ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្ដូរ​មេបញ្ជាការ​ម្ដងទៀត​នៅ​អ៊ុយក្រែន ស្របពេល​មាន​ការប្រយុទ្ធ​ខ្លាំងក្លា​ដណ្ដើម​ក្រុង Soledar


រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​សេវា​សារព័ត៌មាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បង្ហាញ​ពី​នាយ​អគ្គសេនាធិការ​កងទ័ព​លោក Valery Gerasimov (ឆ្វេង) ពេល​ទៅ​ដល់​ទីតាំង​ដែល​គេ​មិន​ស្គាល់​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​សេវា​សារព័ត៌មាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បង្ហាញ​ពី​នាយ​អគ្គសេនាធិការ​កងទ័ព​លោក Valery Gerasimov (ឆ្វេង) ពេល​ទៅ​ដល់​ទីតាំង​ដែល​គេ​មិន​ស្គាល់​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។

ប្រទេស​រុស្ស៊ី​បាន​តែងតាំង​មេបញ្ជាការ​ថ្មី​សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន ស្រប​ពេល​ដែល​ក្រុម Wagner Group ដែល​ជា​កង​ទាហាន​ប៉ារ៉ា​ស៊ីឈ្នួល​របស់​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​នូវ​ក្រុង Soledar ដែល​ជា​ក្រុង​រោងចក្រ​អំបិល​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បើ​ទោះបីជា​កងទ័ព​អ៊ុយក្រែន​បាន​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​នៅ​មិន​ទាន់​ចប់​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu កាលពី​ថ្ងៃ​ពុធ​បាន​តែងតាំង​នាយ​អគ្គសេនាធិការ​កងទ័ព​លោក Valery Gerasimov ជា​មេបញ្ជាការ​ទូទៅ​សម្រាប់​អ្វី​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ហៅ​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ឈាន​ចូល​ដល់​ខែ​ទី ១១ របស់​ខ្លួន​ហើយ។

ការ​ផ្លាស់ប្ដូរ​នេះ​បាន​បញ្ចុះ​ឋានៈ​របស់​លោក​នាយ​ឧត្តមសេនីយ៍ Sergei Surovikin ដែល​ត្រូវ​បាន​តែងតាំង​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ឱ្យ​ដឹកនាំ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​នេះ​និង​មើល​ការ​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​ខ្លាំងក្លា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន។

ស្រប​ពេល​នេះ​ដែរ លោក Yevgeny Prigozhin ដែល​ជា​មេដឹកនាំ​នៃ​ក្រុម Wagner Group និង​ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា កង​កម្លាំង​របស់​លោក​បាន​ដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​លើ​ក្រុង Soledar និង​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ប្រហែល ៥០០ នាក់ បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​អាច​បញ្ជាក់អំពី​សេចក្ដី​រាយការណ៍​ដែល​ថា​ក្រុង Soledar បាន​ធ្លាក់​ក្នុង​ដៃ​របស់​រុស្ស៊ី​នោះ​ទេ។

ក្នុង​ពេល​កន្លង​ទៅ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ធ្លាប់​បាន​ចំអក​ដល់​ការ​អះអាង​ពី​មុន​របស់​ក្រុម Wagner Group ដែល​ថា​ ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​ក្រុង Soledar បាន​មួយ​ផ្នែក ប៉ុន្តែ​លោក Zelenskyy ​មិន​បាន​បញ្ចេញ​មតិ​ភ្លាមៗ​ណា​មួយ​លើ​ការ​អះអាង​នា​ពេល​ឥឡូវ​នេះ​របស់​ក្រុម​នេះ​ដែល​ថា ​ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​លើ​ក្រុង Soledar នោះ​ទេ៕

XS
SM
MD
LG