ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិអង់គ្លេសថា​ រុស្ស៊ី​ទំនង​ជា​​ប្រើប្រាស់​កម្លាំង​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ ដើម្បី​ឆ្លើយតប​​តម្រូវការ​ផលិត​អាវុធ​របស់​ខ្លួន


រូបឯកសារ៖ ទាហានរុស្ស៊ីស្តាប់បទបញ្ជាការនៅលើរថក្រោះមួយ ក្នុងអំឡុងហ្វឹកហ្វឺន នៅតំបន់ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២។
រូបឯកសារ៖ ទាហានរុស្ស៊ីស្តាប់បទបញ្ជាការនៅលើរថក្រោះមួយ ក្នុងអំឡុងហ្វឹកហ្វឺន នៅតំបន់ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២។

ក្រសួង​ការពារ​ជាតិចក្រភព​អង់គ្លេស​និយាយ​ថា​ វិស័យ​ផលិត​សព្វាវុធ​ការពារ​ជាតិ​រុស្ស៊ី​ទំនង​ជា​ត្រូវ​ការ​កម្លាំង​ពលកម្ម​របស់​អ្នក​ទោសក្នុង​ពន្ធនាគារ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវ​ការនៃ​ការ​ផលិត​ក្នុង​អំឡុង​ពេល​សង្គ្រាម។ នេះបើតាមរបាយការណ៍​ស៊ើបការណ៍​មួយ​ ដែល​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​សុក្រ​ ស្តីពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

របាយការណ៍​ស៊ើបការណ៍ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ Twitter បាន​បញ្ជាក់​ថា៖ «កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ រោងចក្រ​ផលិត​រថក្រោះ​ដ៏​ធំ​បំផុត​មួយ​របស់​រុស្ស៊ី​ដែល​មានឈ្មោះ Uralvagonzavod (UVZ) បាន​ប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ ខ្លួន​នឹង​ជួល​បុគ្គលិក​ជា​អ្នកទោស​ប្រមាណ ២៥០ នាក់ ​បន្ទាប់​ពី​កិច្ចប្រជុំជាមួយ​ផ្នែក​សេវាកម្ម​ព្រហ្មទណ្ឌ​សហព័ន្ធ​រួច​មក»។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា៖ «ការប្រើប្រាស់​កម្លាំង​អ្នក​ទោសក្នុង​គុក​ គឺ​ជា​ប្រភព​ធនធាន​មនុស្ស​ដ៏ពិសេស​មួយ​សម្រាប់​មេដឹកនាំ​រុស្ស៊ី​ក្នុង​ការគាំទ្រ​នូវ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​ ខណៈពេលដែល​អ្នក​ស្ម័គ្រចិត្ត​ពុំមាន​ចំនួន​គ្រប់គ្រាន់»។

ក្រសួង​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ការប្រើប្រាស់​ពលកម្ម​អ្នក​ជាប់​ពន្ធនាគារទំនង​ជា​កើត​មាន​ឡើង​ដោយ​មាន​តម្រូវការ​ចាំបាច់ក្នុង​ការផលិតអាវុធ​ ដែល​មាន​លក្ខណៈ​បច្ចេកទេស​ទាប​ ដូច​ជា​រោងចក្រ​ផលិត​រថគ្រោះ​ប្រភេទ UVZ ជាដើម​ដែល​ជា​សម្ពាធ​មួយ​ដ៏​ខ្លាំងពីរដ្ឋាភិបាល​ក្រុង​មូស្គូ​ ក្នុង​ការ​បង្កើន​ការ​ផលិតផល​អាវុធ​របស់​ខ្លួន​នោះ»។

ក្នុង​ព្រឹត្តិការណ៍ដាច់​ដោយ​ឡែក​មួយ​ទៀត អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក​ស្រី​ Hanna Malyar បាន​និយាយ​នៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ មាន​ការ​ប្រយុទ្ធគ្នាយ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង Soledar ក៏ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន​នៅ​តែ​ក្រាញ​ននៀលតស៊ូ​កាន់កាប់ទី​ក្រុងនោះ​ដដែល។

លោក​ស្រី​បាន​លើក​ឡើង​ដូច​នេះ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពីមាន​ការ​អះអាង​ដោយ​ខុសៗ​គ្នា​ អំពើ​ថា ​តើ​អ្នកណាជា​អ្នក​គ្រប់គ្រង​ទីក្រុងមួយ​នេះ​ ដែល​ស្ថិត​នៅ​ភាគខាងកើត​អ៊ុយក្រែន​រហូត​មក​ដល់​ពេល​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទីក្រុង​ Soledar នោះ ​កំពុង​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង​ ហើយ​បរិយាកាស​និង​ការ​ប្រយុទ្ធ​កំពុង​មាន​សភាពក្លៀវក្លានៅ​ឡើយ​ បើ​ទោះ​បី​ជា​មាន​របាយការណ៍​ថា ទីក្រុង​នេះ​បាន​ធ្លាក់ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី​ហើយ​ក៏​ដោយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន APនិង Reuters

XS
SM
MD
LG