ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​​ទៅ​ឱ្យ​អ៊ុយក្រែន


ជនជាតិ​អ៊ុយក្រែន​ម្នាក់​មើល​យានយន្ដ​ដឹក​ឧបករណ៍​បាញ់​រ៉ុក្កែត​ ខណៈ​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ក្បែរ​ក្រុង Kramatorsk តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២។
ជនជាតិ​អ៊ុយក្រែន​ម្នាក់​មើល​យានយន្ដ​ដឹក​ឧបករណ៍​បាញ់​រ៉ុក្កែត​ ខណៈ​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ក្បែរ​ក្រុង Kramatorsk តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋ​អាមេ រិក នឹង​ផ្តល់ជំនួយ​ជា«គ្រាប់​រំសេវ​និង​ប្រព័ន្ធ​រ៉ុក្កែត​ដែល​មានលក្ខណៈ​ទំនើប​ជាង​មុន» ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ៧០០លាន​ដុល្លារ​ដល់​អ៊ុយក្រែន ខណៈដែល​ការឈ្លានពាន​របស់​រុស្ស៊ី​បាន​ឈានចូល​ដល់​ខែ​ទី៤។ មន្ត្រី​សេតវិមាន​និយាយ​ថា អ៊ុយក្រែន​បាន​សន្យាថា នឹង​មិន​ប្រើ​រ៉ុក្កែត​ទាំង​នោះ​បាញ់​ចូល​ក្នុង​ទឹកដី​របស់​រុស្ស៊ី​នោះ​ទេ។

លោក Biden បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា «កញ្ចប់​ជំនួយថ្មី​នេះ នឹង​ជួយដល់​អ៊ុយក្រែន​ឱ្យ​មាន​សមត្ថភាព​ថ្មី​និង​មាន​ប្រព័ន្ធ​អាវុធ​ទំនើប​ដែល​ក្នុង​នោះ​រួម​មាន​ប្រព័ន្ធ​បាញ់​រ៉ុក កែត HIMARS និង​គ្រាប់​រំសេវ​សម្រាប់​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដើម្បី​ការពារទឹក​ដី​របស់​ខ្លួន​និង​ការពារការរុល​ទៅ​មុខ​របស់​កង​កម្លាំង​រុស្ស៊ី។ យើង​នឹង​បន្តដឹកនាំ​ពិភពលោក​ក្នុងការ​ផ្តល់​ជំនួយ​ជា​ប្រវតិត្តិសាស្ត្រ​ដល់ការប្រយុទ្ធ​តស៊ូ​របស់​អ៊ុយក្រែន​ដើម្បី​សេរីភាព​របស់​ខ្លួន»។

មន្ត្រី​រដ្ឋបាល​អាមេរិក​មួយ​ចំនួន​និយាយ​ថា កញ្ចប់​ជំនួយ​ជា​អាវុធ​យុទ្ធភណ្ឌ​ថ្មីដល់​ប្រទេស​អ៊ុយក្រែន​នេះ​មាន​ភាពសមស្របទៅ​នឹង​ភាព​ចាំបាច់​នៃ​ដំណាក់កាល​នៃ​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​កំពុង​បន្តកើត​មានយ៉ាង​ខ្លាំង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។

លោក Colin Kahl អនុ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​នៃ​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា «ខណៈ​ដែល​ការប្រយុទ្ធកំពុង​បន្ត​ផ្លាស់​ប្តូរ​នោះ អ៊ុយ ក្រែន​បានមក​ពឹងពាក់​យើង។ យើង​បាន​ធ្វើ​ការវាយ​តម្លៃរបស់​យើង។ យើង​តែង​តែធ្វើការ​វាស់ស្ទង់​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវ​ការ ការវាយ​តម្លៃ​របស់​យើង​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​និងផល​ប៉ះពាល់​ទៅ​លើ​កងកម្លាំង​របស់​យើង ជា​ពិសេស​នៅ​ពេល​ដែល​យើង​យក​អាវុធ​ចេញ​ពី​ឃ្លាំង​ស្តុក​អាវុធ​របស់​យើង​នោះ»។

លោក​បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក នឹង​ផ្តល់​ប្រព័ន្ធ​រ៉ុកកែត​ថ្មី​ចំនួន៤ប្រភេទ​ហើយ​វា​ត្រូវ​ប្រើ​ពេល​វេលា​ប្រហែល៣សប្តាហ៍​ដើម្បី​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​អ៊ុយក្រែន​ក្នុង​ការប្រើ​ប្រព័ន្ធ​អាវុធ​ថ្មីៗ​ទាំង​នោះ។ លោកColin Kahl បាន​បដិសេធ​មិន​និយាយថា តើ​ការ​ហ្វឹកហ្វឺន​ដល់​កម្លំាង​អ៊ុយក្រែន​នឹង​កើត​មាន​ឡើង​នៅ​ទី​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា​ អាវុធយុទ្ធភណ្ឌ​ថ្មីៗ​ទាំងនោះ កំពុង​ស្ថិត​នៅ​ក្នុង​ទ្វីបអឺរ៉ុប​រួច​ហើយ»។

ថ្លែងក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អគ្គលេខាធិការអង្គការ​អូតង់​លោកJens Stoltenbergបាន​គូស​បញ្ជាក់ថា​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ឡើយ ក៏ប៉ុន្តែ​អង្គការ​អូតង់​ចង់​ឃើញអ៊ុយក្រែន​ស្ថិត​នៅ​ក្នុង​ជំហរ​មួយ​ដ៏​រឹង​មាំ​នៅ​ពេល​ដែល​កិច្ចពិភាក្សា​សន្តិភាព​ កើត​មាន​ឡើង។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកBlinkenវិញ​បាន​ថ្លែង​ថា «រុស្ស៊ី​ជា​អ្នក​សម្រេច​ថា​តើត្រូវ​បញ្ចប់​ឬ​បន្ថយ​នូវ​ជម្លោះនៅ​ក្នុង​ប្រទេស​អ៊ុយក្រែននោះ»៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មានAPទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មានReuters

XS
SM
MD
LG