ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​គ្នា​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឈាន​ចូល​ដល់​ថ្ងៃ​ទី១០០​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ


ទាហាន​នៃ​កងកម្លាំង​ដែល​គាំទ្រ​រុស្ស៊ី​ ជិះ​លើ​រថពាស​ដែក អំឡុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ទី​ក្រុង Popasna នៅ​តំបន់ Luhansk ភាគ​ខាង​កើត​របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
ទាហាន​នៃ​កងកម្លាំង​ដែល​គាំទ្រ​រុស្ស៊ី​ ជិះ​លើ​រថពាស​ដែក អំឡុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ទី​ក្រុង Popasna នៅ​តំបន់ Luhansk ភាគ​ខាង​កើត​របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទឹកដី​អ៊ុយក្រែន​ប្រមាណ​២០ភាគរយ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ នៅ​ថ្ងៃ​សុក្រ​នេះ​ជា​ការ​កត់សម្គាល់​រយៈ​ពេល​១០០​ថ្ងៃ​គត់​នៃការ​ប្រយុទ្ធ​ គ្នានៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែលនៅ​តែ​កំពុង​បន្តកើត​ឡើង​នៅ​ក្នុង​សមរភូមិជា​ច្រើន។​

លោក Zelenskyy បាន​ថ្លែង​ប្រាប់​សភា​ប្រទេស​លុចសំបួតាម​រយៈ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា៖ «សូម​អស់​លោក​ស្រមៃ​មើល​ពី​ការ​ប្រយុទ្ធ​គ្នាមិន​ឈប់ឈរនៅ​តាម​សមរភូមិ​ជួរមុខ​ដែល​មានបណ្តាយ​ប្រវែង​ជាង​១.០០០​គីឡូម៉ែត្រនោះ។ លោក​បន្ថែម​ទៀត​ថា តំបន់របស់អ៊ុយក្រែនដែល​ពេល​នេះ​គ្រប់គ្រង​ដោយកងកម្លាំង​រុស្ស៊ី​នោះ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ហូឡង់​ទាំងមូល។

អ៊ុយក្រែនបាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​ថា កងកម្លាំង​របស់​ខ្លួន​បាន​ដណ្តើមកាន់កាប់​ឡើង វិញនូវ​ទីប្រជុំជន​និង​ភូមិ​តូចៗ​ចំនួន​២០នៅ​ក្នុង​តំបន់ Kherson នៅភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន។ ទន្ទឹម​នឹង​នេះ​ដែរ កងកម្លាំង​រុស្ស៊ី​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើទីក្រុង Sievierodonetsk ដែល​ជា​ទីក្រុង​ដែល​គ្រប់គ្រង​ចុងក្រោយដោយ​អ៊ុយក្រែន​នៅក្នុង​តំបន់ Luhansk នៅ​ភាគ​ខាង​កើតប្រទេស​អ៊ុយក្រែន។

អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង​នេះប្រមាណ​៧០ភាគរយ ហើយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នៅ​តាម​ដង​ផ្លូវ​នានា​កំពុង​កើត​មាន​ឡើង។

ដោយ​ឡែក ក្រសួង​ការពារ​ជាតិ​អង់គ្លេស​វិញបាន​និយាយ​ថា រុស្ស៊ី​បាន​កាន់កាប់ទីក្រុង​នេះ​ស្ទើរ​ទាំង​ស្រុង។ ក្រសួង​ការពារ​ជាតិ​អង់គ្លេសបាន​បញ្ជាក់​ទៀត​ថា កងកម្លាំងអ៊ុយក្រែន​កាន់ កាប់​ផ្លូវ​សំខាន់​មួយ​ចូល​ទៅ​កាន់​ទីក្រុង​នេះ ខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី​កំពុង​រុល​ទៅ​មុខយ៉ាង​ខ្លាំងនៅ​ផ្នែក​ជា​ច្រើន​ដោយ​មាន​ការ​គាំទ្រ​ពី​កាំភ្លើង​ផ្លោង​របស់​ខ្លួនដ៏​ខ្លាំង​ក្លា​ផង​ដែរ។

ការ​វាយ​តម្លៃអំពី​សង្គ្រាមរបស់​មេដឹកនាំ​អ៊ុយក្រែន​កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់​រំសេវ​និងប្រព័ន្ធ​បាញ់​រ៉ុក្កែត​ដែល​ទំនើប​ជាង​មុន​ទៅឱ្យ​អ៊ុយក្រែន​ក្នុង​កញ្ចប់​ទឹកប្រាក់​ដែល​មាន​តម្លៃ​ប្រមាណ​៧០០​លាន​ដុល្លារ​អាមេរិក។

លោក Zelenskyy ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​វិល​ត្រឡប់​នៃ​ស្ថានទូតបរទេសទៅក្នុង​រដ្ឋធានី​កៀវឡើងវិញ​នោះ ​ជា​តឹកតាង​មួយដែល​បង្ហាញ​ពី​ជ័យជម្នះ​របស់​អ៊ុយក្រែន​ផង​ដែរ៕

XS
SM
MD
LG