រុស្ស៊ីនិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១១ គ្រឿង ដែលហោះមកកាន់ឧបទ្វីប Crimea ហើយនឹង ២ គ្រឿងទៀតហោះមកកាន់រដ្ឋធានីមូស្គូ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍លើតេឡេក្រាមថា ដ្រូន ២ គ្រឿងដែលដៅការវាយប្រហារលើរដ្ឋធានីមូស្គូត្រូវបានបាញ់ទម្លាក់ ហើយក៏ដូចដ្រូន ២ គ្រឿងដែលហោះនៅជិតទីក្រុង Sevastopol នៅឆ្នេរសមុទ្រ Crimea។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ដ្រូន ៩ គ្រឿង «ត្រូវបានរារាំងដោយឧបករណ៍សង្គ្រាមអេឡិចត្រូនិក ហើយបានធ្លាក់នៅក្នុងសមុទ្រខ្មៅ»។
កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធររុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ២ គ្រឿងរបស់អ៊ុយក្រែន ដែលបានហោះតម្រង់ទៅកាន់រដ្ឋធានីមូស្គូ។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញសង្គម X ដែលស្គាល់ថា Twitter ថាការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Zaporizhzhia ភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៣ នាក់ដែរ។ លោកបាននិយាយទៀតថា «អគារធម្មតាមួយខ្នងបានរងការវាយប្រហារ ព្រះវិហារគ្រិស្តសាសនាមួយកន្លែងនិងអគារលំនៅដ្ឋានមួយខ្នងបានរងការខូចខាត»។
លោកប្រធានាធិបតី Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសច្រើនជាងដែលខ្លួនមាន។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំគ្មានការមន្ទិលសង្ស័យឡើយថា យន្តហោះចម្បាំងប្រភេទ F-16s នឹងស្ថិតនៅលើដែនអាកាសរបស់យើង»។
មន្ត្រីអ៊ុយក្រែនបានស្វះស្វែងរកគ្រាប់រំសេវនិងអាវុធទំនើបៗកាន់តែច្រើនឡើងថែមទៀត រួមទាំងប្រព័ន្ធការពារដែនអាកាសនិងយន្តហោះចម្បាំង ដើម្បីឱ្យស៊ីគ្នានឹងសមត្ថភាពខាងយោធារបស់រុស្ស៊ី។
លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ទៀតថា ការមានយន្តហោះចម្បាំងប្រភេទ F-16s មិនត្រឹមតែបង្កើនការមានប្រៀបខាងដែនអាកាសប៉ុណ្ណោះទេ ក៏ប៉ុន្តែមានកម្លាំងស្មើគ្នានឹងកម្លាំងរបស់រុស្ស៊ី។
ប្រទេសដាណឺម៉ាកបាននិយាយកាលពីចុងខែមិថុនាថា ការហ្វឹកហាត់អ្នកបើកបរយន្តហោះជាតិអ៊ុយក្រែនដើម្បីបើកបរយន្តហោះចម្បាំងប្រភេទ F-16s បានចាប់ផ្តើម៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP