ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្រើ​មីស៊ីល​និង​ដ្រូន​វាយ​ប្រហារ​លើ​ទីក្រុង Odesa របស់​អ៊ុយក្រែន


ក្រុម​អ្នក​ជួយ​សង្គ្រោះ​អ៊ុយក្រែន​បាញ់​ទឹក​ទៅ​លើ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ទី​ក្រុង Odesa កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​រង​ការ​វាយប្រហារ​ពីរុស្ស៊ី​នៅ​ពេល​យប់។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​អ៊ុយក្រែន​បាញ់​ទឹក​ទៅ​លើ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ទី​ក្រុង Odesa កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​រង​ការ​វាយប្រហារ​ពីរុស្ស៊ី​នៅ​ពេល​យប់។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​ទីក្រុង​កំពង់ផែ Odesa នៅ​ភាគ​ខាង​ត្បូង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៣ នាក់​រង​របួស។

យោធា​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង ១៥ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ក៏​ដូចជា​មីស៊ីល​បាញ់​ពី​សមុទ្រ ៨ គ្រាប់​ផង​ដែរ ប៉ុន្តែ​កម្ទេចកំទី​នៃ​ដ្រូន​និង​មីស៊ីល​ទាំង​នោះ​ដែល​ធ្លាក់​ចុះ​មក​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​នៅ​លើ​ដី។

មនុស្ស ៣ នាក់​បាន​រង​របួស​បន្ទាប់ពី​កម្ទេចកំទី​បាក់បែក​បាន​ធ្លាក់​ចំ​ផ្សារ​ទំនើប​មួយ​កន្លែង ហើយ​អន្តេវាសិកដ្ឋាន​និស្សិត​មួយ​កន្លែង​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​កន្លែង​ដែល​បាន​កើតឡើង​ដោយសារ​កម្ទេចកំទី​រ៉ុក្កែត​ដែល​ធ្លាក់​ចុះ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់​លោក Oleh Kiper តាម Telegram។

ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​អាទិត្យ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទារិកា​អាយុ ២៣ ថ្ងៃ​ម្នាក់​ផង​ដែរ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ២២ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​តំបន់ Kherson នៃ​ប្រទេស​អ៊ុយក្រែន។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​ថ្កោលទោស​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី បន្ទាប់ពី​នាវា​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​បាន​បាញ់​ព្រមាន​ដាក់​នាវា​ដឹក​ទំនិញ​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​ដី​កោះ Palau ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ទីក្រុង Izmail នៃ​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​បាញ់​នោះ​បាន​ធ្វើ​ឡើង​ដោយសារតែ​នាយ​នាវា Sukru Okan បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ទាមទារ​របស់​នាវា​ចម្បាំង​រុស្ស៊ី​ឱ្យ​ឈប់។ បន្ទាប់ពី​បាន​បាញ់​ព្រមាន​មក ទាហាន​រុស្ស៊ី​បាន​ទម្លាក់​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ​លើ​នាវា​ដឹក​ទំនិញ​នោះ។

បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ត្រួត​ពិនិត្យ​នាវា Sukru Okan រួច​ហើយ នាវា​នោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅ​កាន់​កំពង់ផែ​ទីក្រុង Izmail។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីភ្នាក់ងារ​ព័ត៌មាន AP និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG