ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គាំទ្រ​សម្ពន្ធមិត្ត​បស្ចិម​ប្រទេស ខណៈ​លោក Putin ប្រកាន់​ជំហរ​រឹងរូស​រឿង​អ៊ុយក្រែន


លោក​ប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Bucharest Nine កាលពី​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Bucharest Nine កាលពី​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទ្វីប​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ ដោយ​ធ្វើការ​ដើម្បី​គាំទ្រ​ភាព​ជា​ដៃគូ​ជាមួយ​សម្ពន្ធមិត្ត​ចំពោះ​សមាជិក​អង្គការ​អូតង់ (NATO) នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ស្រប​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ងាក​កាន់តែ​ជិត​ទៅ​រក​ប្រទេស​ចិន​សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​នៅ​ពេល​ដែល​ការ​ឈ្លានពាន​របស់​លោក​លើ​អ៊ុយក្រែន​ជិត​ឈាន​ចូល​ដល់​ខួប​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ជំនួប​របស់​លោក Biden ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Bucharest Nine នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​បាន​ធ្វើ​ឡើង​នៅ​ពេល​លោក​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​យ៉ាង​រហ័សរយៈពេល​ ៤ ​ថ្ងៃ​របស់​លោក​ទៅកាន់​ប្រទេស​អ៊ុយក្រែន​និង​ប៉ូឡូញ​ក្នុង​គោល​បំណង​ដើម្បី​ធានា​ចំពោះ​សម្ពន្ធមិត្ត​ថា ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទប់ទល់​នឹង​រុស្ស៊ី​គឺ​មិន​ងាយ​នឹង​ថមថយ​នោះ​ទេ។

សម្រាប់​លោក Putin វិញ កាលពី​ថ្ងៃ​ពុធ លោក​បាន​ទទួល​ស្វាគមន៍​លោក Wang Yi ដែល​ជា​មន្ត្រី​គោល​នយោបាយ​ការបរទេស​ជាន់​ខ្ពស់​បំផុត​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​ទីក្រុង​មូស្គូ ស្រប​ពេល​ដែល​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ចិន​កំពុង​ពិចារណា​ផ្គត់ផ្គង់​សព្វាវុធ​និង​គ្រាប់​រំសេវ​ដល់​យោធា​រុស្ស៊ី​ដែល​កំពុង​ចុះខ្សោយ។

ការ​បង្ហាញ​នូវ​សម្ពន្ធភាព​ទាំង​នេះ​គឺ​ជា​សញ្ញា​ថ្មី​មួយ​ដែល​បង្ហាញ​ថា​ ភាគី​ទាំង​ពីរ​កំពុង​ប្រកាន់​ជំហរ​មិន​ងាករេ​នៅ​ក្នុង​សង្គ្រាម​អូសបន្លាយ​ដ៏​យូរ​ក្នុង​ប្រទេស​អ៊ុយក្រែន។ គេ​រំពឹង​ថា ​ការ​ប្រយុទ្ធ​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នោះ​នឹង​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ពេល​រដូវ​ផ្កា​រីក​ចូល​មក​ដល់។

ដំណើរ​ទស្សនកិច្ច​របស់​លោក Biden លើក​នេះ​បាន​ផ្ដល់​នូវ​ឱកាស​មួយ​ទៀត​នៃ​ការ​ទាក់ទាញ​សាធារណជន​កាលពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ខ្លាំងៗ​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​អំពី​សាមគ្គីភាព​របស់​ក្រុម​បស្ចិម​ប្រទេស ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។

នៅ​ពេល​ដែល​លោក Biden ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ លោក Putin បាន​ប្រកាស​ថា រុស្ស៊ី​ផ្អាក​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​សន្ធិសញ្ញា New START ដែល​ជា​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​តែ​មួយ​គត់​ដែល​នៅ​សល់។

លោក Biden បាន​ហៅ​ការ​ដកខ្លួន​ចេញ​របស់​រុស្ស៊ី​ពី​សន្ធិសញ្ញា​នេះ​ថា​ជា«កំហុស​ដ៏​ធំ​មួយ»។ ការ​ដកខ្លួន​ចេញ​របស់​រុស្ស៊ី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជះ​ផល​ភ្លាមៗ​លើ​ការ​ប្រយ័ត្ន​ប្រយែងរបស់​សហរដ្ឋ​អាមេរិក​អំពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​រុស្ស៊ី៕

XS
SM
MD
LG