មន្ត្រីម្នាក់របស់រុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាកម្ទេចបាក់បែកមកពីដ្រូនអ៊ុយក្រែនមួយគ្រឿងដែលបានធ្លាក់ បានសម្លាប់មនុស្ស៣នាក់នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី។
លោក Vyacheslav Gladkov អភិបាលតំបន់នោះបាននិយាយតាមសារលើតេឡេក្រាមថា កម្ទេចបាក់បែករបស់ដ្រូននោះបានបំផ្លាញផ្ទះមួយខ្នង ហើយថា សាកសពមនុស្ស ៣ នាក់បានត្រូវគេរកឃើញពីគំនរបាក់បែក។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបង្អាក់ការវាយប្រហារដ្រូនរបស់អ៊ុយក្រែន ដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនមួយគ្រឿងនៅលើតំបន់ Belgorod។
តំបន់ Belgorod ជាតំបន់មួយរបស់រុស្ស៊ីដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបានវាយប្រហាររយៈពេលមួយយប់ដោយប្រើដ្រូនចំនួន ៣៣ គ្រឿងដែលដៅការវាយប្រហារលើតំបន់ជាច្រើន ហើយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានកម្ទេចដ្រូននោះ ២៨ គ្រឿង។
តំបន់រងការវាយប្រហារមួយនៃតំបន់រងការវាយប្រហារទាំងនោះ គឺតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនជាទីកន្លែងដែលពួកមន្ត្រីបានរាយការណ៍ពីការ ខូចខាតរចនាសម្ព័ន្ធកំពង់ផែនិងអគារដែលមានមនុស្សរស់នៅ។ មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរបានរងរបួស។
តំបន់ Odesa ជារឿយៗ ជាទីដៅនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters