ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្នើសុំដល់សភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ឱ្យផ្តល់លុយប្រមាណជាង ១៣ ពាន់លានដុល្លារអាមេរិក ក្នុងជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដែលជាចំនួនទឹកប្រាក់ដ៏ធំមួយ ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើតមាន ហើយកងកម្លាំងអ៊ុយក្រែន កំពុងធ្វើយុទ្ធនាការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលមានលេណដ្ឋានការពាររឹងមាំ។ នេះបើតាមការបញ្ជាក់របស់មនុស្សម្នាក់ដែលដឹងរឿងនេះ ហើយដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP។
ការស្នើសុំដូចនេះកាលពីលើកចុងក្រោយរបស់សេតវិមាន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកាកន្លងទៅ ដោយទទួលបានតាមការស្នើសុំ ហើយដែលនៅពេលនោះ សំណើខ្លះត្រូវបានសភាអាមេរិកអនុម័តយល់ព្រមលើសពីអ្វី ដែលប្រធានាធិបតីមកពីខាងគណបក្សប្រជាធិតេយ្យរូបនេះ បានស្នើសុំទៅទៀត។
ប៉ុន្តែពេលនេះ ជាពេលវេលាខុសគ្នា។ ការខ្វែងគំនិតខាងនយោបាយនៅក្នុងបញ្ហានេះ កំពុងមានការរីកកាន់តែធំឡើង ដោយរដ្ឋសភាអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ កំពុងប្រឈមនឹងសម្ពាធខ្លាំង ក្នុងការបង្ហាញការគាំទ្រដល់មេដឹកនាំគណបក្សរបស់ខ្លួន គឺលោក Donald Trump ដែលមានមន្ទិលសង្ស័យទៅលើសង្គ្រាមមួយនេះ។ ទន្ទឹមនឹងនេះដែរ ការគាំទ្ររបស់ពលរដ្នអាមេរិកាំង ទៅលើកិច្ចប្រឹងប្រែងជួយប្រទេសអ៊ុយក្រែននេះ ក៏ហាក់មានសភាពថមថយផងដែរ។
ទន្ទឹមនឹងនេះដែរ សេតវិមាន ក៏ស្នើសុំទឹកប្រាក់ប្រមាណ ១២ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញថវិកាគ្រោះមហន្តរាយរបស់សហព័ន្ធរបស់ខ្លួនផងដែរ។ នេះបើយោងទៅលើមនុស្សម្នាក់ ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈជុំវិញរឿងនេះ ដោយសារតែសំណើទាំងនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះ ហើយដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅក្នុងលក្ខខណ្ឌជាប្រភពអនាមិក។
លោក Biden និងក្រុមសន្តិសុខជាតិជាន់ខ្ពស់របស់លោក បាននិយាយជាច្រើនលើកច្រើនសារថា សហរដ្ឋអាមេរិក នឹងជួយដល់ប្រទេសអ៊ុយក្រែន បើទោះជាយូរប៉ុណ្ណាក៏ដោយ ដើម្បីបណ្តេញរុស្ស៊ីចេញពីព្រំដែនរបស់អ៊ុយក្រែន៕