រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrovត្រូវបង្ខំចិត្តលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសស៊ែប៊ីនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសជិតខាងរបស់រុស្ស៊ីជាច្រើនបានបិទដែនអាកាសរបស់គេមិនឱ្យយន្តហោះរុស្ស៊ីឆ្លងកាត់។ នេះបើតាមការឱ្យដឹងពីមន្ត្រីមួយចំនួនហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Lavrov មានគម្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៅរដ្ឋធានីប៊ែលក្រាដនៃប្រ ទេសស៊ែប៊ីដែលជាសម្ពន្ធមិត្តមួយរបស់រុស្ស៊ីក្នុងចំណោមសម្ព័ន្ធមិត្តមួយចំនួនតួចដែលនៅសេសសល់ក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីកងទ័ពរុស្ស៊ីចាប់ផ្តើមការវាយប្រហារខាងយោធាលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។
ប្រទេសមួយចំនួនដែលនៅជិតស៊ែប៊ីបានបិទការទាក់ទងរបស់ខ្លួនដោយបដិសេធមិនឱ្យយន្តហោះរុស្ស៊ីដែលដឹកលោក Sergei Lavrov ហោះកាត់ប្រទេសរបស់គេទៅកាន់ប្រទេសស៊ែប៊ី។
ប្រសិនបើគ្មានការបិទព្រំដែនអាកាសរបស់សហភាពអឺរ៉ុបនិងប្រទេសជាសមាជិករបស់អង្គការអូតង់នោះ គណៈប្រតិភូរុស្ស៊ីប្រហែលជាត្រូវមកដល់ទីក្រុងប៊ែលក្រាដរបស់ស៊ែប៊ីហើយនៅពេលនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីមួយចំនួនដែលបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។
ទន្ទឹមនឹងនេះដែរ កាសែត Vecernje Novosti ដែលជាកាសែតប្រចាំថ្ងៃរបស់ស៊ែប៊ីបានរាយ ការណ៍ថា ប្រទេសប៊ុលហ្ការី ម៉ាសេដ្វាននិងប្រទេសម៉ុងតេណេហ្គ្រោបានបដិសេធមិនផ្តល់ដែនអាកាសហោះហើររបស់ខ្លួនចំពោះយន្តហោះរុស្ស៊ីដែលដឹករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ។
ប្រភពការទូតរុស្ស៊ីមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ថា រុស្ស៊ីគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវលុបចោលដំណើរទស្សនកិច្ចនោះឡើយ។
ខណៈដែលប្រទេសស៊ែប៊ីបានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ស៊ែប៊ីមិនបានចូលរួមជាមួយសហភាពអឺរ៉ុបនៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ថ្វីបើស៊ែប៊ីស្វះស្វែងចូលក្នុងសហភាពអឺរ៉ុបក៏ដោយ។
ប្រទេសទាំង២មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងហើយរដ្ឋាភិបាលក្រុងប៊ែលក្រាដកាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានរយៈពេល៣ឆ្នាំដើម្បីទទួលឧស្ម័នធម្មជាតិរបស់រុស្ស៊ី៕