេ។
លោក Xi បញ្ជាក់ដូច្នេះថា៖ «ដូច្នេះយើងចាំបាច់ត្រូវត្រួសត្រាយផ្លូវត្រឹមត្រូវសម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវស្វែងរកទិសដៅត្រឹមត្រូវឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងទ្វេភាគីនិងលើកកម្ពស់ទំនាក់ទំនងនេះ»។
លោក Xi បានបន្តថា៖ «ពិភពលោករំពឹងថា ប្រទេសចិននិងសហរដ្ឋអាមេរិកនឹងចាត់ចែងទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ»។
លោកបានបន្ថែមថា លោកទន្ទឹងរង់ចាំធ្វើការជាមួយនឹងលោក Biden ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកត្រឡប់មករកផ្លូវត្រូវវិញ៕
លោក Biden និងលោក Xi ជួបពិភាក្សាគ្នាមុនកិច្ចប្រជុំនៃក្រុមប្រទេស G-20 ចូលមកដល់
- Reuters
រមណីយដ្ឋាន Nusa Dua ប្រទេសឥណ្ឌូណេស៊ី —