កាលពីថ្ងៃសុក្រ ប្រទេសរុស្ស៊ីបានតែងតាំងមន្ត្រីការទូតអាជីពលោក Alexander Darchiev ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក។ ការតែងតាំងដែលបានបំពេញតំណែងនេះដែលនៅទំនេរតាំងពីឆ្នាំមុនមកគឺជាសញ្ញាមួយទៀតនៃការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងស្ដារឡើងវិញនូវទំនាក់ទំនងប្រេះស្រាំជាមួយនឹងរុស្ស៊ីតាំងពីពេលដែលលោកបានចូលកាន់តំណែងមក ដោយលោកបានទាក់ទងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងផ្ដួចផ្ដើមនូវការពិភាក្សាកម្រិតខ្ពស់ជាលើកដំបូងបង្អស់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅក្នុងឆ្នាំ ២០២២ មក។
លោក Putin បានដកអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Anatoly Antonov ត្រឡប់ទៅរុស្ស៊ីវិញកាលពីខែតុលាឆ្នាំមុន ប៉ុន្តែមិនបានជ្រើសរើសអ្នកថ្មីជំនួសទេ នៅចំពេលដែលទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនិងអាមេរិកធ្លាក់ដល់ចំណុចទាបបំផុតទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖ «ភាគីអាមេរិកបានប្រគល់កំណត់កិច្ចយល់ព្រមផ្លូវការមួយអំពីការតែងតាំង [លោក Darchiev] នេះ»។
លោក Darchiev ធ្លាប់កាន់តួនាទីការទូតជាច្រើនសម្រាប់ប្រទេសរុស្ស៊ីតាំងពីឆ្នាំ ១៩៩២ មក ដោយតំណែងចុងក្រោយបំផុតរបស់លោកគឺតំណែងជាប្រធាននាយកដ្ឋានអាមេរិកខាងជើងនៃក្រសួងការបរទេសរុស្ស៊ី។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នានៅក្នុងទីក្រុង Istanbul នៃប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ដែលមានបំណងដោះស្រាយបញ្ហាការទូតនានា៕
វេទិកាបញ្ចេញមតិ