ពួកមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅឯកំពង់ផែក្នុងតំបន់ Odesa ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូងដែលជាផ្នែកមួយនៃការវាយប្រហារដោយដ្រូនក្នុងពេលយប់។
លោក Andriy Yermak នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយតាមតេឡេក្រាមថា ការវាយប្រហារនេះដៅលើកំពង់ផែ Reni តាមដងទន្លេ Danube។
អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហារនោះបានធ្វើឱ្យខូចខាតឃ្លាំងនិងកន្លែងផ្ទុកគ្រាប់ធញ្ញជាតិនៅឯកំពង់ផែ។
លោក Kiper បាននិយាយថា មិនមានមនុស្សរងរបួសនិងស្លាប់មកពីការវាយប្រហារ ហើយថាកងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីចំនួន១១គ្រឿងនៅតំបន់ Odesa។
យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកម្ទេចដ្រូនទាំងអស់ចំនួន១៣គ្រឿងក្នុងរយៈពេលមួយយប់។ យោធាអ៊ុយក្រែនបាននិយាយទៀតថា រុស្ស៊ីបានប្រើដ្រូន Shahed ផលិតនៅប្រទេសអ៊ីរ៉ង់ដើម្បីវាយប្រហារតំបន់ Odesa និងតំបន់ Mykolaiv។
នៅផ្នែកខាងកើតប្រទេសអ៊ុយក្រែន កងទ័ពអ៊ុយក្រែនបានកាន់កាប់ឡើងវិញភូមិ Urozhaine ក្នុងតំបន់ Donetsk។ នេះបើតាមអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar។
លោកស្រី Maliar បាននិយាយតាមតេឡេក្រាមថា «ភូមិ Urozhaine បានត្រូវរំដោះ។ កងទ័ពរបស់យើងបានស្ថិតនៅក្នុងលេណដ្ឋាននៅខាងក្រៅទីក្រុង»។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកម្ទេចដ្រូនអ៊ុយក្រែន៣គ្រឿងដែលបានហោះកាត់តំបន់ Kaluga។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ទៀតថា ការវាយប្រហារកាលពីពេលព្រឹកមិនបានបណ្តាលឱ្យមនុស្សរងរបួស ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធទេ។
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។