ជំនួបដែលរំពឹងទុកយ៉ាងខ្លាំងរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចធំៗក្នុងពិភពលោកឬG-20។
លោកទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តរក្សានិងធ្វើឱ្យកាន់តែប្រសើរនូវមធ្យោបាយទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរ គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងវិស័យដែលមានផលប្រយោជន៍រួម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន។
មន្ត្រីរដ្ឋបាលអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយនៅក្នុងសន្និសីទព័ត៌មានខ្លីមួយជាមួយអ្នកយកព័ត៌មានថា៖ «លោកប្រធានាធិបតីនឹងលើកឡើងដោយស្មោះត្រង់អំពីកង្វល់មួយចំនួនរបស់យើង រួមទាំងសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបង្ហាញការព្រួយបារម្ភជាយូរមកហើយរបស់យើង អំពីការរំលោភសិទ្ធិមនុស្ស និងការព្រួយបារម្ភកាន់តែទូលំទូលាយដែលយើងនិងសម្ពន្ធមិត្តហើយនឹងដៃគូរបស់យើងមើលឃើញពីទម្លាប់ខាងសេដ្ឋកិច្ចដ៏គ្រោះថ្នាក់របស់ប្រទេសចិន»។
ជំនួបនេះនឹងក្លាយជាការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាលើកដំបូងរបស់លោក Biden ជាមួយលោក Xi ចាប់តាំងពីលោកប្រធានាធិបតីអាមេរិកចូលកាន់តំណែងក្នុងឆ្នាំ ២០២១មក។ លោកទាំងពីរបាននិយាយគ្នាតាមវីដេអូអ៊ីនធឺណិតនិងតាមទូរស័ព្ទជាច្រើនដង រួមទាំងអំឡុងពេលនៃទំនាក់ទំនងចុងក្រោយកាលពីខែកក្កដាផងដែរ។
កិច្ចប្រជុំនៅកោះបាលីនេះគឺជាការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាការប្រស្រ័យទំនាក់ទំនងគ្នាបើកចំហរវាងគូប្រជែងទាំងពីរនេះ តែគេមិនរំពឹងថា នឹងមានសេចក្តីថ្លែងការណ៍រួមណាមួយឡើយ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់រូបនេះបាននិយាយថា៖ «នេះគឺពិតជាមិនមែនកិច្ចប្រជុំ ដើម្បីសម្រេចឱ្យបានលទ្ធផលជាដុំកំភួននោះទេ»។
បើយោងតាមមន្ត្រីរូបនោះ លោក Biden នឹងលើកឡើងពីបញ្ហាសកល និងក្នុងតំបន់ រួមទាំងសង្គ្រាមនៅអ៊ុយក្រែន និងកលយុទ្ធនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង ដែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបាញ់មីស៊ីលសាកល្បងរាប់សិបគ្រាប់ និងដាក់ពង្រាយយន្តហោះយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ មន្ត្រីរូបនេះបានបដិសេធមិនបញ្ជាក់លម្អិតថា តើលោក Biden អាចស្នើសុំជំនួយបែបណាពីលោក Xi នោះទេ ទាក់ទងនឹងលើការទប់ស្កាត់ការបង្កហេតុដោយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង។
លោក Biden នឹងទៅដល់កោះបាលី ក្រោយពីចេញដំណើរពីកិច្ចប្រជុំកំពូលអាស៊ាននិងវេទិកាអាស៊ីបូព៌ាប្រចាំឆ្នាំនៅប្រទេសកម្ពុជា និងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលមានការប្រកួតប្រជែងដ៏តឹងតែងបំផុត ហើយដែលមិនទាន់ដឹងលទ្ធផលច្បាស់ថា តើគណបក្សប្រជាធិបតេយ្យនឹងអាចបន្តរក្សាសំឡេងភាគច្រើនតិចតួចនៅក្នុងព្រឹទ្ធសភា និងសភាឬយ៉ាងណា។
ទន្ទឹមនឹងនេះ លោក Xi ទើបតែត្រូវបានបក្សកុម្មុយនីស្តចិនបោះឆ្នោតជ្រើសរើសជាថ្មីឱ្យធ្វើជាអគ្គលេខាធិការគណបក្សដែលធានាតំណែងរបស់លោកធ្វើជាមេដឹកនាំប្រទេសចិនសម្រាប់អាណត្តិទី៣ ទៀត ដែលមិនធ្លាប់មានពីមុនមក។
អ្នកស្រី Yun Sun នាយិកាកម្មវិធីអំពីប្រទេសចិននៅមជ្ឈមណ្ឌល Stimson បាននិយាយថា មេដឹកនាំចិនទំនងជានឹងចាត់ទុកកិច្ចប្រជុំកំពូល G-20 ជា«ពិធីចេញបង្ហាញមុខ»របស់លោក។
អ្នកស្រីបានប្រាប់ VOA ថា៖ «ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោក Xi Jinping នឹងប្រើឱកាសទាំងនេះ មិនត្រឹមតែដើម្បីបង្ហាញថា លោកមានទំនាក់ទំនងទ្វេភាគីល្អបំផុតជាមួយប្រទេសជាច្រើននោះទេ លោកក៏នឹងព្យាយាមកសាងមុខមាត់របស់ប្រទេសចិនក្នុងនាមជាមហាអំណាចខ្លាំងក្លាមួយផងដែរ»។
លោក Biden បាននិយាយថា លោកនឹងបញ្ជាក់ជាថ្មីប្រាប់លោក Xi ថា៖ «លោកកំពុងតែស្វែងរកការប្រកួតប្រជែង មិនមែនស្វែងរកជម្លោះនោះទេ»៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ