ប្រទេសរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ្រូនរបស់ចិន ដើម្បីផ្គត់ផ្គង់ឱ្យខ្លួនដែលអាចត្រូវដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទស្សនាវដ្តីនោះបានបញ្ជាក់ថា ខ្លួនបានឃើញព័ត៌មាននោះដែលបានប្រាប់ឱ្យដឹងថា យោធារបស់រុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតដ្រូនរបស់ចិន ដែលមានឈ្មោះថា Xi'an Bingo Intelligent Aviation Technology ដើម្បីផលិតដ្រូនបែបនេះឱ្យរដ្ឋាភិបាលក្រុងមូស្គូក្នុងទ្រង់ទ្រាយធំ។
សេចក្តីរាយការណ៍នោះបានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនចិននេះបានយល់ព្រមស្ថាបនា និងសាកល្បងដ្រូនប្រភេទ 100 ZT-180 មុនពេលប្រគល់វាទៅឱ្យរុស្ស៊ីនៅខែមេសា ឆ្នាំ២០២៣នេះ។
មានសេចក្តីរាយការណ៍ថា ដ្រូននិមួយៗអាចផ្ទុកគ្រឿងផ្ទុះពី៣៥ ទៅ៥០គីឡូក្រាម។ បន្ថែមពីនោះទៀត សេចក្តីរាយការណ៍នោះថា ក្រុមហ៊ុន Bingo កំពុងមានគម្រោងបញ្ជូនឱ្យរុស្ស៊ីនូវគ្រឿងប្រដាប់និងពីរបៀបផលិតដ្រូននៅនឹងកន្លែងឱ្យរដ្ឋាភិបាលក្រុងមូស្គូផងដែរ។
នៅពេលទាក់ទងដោយទស្សនាវដ្តី Spiegel ក្រសួងការបរទេសចិនបានបដិសេធពីការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី ក៏ប៉ុន្តែមិនបាននិយាយជាក់លាក់អំពីដ្រូននោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងការបរទេសចិននោះបានសង្កត់ថា ប្រទេសជាសមាជិករបស់អង្គការអូតង់រួមទាំងសហរដ្ឋអាមេរិកផងដែរជាប្រភពដ៏ធំបំផុតនៃការផ្គត់ផ្គង់អាវុធសម្រាប់សមរភូមិនៅក្នុងប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ចិនពីការពិចារណាផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលកំពុងបង្កើនភាពតានតឹងនៅពេលដែលសង្គ្រាមនោះមានរយៈពេលមួយឆ្នាំនៅថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់បណ្តាញទូរទស្សន៍ CBS ថា ចិនឥឡូវនេះកំពុងពិចារណាផ្តល់គ្រឿងអាវុធដល់រដ្ឋាភិបាលក្រុងមូស្គូចាប់ពីគ្រាប់រំសេវរហូតដល់អាវុធ៕