ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីសរសើរជំហររបស់អាមេរិកថា​មានតុល្យភាពជាងមុនលើអ៊ុយក្រែន


ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បានបោះឆ្នោតនៅ​ទីស្នាក់ការកណ្តាល​អង្គការសហប្រជាជាតិកាលពីថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ២០២៥។ (AP Photo/Richard Drew)
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បានបោះឆ្នោតនៅ​ទីស្នាក់ការកណ្តាល​អង្គការសហប្រជាជាតិកាលពីថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ២០២៥។ (AP Photo/Richard Drew)

រដ្ឋាភិបាល​រុស្ស៊ី​បាន​ស្វាគមន៍​អ្វី​ដែល​ខ្លួន​ហៅ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ជា​ជំហរ «មាន​តុល្យភាព​ជាងមុន» របស់​សហរដ្ឋ​អាមេរិក​លើ​អ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​លើ​សេចក្ដីសម្រេច «មាគ៌ា​ដើម្បី​សន្តិភាព» របស់​ខ្លួន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទោះបីជា​មាន​ការ​ជំទាស់​ពី​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏ដោយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា ជំហរ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអ្វី​ដែល​លោក​ហៅ​ថា​ «សេចក្ដី​ប្រាថ្នា​ពិត​ប្រាកដ​ក្នុង​ការ​រួម​ចំណែក​ស្វែងរក​ដំណោះស្រាយ»។

សេចក្តី​ព្រាង​ដែល​មាន​ ៤ ​ប្រយោគរបស់​សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​ការ​កាន់ទុក្ខ​ការ​បាត់បង់​ជីវិត​មនុស្ស «នៅ​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន» និង​បញ្ជាក់​ថា​គោល​បំណង​ចម្បង​របស់​អង្គការ​សហប្រជាជាតិ «គឺ​រក្សា​សន្តិភាព​អន្តរជាតិ​និង​សន្តិសុខ​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។ សេចក្តី​ព្រាងនេះ​ក៏ «ស្នើ» ផងដែរ «ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នេះ​ឲ្យ​បាន​ឆាប់​និង​ជំរុញ​បន្ថែម​ឲ្យ​មាន​សន្តិភាព​យូរ​អង្វែង​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី»។

សេចក្ដី​សម្រេច​នេះ​ត្រូវបាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ១០ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រុស្ស៊ី​និង​ចិន​ដែល​បោះឆ្នោត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផងដែរ។ ចក្រភព​អង់គ្លេស​និង​ប្រទេស​អឺរ៉ុប ៤ ទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​អនុប្បវាទ។ គ្មាន​សមាជិក​ណាមួយ​បោះឆ្នោត​ប្រឆាំង​នោះទេ។

ប្រទេស​បារាំង​និង​ចក្រភព​អង់គ្លេស​បាន​ព្យាយាម​ឲ្យ​មាន​ការ​ពន្យារពេល​ការ​បោះឆ្នោត​នេះ​ប៉ុន្តែ​បាន​បរាជ័យ។ បន្ទាប់មក ប្រទេស​ទាំងពីរ​រួម​ទាំង​ដាណឺម៉ាក ក្រិក និង​ស្លូវេនី​ផងដែរ ចង់​ឲ្យ​មាន​ការ​កែប្រែ​សំណេរ​របស់​សហរដ្ឋ​អាមេរិក​នោះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​កែ​ពាក្យ «សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន» ទៅ​ជា​ពាក្យ «ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​សហព័ន្ធ​រុស្ស៊ី​លើ​អ៊ុយក្រែន» ផងដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG